• ក្រុមជម្រើសជាតិថ្នាល មួយចំនួន បានចាប់ផ្តើមប្រមូលផ្តុំជាថ្មី ក្រោយមានភ្លើងខៀវពីក្រសួង
    កីឡាផ្សេងៗ 1 month ago happybird

    សហព័ន្ធកីឡាជាតិមួយចំនួន ក្នុងចំណោមសហព័ន្ធកីឡាទាំង៣២ បានចាប់ផ្តើមធ្វើការប្រមូលផ្តុំហ្វឹកហាត់ក្រុមថ្នាលជម្រើសជាតិរបស់ខ្លួន ជាបណ្តើរៗវិញហើយ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាករ បានបើកភ្លើងខៀវ ឲ្យមានការប្រមូលផ្តុំជាថ្មី ក្រោយពីបានផ្អាកមួយរយៈ ដោយសារវិវបត្តិការរីករាលដាលជំងឺកូវីដ១៩នោះ។

    បើតាមប្រភពច្បាស់ការ បានឲ្យដឹងថា កីឡាចំបាប់ វាយសី សូហ្វតិន្នីស គុនដាវ ប្រដាល់សកល កាយសម្ព័ន្ធ និងប្រភេទកីឡាមួយចំនួន បានចាប់ផ្តើមធ្វើការប្រមូលផ្តុំវិញហើយ ចំណែកសហព័ន្ធកីឡាជាតិមួយចំនួនទៀត ក៏នឹងវិលមកហ្វឹកហាត់រួមគ្នា នៅសប្តាហ៍នេះដែរ ប៉ុន្តែការប្រមូលផ្តុំនេះ តម្រូវឲ្យសហព័ន្ធកីឡាជាតិនីមួយៗ ត្រូវបាញ់ថ្មាំសម្លាប់មេរោគ ព្រមទាំងប្រកាន់ភ្ជាប់នូវលក្ខខណ្ឌសុវត្តិភាពមួយចំនួនទៀត ដើម្បីធានាបានថា កន្លែងហ្វឹកហាត់ មិនមែនជាកន្លែងឆ្លងជំងឺកូវីដ១៩ រលកទី២ឡើយ។

    ជុំវិញការដាក់ឲ្យមានការប្រមូលផ្តុំក្រុមថ្នាលឡើងវិញនេះ លោក ប៉ុន សុខ នាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «យោងតាមការណែនាំរបស់ក្រសួងអប់រំ យើងបានចាប់ផ្តើមប្រមូលផ្តុំជាបណ្តើរៗ នូវក្រុមថ្នាល ហើយសប្តាហ៍ក្រោយ នឹងមានការប្រមូលផ្តុំ បានពេញលេញ ឬច្រើនសហព័ន្ធកីឡា។ ចំណែកក្រុមធំជម្រើសជាតិ យើងនៅរង់ចាំសភាពការណ៍ ឬក្រសួងជំនាញ ណែនាំសិន»

    ចំណែកលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រាប់ថា៖ «ក្រុមថ្នាលចំបាប់ទាំង១៥នាក់(ស្រី៤នាក់) បានធ្វើការប្រមូលផ្តុំហ្វឹកហាត់រួមគ្នាវិញ កាលពីថ្ងៃចន្ទ បន្ទាប់ពីខាងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅកន្លែងហ្វឹកហាត់ ហើយយើងក៏បានអនុវត្តិទៅតាមវិធានការពារមួយចំនួន ដែលក្រសួងបានដាក់ចេញ ដើម្បីការពារ ការឆ្លងជំងឺកូវីដ១៩ ផងដែរ»

    លោក ធិន វិចិត្រ បានបន្ថែមថា នៅក្នុងពេលដែលក្រសួង ឲ្យសម្រាកនៅតាមផ្ទះនោះ ក្រុមថ្នាលចំបាប់ បានហ្វឹកហាត់ជាប្រចាំ ដោយសារតែអត្តពលិក១២នាក់ ជាក្មេងរស់នៅវិហារសួគ៌ដូចគ្នា ខណៈ៣នាក់ទៀត នៅខេត្តកំពង់ឆ្នាំង។ យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា៖ «ការហ្វឹកហាតនៅតាមផ្ទះ អាចជួយឲ្យពួកគេរក្សាបាននូវកម្លាំយកាយជាធម្មតា ប៉ុន្តែបច្ចេកទេសលើទីលាន បាត់ច្រើន អ៊ីចឹងយើងត្រូវតែធ្វើការពង្រឹងឡើងវិញ»

    គួររំឭកថា ប្រភេទកីឡាទាំង៣២ប្រភេទ ដែលក្រសួងអប់រំ អនុញ្ញាតឲ្យមានការប្រមូលផ្តុំនៅឆ្នាំ២០២០នេះ រួមមានបាល់ទាត់ (U19 និងU16) តេក្វាន់ដូ WT ប៉េតង់ ហែលទឹក បាល់បោះ ចំបាប់ អត្តពលកម្ម បាល់ទះ(ក្នុងសាល និងឆ្នេរខ្សាច់) ប្រដាល់សកល សីដក់ វាយកូនបាល់ វូស៊ូ កាយសម្ព័ន្ធ ប្រណាំងទោចក្រយាន គុនដាវ តេក្វាន់ដូ ITF វាយកូនឃ្លីលើតុ វាយសី សូហ្វតិន្នីស សូរីនហ្សិកាំប៉ូ ទ្រីយ៉ាត្លុង ការ៉ាតេ ទូកប្រពៃណី និងអន្តរជាតិ វ៉ូវីណាម យូដូ គុនល្បុក្កតោ ប្រដាល់គុនខ្មែរ ទូកក្តោង វាយកូនគោល កីឡារាំ ជិះសេះ និងកីឡាជឺជីតស៊ូ ដោយក្នុងនោះកីឡាករ២៩០នាក់ កីឡាការរិនី១០៨នាក់ គ្រូបង្វឹក៧៧នាក់ និងអនុរក្ស៣៤នាក់ សរុប៥០៩នាក់៕

  • Loading...
  • Recent Posts