• សង្វៀនទំពាំងស្នងឫស្សីគុនខ្មែរ នឹងបើកដំណើរការ ដើម្បីជួយឲ្យក្មេងៗ គ្មានឱកាស បានប្រកួតគ្នា
    ប្រដាល់ក្នុងស្រុក 1 month ago happybird

    ខណៈដែលសង្វៀនប្រដាល់ នៅតាមប៉ុស្តិ៍ផ្សេងៗ ជ្រើសរើសយកតែកីឡាករមានសមត្ថភាពល្អស្រាប់ យកទៅប្រកួត ទៅតាមការចង់បានរបស់ម្ចាស់ឧបត្ថម្ភនោះ គ្រូបង្វឹកប្រដាល់ លោក ឡុង សាលវ័ន្ត បានសម្រេចបើកឲ្យមានសង្វៀនប្រដាល់ថ្មីមួយ ជួយឲ្យអ្នកគ្មានឱកាសបានឡើងប្រកួត នៅតាមប៉ុស្តិ៍ ជាពិសេសក្មេងៗ បានឡើងប្រកួតគ្នា ដើម្បីជួយឲ្យពួកគេ មានមូលដ្ឋានកាន់តែច្បាស់លាស់ ក្នុងការឈានទៅក្លាយជាកីឡាករ មានសមត្ថភាពដ៏ពិតប្រាកដ នាថ្ងៃអនាគត។

    «ទំពាំងស្នងឫស្សីគុនខ្មែរ» គឺជាសង្វៀនប្រដាល់ថ្មី ដែលប្រធានក្លិបប្រដាល់សាលវ័ន្តកីឡា លោក ឡុង សាលវ័ន្ត បានបង្កើតឲ្យមានឡើង ហើយសង្វៀន ដែលមានទីតាំងស្ថិតនៅភូមិទំនុក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នឹងបើកការប្រកួតសាកល្បងជាលើកដំបូង នៅល្ងាចម៉ោង ៥:៣០ ថ្ងៃអាទិត្យនេះ។

    ជុំវិញការបង្កើតឲ្យមានសង្វៀនថ្មីនេះ លោក ឡុង សាលវ័ន្ត បានប្រាប់ថា៖ «សង្វៀនទំពាំងស្នងឫស្សីគុនខ្មែរនេះ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឱកាសឲ្យក្មេងៗ ដែលបានត្រឹមហ្វឹកហាត់ តែមិនទាន់មានឱកាសប្រកួតនៅតាមប៉ុស្តិ៍នោះ បានប្រកួតគ្នា ព្រោះក្មេងៗប្រៀបដូចជាទំពាំង ដែលត្រូវស្នងមរតកក្បាចគុនបុរាណខ្មែរ នៅពេលនៅពេលពួកគេក្លាយជាឫស្សី ប៉ុន្តែបើឫស្សីមិនល្អ ក៏មិនរឹងមាំនោះដែរ ហេតុនេះខ្ញុំត្រូវតែបើកសង្វៀននេះ ដើម្បីបណ្តុះបណ្តាលក្មេងៗឲ្យរីកដុះដាលបានល្អ»

    លោក ឡុង សាលវ័ន្ត ដែលធ្លាប់ជាក្មេងហាត់កីឡាកាយសម្ព័ន្ធ មុនវិវឌ្ឍខ្លួនជាអ្នកប្រដាល់គុខ្មែរនោះ បានប្រាប់បន្តថា៖ «បើក្មេង បានត្រឹមហ្វឹកហាត់ តែអត់មានការប្រកួត មិនរួចរីកចម្រើនទេ គឺដូចគ្នានឹងកាំបិតដែរ បើយើងបានតែសំលៀង ហើយយកទៅទុកចោល នឹងច្រែះចាប់ មិនមុតដូចគ្នា»

    សង្វៀនទំពាំងស្នងឬស្សីគុនខ្មែរ នឹងទទួលយកគ្រប់ក្មេងៗមកពីតាមបណ្តាក្លិបនានា ដើម្បីផ្តល់ឱកាសឲ្យពួកគេបានប្រកួតគ្នា ទៅតាមប្រភេទទម្ងន់របស់ខ្លួន ប៉ុន្តែសម្រាប់ការប្រកួតសាកល្បង នៅថ្ងៃអាទិត្យនេះ គឺមានការប្រកួតត្រឹម៣គូទេ ហើយប្រាក់តម្លៃខ្លួនក៏បានតិចដែរ អាចអ្នកឈ្នះអាចបាន៣ម៉ឺនរៀល និងអ្នកចាញ់បាន២ម៉ឺនរៀល។

    ជុំវិញបញ្ហានេះ លោក ឡុង សាលវ័ន្ត បាននិយាយថា៖ «ដោយសារសង្វៀននេះ ត្រូវបានបង្កើតឡើងដោយការស្ម័គ្រចិត្ត និងដោយការស្រឡាញ់ គឺមិនទាន់មានអ្នកគាំទ្រ ជួយឧបត្ថម្ភ អ៊ីចឹងយើងនឹងសាកល្បងឲ្យមានការប្រកួតត្រឹម៣គូសិន ទៅតាមលទ្ធភាព ដែលយើងអាចធ្វើទៅបាន រីឯប្រាក់តម្លៃខ្លួន ក៏មិនច្រើនដែរ ប៉ុន្តែបើសិនជាថ្ងៃក្រោយសង្វៀននេះ មានអ្នកជួយឧបត្ថម្ភច្រើន យើងនឹងរៀបចំឲ្យបានធំ គឺដូចគ្នាទៅនឹងការប្រកួតនៅតាមប៉ុស្តិ៍អ៊ីចឹងដែរ»

    លោក បានបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ និងក្រុមហ៊ុនឯកជន ដែលស្រឡាញ់គុនខ្មែរ មេត្តាចូលរួមជួយផ្តល់ការឧបត្ថម្ភដល់កីឡាករ ក៏ដូចជាកម្មវិធីប្រដាល់នេះ ដើម្បីយើងអាចរៀបចំការប្រកួតកាន់តែធំ និងមានលទ្ធភាពផ្តល់ប្រាក់តម្លៃខ្លួនដល់កីឡាករក្មេងៗរបស់យើងបានច្រើនជាងនេះ ព្រោះមានតែការរួបរួមជួយគ្នាទេ ទើបអាចជួយឲ្យក្មេងៗរបស់យើងមានមូលដ្ឋានគ្រឹះរឹងមាំ និងអាចក្លាយខ្លួនទៅជាកីឡាករ ដែលមានសមត្ថភាពដ៏ពិតប្រាកដ នាថ្ងៃអនាគត»

  • Loading...
  • Recent Posts