• មឿន សុខហ៊ុច និង ផល សោភ័ណ្ឌ ត្រូវប្រកួតដណ្តើមប្រាក់លាន នៅក្នុងព្រឹត្តិការណ៍ថ្មី
    ប្រដាល់ក្នុងស្រុក 1 month ago happybird

    អ្នកលេងទម្ងន់ជើង មឿន សុខហ៊ុច របស់ក្លិបពុទ្ធសេរិវង្សខណ្ឌពោធិ៍សែនជ័យ នឹងត្រូវប្រកួតដណ្តើមប្រាក់លាន ក្នុងព្រឹត្តិការណ៍ថ្មី «អាឡិចហ្សង់ដែនដីអ្នកប្រយុទ្ធគុនខ្មែរ» ជាមួយជើងខ្លាំងប្រចាំនៅក្លិបតាឡីដំរីមានរិទ្ធ ផល សោភ័ណ្ឌ នៅលើសង្វៀម CNC នារសៀលថ្ងៃសៅរ៍នេះ។

    ការជួបគ្នារបស់ជើងខ្លាំងទាំង២នេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្រវិស័យប្រដាល់ ព្រោះវាមិនត្រឹមតែជាការប្រកួតដណ្តើមប្រាក់លានចំនួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប្រកួត ដើម្បីប្រជែងយកតំណែងជើងខ្លាំង ក្នុងទម្ងន់៦៣,៥គីឡូក្រាមផងដែរ ព្រោះនៅក្នុងដំណាក់កាលប្រកួតបិទទ្វារ ក្នុងអំឡុងជំងឺកូវីដ១៩នេះ មឿន សុខហ៊ុច បានយកឈ្នះលើជើងខ្លាំង ក្នុងទម្ងន់នេះ អស់ទៅហើយ។

    កុំថាឡើយត្រឹម សួន ចាន់នី (សូត្រ ប៊ុនធី) ឡុង សំណាង, យ៉េន ឌីណា, ឈាន ហុង ដែលបានចាញ់ក្រោមទម្ងន់ជើង មឿន សុខហ៊ុច គឺសូម្បីតែជើងខ្លាំង និងជាម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ឡៅ ចិត្រ្តា ក៏បានចាញ់ក្រោមទម្ងន់ជើង សុខហ៊ុច ដែរ ហើយថែមទាំងមានរបួសប្រេះប្រអប់ដៃ មិនទាន់ជាសះស្បើយទៀតផង។

    ការបរាជ័យរបស់ជើងខ្លាំង ក្នុងទម្ងន់៦៣,៥គីឡូក្រាម ទាំងប៉ុន្មានរូបខាងលើនេះ បានបង្ហាញឲ្យឃើញថា នៅកម្ពុជា កីឡាករមានសមត្ថភាពខ្លាំង ក្នុងប្រភេទទម្ងន់នេះ គឺនៅសល់តែ ផល សោភ័ណ្ឌ នេះទេ ដែលមិនទាន់ចាញ់ មឿន សុខហ៊ុច ខណៈម្ចាស់មេដាយមាសស៊ីហ្គេម ឃីម ឌីម៉ា ដែលធ្លាប់ឈ្នះ មឿន សុខហ៊ុច កន្លងមកនោះ នៅមិនទាន់អាចវិលមកកាន់សង្វៀននៅឡើយទេ ព្រោះមិនទាន់ព្យាបាលរបួស និងជំងឺ បានជាសះស្បើយ១០០ភាគរយ។

    តាមការអះអាងរបស់អ្នករៀបចំ និងម្ចាស់ឧបត្ថម្ភកម្មវិធីប្រកួតអាឡិចហ្សង់ដែនដីអ្នកប្រយុទ្ធគុនខ្មែរនេះ បានឲ្យដឹង រវាង មឿន សុខហ៊ុច និង ផល សោភ័ណ្ឌ គឺអ្នកឈ្នះ នឹងទទួលបានប្រាក់រង្វាន់២លានរៀល បន្ថែមទៅលើប្រាក់តម្លៃខ្លួន ដែលទទួលបានស្មើនឹងការប្រកួតអន្តរជាតិ។ ហេតុនេះជំនួបរវាងអ្នកទាំង២ គ្មានករណីបន្ធូដៃនោះទេ គឺត្រូវតែខំប្រឹងរៀងៗខ្លួន ដើម្បីយកឈ្នះ ហើយទាំងខាង CNC និងក្រុមហ៊ុនស្រាអាឡិចហ្សង់ ក៏ចង់ឃើញកម្មវិធីថ្មីរបស់ខ្លួន មានការប្រកួតយ៉ាងស្វិតស្វាញ និងវ៉ៃគ្នាអស់ពីចិត្តផងដែរ។

    តាមការចង់បានរបស់ CNC និងម្ចាស់ឧបត្ថម្ភនេះ លោក និន ភិរម្យ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុខខ្មែរ បានថ្លែង ក្នុងសន្នសិទកាសែត បើកម្មវិធីប្រកួតថ្មីនេះ កាលពីថ្ងៃចន្ទថា៖ «ខ្ញុំសូមអំពាវនាវដល់សមាមគ-ក្លិបទាំងអស់ ដែលមានកីឡាករក្នុងដៃ ត្រូវប្រមូលផ្តុំហ្វឹកហាត់ឲ្យបានត្រឹមត្រូវឡើងវិញ នឹងជំរុញឲ្យកីឡាកររបស់ខ្លួន ត្រូវខិតខំប្រកួតឲ្យអស់ពីសមត្ថភាពក្រោមឆន្ទៈ និងសម្ទះប្រយុទ្ធដ៏ល្អ ដើម្បីធ្វើឲ្យកម្មវិធីនេះ មានការប្រកួតនៅតែកក្រើក និងទទួលបានការគាំទ្រខ្លាំង»

  • Loading...
  • Recent Posts