• ឡុង សុវណ្ណឌឿន ប្តេជ្ញាមិនឲ្យសន្លប់ជាលើកទី២ ក្រោមស្នាដៃ វង្ស វិឆ័យ
    ប្រដាល់ | ប្រដាល់ក្នុងស្រុក 1 month ago happybird

    អ្នកប្រដាល់ ដែលជាពិធីករ ឡុង សុវណ្ណឌឿន បានតាំងចិត្តថា រូបគេ នឹងមិនយកភាពហ្មងសៅពីខាងក្រៅ ទៅដាក់សម្ពាធលើខ្លួនឯង នៅពេលប្រកួតសងសឹកជាមួយ វង្ស វិឆ័យ ជាលើកទី២ នៅលើសង្វៀន CNC នាថ្ងៃល្ងាចសៅរ៍នេះ ដូចកាលជួបគ្នា លើកទី១ កន្លងមកនោះទេ។

    ឡុង សុវណ្ណឌឿន បានចាត់ទុកការចាញ់ដោយសន្លប់ ក្នុងទឹកទី៤ ក្រោមស្នាដៃ វង្ស វិឆ័យ ក្នុងជំនួប នៅសង្វៀន CNC កាលពីខែមេសា ថា ជាការចាញ់ ដែលកើតឡើងដោយសាររូបគេប្រកួតដោយ «គ្មានអារម្មណ៍ក្នុងខ្លួន» ព្រោះពេលនោះ រូបគេមានការមិនសប្បាយចិត្តនឹងអ្នកគាំទ្រមួយចំនួន ដែលតែងតែរិះគន់ថា កីឡាករវាយលំៗ យកតែតម្លៃខ្លួន អត់ល្អមើល ហើយគ្រានោះ សុវណ្ណឌឿន ក៏មានបញ្ហា នៅក្នុងគ្រួសារ និងមុខរបររបស់ខ្លួនផងដែរ។

    សិស្សគណក្លិបសាលវ័ន្តកីឡារូបនេះ បានរំឭកថា៖ «ការប្រកួតកាលនោះ ខ្ញុំប្រកួតដោយគ្មានអារម្មណ៍ក្នុងខ្លួន និងមិនសប្បាយចិត្ត ហេតុនេះខ្ញុំបានវាយដោយមិនប្រើបច្ចេកទេសស្ទាបស្ទង់ទៅលើគូប្រកួតទេ គឺចូលវាយលុកបែបប្រតៃប្រតប់ ទៅតាមកម្លាំង និងតាមការចង់បានរបស់អ្នកគាំទ្រ ព្រោះខ្ញុំចង់បង្ហាញឲ្យអ្នករិះគន់មកលើកីឡាករថា ការវាយលុកទៅតាមអ្វីដែលពួកគាត់ចង់បានបែបនោះ វាមិនល្អទេ គឺវាមិនមែនជារបៀបនៃការប្រកួតក្បាច់គុនខ្មែរឡើយ»

    យ៉ាងណាមិញ សម្រាប់ការវិលមកជួប វង្ស វិឆ័យ លើកនេះ ឡុង សុវណ្ណឌឿន ក៏ហ៊ានអួតថា រូបគេនឹងវ៉ៃឲ្យបានខ្លាំង ដើម្បីយកឈ្នះលើ វង្ស វិឆ័យ ដើម្បីឲ្យស័ក្តិសម ជាការប្រកួតសងសឹកនោះដែរ ប៉ុន្តែកីឡាករមានមុខរបរលក់តាមអនឡាញរូបនេះ បានប្តេជ្ញាចិត្តថា គេមិនអាចសន្លប់ជាលើកទី២នោះទេ។

    ឡុង សុវណ្ណឌឿន បាននិយាយថា៖ «ខ្ញុំមិនសូវចាប់អារម្មណ៍លើលទ្ធផលឈ្នះចាញ់ប៉ុន្មានឡើយ សំខាន់ខ្ញុំដឹងខ្លួនឯង១០០ភាគរយថា ត្រូវតែប្រកួតឲ្យអស់ពីសមត្ថភាព ចំណែកលទ្ធផលយ៉ាងណានោះ វាអាស្រ័យទៅលើការប្រកួតជាក់ស្តែង នៅលើសង្វៀន ព្រោះខ្ញុំអត់អាចសន្និដ្ឋានថា ខ្ញុំត្រូវតែឈ្នះនោះទេ ដោយសារនេះជាអំឡុងជំងឺកូវីដ១៩ អ៊ីចឹងការហ្វឹកហាត់របស់ខ្ញុំ មិនបានដិតដល់នៅក្លិបទេ គឺខ្ញុំហាត់នៅផ្ទះ និងបង្ហាត់ក្មេងៗផង ដូច្នេះការប្រកួតរបស់ខ្ញុំ អាចបានត្រឹមមធ្យម គឺមិនបានខ្លាំងដូចការប្រកួតដណ្តើមពាន ឬខ្សែក្រវាត់នោះទេ»។
    ទោះបីជាយ៉ាងណា ឡុង សុវណ្ណឌឿន បានបញ្ជាក់ថា៖«ការប្រកួតលើកនេះ ខ្ញុំបានតាំងចិត្តហើយថា ប្រហែលជាខ្ញុំមិនឲ្យចាញ់ជាលើកទី២ ដោយការសន្លប់ទៀតនោះទេ ហើយខ្ញុំក៏មិនប្រាកដថា ខ្ញុំនឹងឈ្នះគេ១០០ភាគរយនោះដែរ ប៉ុន្តែខ្ញុំក៏បានតាំងចិត្ត១០០ភាគរយថា ខ្ញុំក៏មិនចាញ់នោះដែរ»

    ចំណែក វង្ស វិឆ័យ មិនអាចទាក់ទងបានទេ ប៉ុន្តែតាមសមត្ថភាពប្រកួតរបស់ វង្ស វិឆ័យ វានៅតែធ្វើឲ្យ ឡុង សុវណ្ណឌឿន មានការលំបាក ព្រោះកីឡាកររបស់ក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១រូបនេះ នៅក្មេង មានកម្លាំងរឹងមាំ ហើយរូបគេ មានទម្លាប់វាយលុកដោយប្រើកណ្តាប់ដៃ បុកជង្គង់ និងទាត់ ហេតុនេះបើសិនជា សុវណ្ណឌឿន ហ្វឹកហាត់បានតិច គឺគេអាចនឹងជួបបញ្ហាធ្លាក់កម្លាំង និងទន់ជ្រាយនៅចុងទឹក ក៏ថាបាន៕

  • Loading...
  • Recent Posts