• ម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ វីរកីឡាការិនី កែ ឡេង ប្រកាសចូលនិវត្តន៍ ព្រោះហេតុផល ២យ៉ាង
    កីឡាផ្សេងៗ 1 month ago happybird

    (ភ្នំពេញ)៖ វីរកីឡាការិនីប៉េតង់ឆ្នើមកម្ពុជា កែ ឡេង ម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ជាប់ៗគ្នា បានប្រកាសចូលនិវត្តន៍ហើយ ក្រោយប្រឡូកអាជីពជាកីឡាការិនីប៉េតង់ជិត ៣០ឆ្នាំដោយសារមូលហេតុ ២យ៉ាង គឺកត្ដាអាយុ និងការងារនៅអង្គភាពក្រោមចំណុះក្រសួងការពារជាតិ។

    ថ្លែងប្រាប់អង្គភាពព័ត៌មាននារសៀលថ្ងៃសុក្រនេះ លោកស្រី កែ ឡេង បានបញ្ជាក់ថា៖ «ជាការពិត ខ្ញុំបានសុំសម្រាកពីការហ្វឹកហាត់ហើយ ព្រោះកម្លាំងខ្ញុំមិនអាចស៊ូទ្រាំទៀតបាន ដោយសារវ័យកាន់តែច្រើនហើយ។ ណាមួយខ្ញុំក៏ចង់យកពេលរស់នៅជួបជុំគ្រួសារ និងបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា។ នេះទី១ រីឯទី២ ការងារកន្លែងបង ក៏គេឲ្យយើងចូលដល់នាយករង ចឹងយើងត្រូវមានការរវល់ច្រើន បើយើងយកពេលវេលាមកហ្វឹកហាត់ទៀត ក្រែងបែងចែកទៅ ធ្វើឲ្យអារម្មណ៍អត់មូល»

    ជុំវិញការប្រកាសចូលនិវត្តន៍ពីកីឡាការិនីប៉េតង់អាជីពនេះដែរ លោកស្រីថា ធ្លាប់បានជូនដំណឹងតាមរយៈគ្រូបង្វឹកក្រុមជម្រើសជាតិលោក សុខ ម៉ុង ហើយ។ ប៉ុន្ដែទោះមិនបានលេងតំណាងជាតិ ក៏លោកស្រីត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមបណ្ដុះបណ្ដាល និងចែកបទពិសោធន៍ដល់កីឡាករ-កីឡាការិនីជំនាន់ក្រោយ ប្រសិនបើក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ផ្ដល់ឱកាសឲ្យលោកស្រីធ្វើជាគ្រូដែរ។

    វីរកីឡាការិនីវ័យ ៥៧ឆ្នាំរូបនេះបន្ដថា៖ «ទោះបីខ្ញុំឈប់ហាត់ ឬប្រកួត តែខ្ញុំអត់បោះបង់ចោលកីឡាប៉េតង់ទេ ជាក់ស្ដែងឥឡូវខ្ញុំក៏បានបណ្ដុះបណ្ដាលកូនសិស្ស ហើយបើសិនជាខាងសហព័ន្ធ និងក្រសួងអប់រំ ផ្ដល់ឱកាសឲ្យខ្ញុំធ្វើជាគ្រូ ក៏ខ្ញុំរីករាយបន្ដធ្វើ និងរួមចំណែកអភិវឌ្ឍកីឡានេះបន្ដទៀត»។ លោកស្រីបន្ថែមថា «ខ្ញុំជឿជាក់ថា ប្អូនៗជំនាន់ក្រោយ ក្រោយអត់ពីខ្ញុំទៅ ពួកគេនឹងខិតខំប្រឹងប្រែង ដើម្បីឈានទៅប្រកួតប្រជែងដណ្ដើមមេដាយអន្ដរជាតិគ្រប់កម្រិតជូនជាតិមាតុភូមិ»

    សូមរំឮកថា លោកស្រី កែ ឡេង បានផ្ដើមលេងកីឡាដំបូង គឺកីឡាបាល់ទះ តាំងឆ្នាំ១៩៨៦ រហូតដល់ឆ្នាំ១៩៩៣ ទើបលោកស្រីប្ដូរមកលេងកីឡាប៉េតង់ មកទល់បច្ចុប្បន្ន ហើយរយៈពេលជិត ៣០ឆ្នាំមកនេះ លោកស្រីបានសាងស្នាដៃជូនជាតិជាច្រើន តាមរយៈការដណ្ដើមមេដាយមាស ប្រាក់ និងសំរឹទ្ធ ដ៏ច្រើនស្ទើររាប់ភ្លេច ពិសេសសមិទ្ធផលដ៏ធំជាងគេ គឺការដណ្ដើមបានមេដាយមាសពិភពលោក ៤ជំនាន់ជាប់ៗគ្នា លើវិញ្ញាសាវាយយកពិន្ទុ កាលពីឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលជាកំណត់ត្រាពិភពលោក ដ្បិតមិនទាន់មានកីឡាការិនីអន្ដរជាតិណាម្នាក់ធ្វើបានឡើយ៕

    អត្ថបទ៖ Fresh News

  • Loading...
  • Recent Posts