• ក្របខ័ណ្ឌលីក ព័រទុយហ្គាល់ វិលទៅប្រកួតវិញ ខណៈ Porto ចាញ់ថ្ងៃបើកឆាក
    បាល់ទាត់អន្តរជាតិ 1 month ago happybird

    ក្របខ័ណ្ឌព័រទុយហ្គាល់ Primeira Liga បានក្លាយជាក្របខ័ណ្ឌទី២របស់អឺរ៉ុប ដែលបានវិលទៅប្រកួតវិញកាលពីថ្ងៃពុធ ក្រោយពីការផ្អាកដោយសារតែវិរុសកូរ៉ូណា ខណៈដែលក្រុមកំពុងតែនាំមុខ Porto បានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Famalicao។

    បើទោះបីការប្រកួតនេះ ត្រូវបានរៀបចំឡើងនៅកីឡដ្ឋានដែលគ្មានអ្នកទស្សនាក៏ដោយ អ្នកគាំទ្រជច្រើនរបស់ក្លិប Porto បានធ្វើដំណើរទៅប្រមូលផ្តុំគ្នានៅខាងក្រៅកីឡដ្ឋាន។ ទោះបីជាយ៉ាងណា ពួកគេបានជួបការខកចិត្ត ខណៈដែលក្តីសង្ឃឹមនៃការប្រជែងដណ្តើមពានរបស់ក្រុមខ្លួន កំពុងតែស្ថិតក្នុងភាពមិនច្បាស់។

    ក្រុមឈរលេខ២ Benfica ដែលកំពុងតែដេញតាមពីក្រោយក្រុម Porto ១ពិន្ទុ អាចឡើងទៅឈរលើកំពូលតារាង នៅថ្ងៃព្រហស្បតិ៍ នៅពេលដែលក្រុមម្ចាស់ការពារជើងឯកមួយនេះ ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Tondela។

    ក្រុមទើបឡើងមកពីក្របខ័ណ្ឌលំដាប់ទី២ Famalicao បាននាំមុខលើកំពូលតារាង កាលពីដើមរដូវកាលនេះ នៅមុនពេលការធ្លាក់ចុះទម្រង់លេងជាបន្តបន្ទាប់ ប៉ុន្តែ ពួកគេបានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៥វិញ ដោយដេញតាមពីក្រោយក្រុមឈរលេខ៤ Sporting Lisbon ចំនួន២ពិន្ទុ។

    កីឡាករ Fabio Martins បានរកគ្រាប់បាល់បើកឆាក សម្រាប់ក្រុមម្ចាស់ផ្ទះ នៅនាទី ទី៤៨ នៅមុនពេលក្រុម Porto បានរកគ្រាប់បាល់តាមស្មើវិញនៅរយៈពេល១៦នាទីចុងក្រោយ ប៉ុន្តែ Famalicao នៅតែអាចរកបានគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត៕

    ប្រភពព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts