• សូមត្រេកអរជំនួស Bro! ស៊ន សៀវម៉ី សន្យាថា «មិនប្រើក្បាច់គុនដាក់ប្ដី» ក្រោយរៀបការរួច
    ជីវិត&សង្គម 1 month ago happybird

    (ភ្នំពេញ)៖ ពិធីភ្ជាប់ពាក្យម្ចាស់មេដាយមាសកីឡាអាស៊ី ស៊ន សៀវម៉ី ជាមួយលោក កែវ ដេវីត កាលពីម្សិលមិញ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ទាំងលើបណ្ដាញសង្គម និងមហាជនទូទៅ និងអមដោយសារអបអរសាទរជាច្រើន ហើយខណៈមានអ្នកខ្លះក៏ចង់ដឹងពីប្រវត្តិស្នេហ៍រវាងអ្នកទាំងពីរ និងរឿងរ៉ាវក្រោយរៀបការរួចផងដែរ។

    ឆ្លើយតបនឹងចម្ងល់ខាងលើ កីឡាការិនី ស៊ន សៀវម៉ី បានថ្លែងប្រាប់អង្គភាព ផ្នែកកំសាន្ត នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះថា មុនឈានដល់ពិធីភ្ជាប់ពាក្យ គឺពួកគេបានស្គាល់គ្នា ១ឆ្នាំមកហើយ ដោយផ្ដើមឡើងនៅកន្លែងហាងថតស្ពតមួយកន្លែង ពោលគឺអនាគតកូនកំលោះរបស់នាងជាជាងថតរូបផ្ទាល់ឲ្យនាងតែម្ដង។ តែអ្វីដែលប្លែក ពេលជួបគ្នាដំបូង អនាគតកូនកម្លោះរបស់ម្ចាស់មេដាយមាសស៊ីហ្គេម ៣សម័យរូបនេះ មិនបានស្គាល់ថា សៀវម៉ី ជានរណាឡើយ តែដោយមានការណែនាំប្រាប់ពីក្រុមការងាររបស់លោក កែវ ដេវីត ជាគូដណ្ដឹង ទើបផ្ដើមឲ្យពួកគេមានទំនាក់ទំនងជាមួយគ្នា តាំងពីថ្ងៃនោះមក។

    កីឡាការិនីមានសម្រស់មិនចាញ់តារាល្បីដដែលរូបនេះបន្ថែមថា ចំពោះការសម្រេចពាក់ចិញ្ចៀនភ្ជាប់ពាក្យនេះដែរ កើតឡើងដោយសារការស្រឡាញ់ចិត្ត និងចិត្ត មិនមានការផ្សំផ្គុំពីចាស់ទុំនោះទេ បន្ទាប់ពីអ្នកទាំងពីរ បានស្វែងយល់ចិត្តគ្នាបានច្រើន។ ម្យ៉ាងក៏មិនអាស្រ័យលើរឿងលុយកាក់ អ្នកមានអ្នកក្រដែរ គឺអាស្រ័យលើសាមីខ្លួនទាំងពីរ និងគ្រួសារទាំងសងខាងព្រមព្រៀងគ្នា។

    ស៊ន សៀវម៉ី និយាយថា «ចំណងស្នេហ៍មួយនេះផ្ដើមចេញពីចិត្ត និងចិត្ត បន្ទាប់មកទើបពួកខ្ញុំប្រាប់ម៉ាក់-ប៉ាទាំងសងខាងឲ្យដឹង…។ ខ្ញុំគិតថា ការជ្រើសរើសគូស្រកនេះ លុយមិនមែនជម្រើសទី១ ខ្ញុំត្រូវមើលទេ ព្រោះពេលខ្លះ យើងអត់អាចរស់នៅជាមួយលុយដោយគ្មានក្ដីសុខបានទេ។ និយាយទៅខ្ញុំបានស្វែងយល់ចិត្តគ្នាបានច្រើន ហើយពេលខ្ញុំទៅគ្រួសារខាងគាត់ ក៏ពេញចិត្ត ពេលគាត់មកគ្រួសារខ្ញុំ ម៉ាក់ និងបងប្អូនខ្ញុំ សុទ្ធតែពេញចិត្ដទាំងអស់»

    ដោយឡែកឆ្លើយនឹងសំណួរដែលមហាជនមានចម្ងល់ បារម្ភខ្លាចថាពេលមានបញ្ហាក្រោយរៀបការ ក្នុងនាមជាអ្នកចេះក្បាច់គុនវ៉ែទាត់ធាក់អ៊ីចឹង តើ សៀវម៉ី នឹងរំសាយកំហឹងដូចម្ដេច ចំពោះស្វាមី ពេលខឹងប្ដីម្ដងៗ?

    សៀវម៉ី បានឆ្លើយលាយឡំនឹងសំណើចថា «អូបង! អត់ទេ ឥឡូវគេមិនឲ្យមានហិង្សាក្នុងគ្រួសារទេ ហើយម្សិលមិញ ខ្ញុំក៏បានមើល Comment ជាច្រើនពាក់ព័ន្ធនឹងសំណួរនេះដែរ ហើយខ្ញុំនិងគូដណ្ដឹងក៏អស់សំណើចដូចគ្នា (សើច…) ។ និយាយទៅអត់ទេបង! យើងប្រើកម្លាំងតែក្នុងការប្រកួតកីឡាទេ តែក្នុងគ្រួសារអត់ទេ»

    ពាក់ព័ន្ធគម្រោងរៀបការវិញ កីឡាការិនីកម្ពស់ ១.៨៣ម៉ែត្ររូបនេះបញ្ជាក់ថា ប្រហែលរៀបចំនៅឆ្នាំក្រោយ ក្រោយស្ថានភាពជំងឺកូវីដ១៩បានធូរស្បើយ។ ទន្ទឹមជាមួយគ្នានេះ នាងក៏មានភាពស្រពេចស្រពិល ចំពោះអាជីពតេក្វាន់ដូដែរ ដ្បិតនាងមានគោលដៅចង់រកស៊ី ក្រោយចូលនិវត្តន៍ពីកីឡា។ តែយ៉ាងណានាងរង់ចាំមើលពេលវេលាជាក់ស្ដែង ព្រោះអាពាហ៍ពិពាហ៍រវាងពួកគេទាំងពីរ មិនទាន់ច្បាស់ថាឆ្នាំក្រោយ ឬបន្តបន្ទាប់ក្រោយមួយទៀតនៅឡើយ ស្របពេលឆ្នាំ២០២១ នឹងមានស៊ីហ្គេម នៅវៀតណាម។

    សៀវម៉ី បន្ដថា «និយាយរួមការស្រឡាញ់ និងចង់បន្ដអាជីពកីឡាតេក្វាន់ដូ គឺមានច្រើនជាងការចង់ឈប់ទៅប្រកបរបររកស៊ី តែគ្រាន់តែថា ខ្ញុំអាយុច្រើនដែរហើយ ខ្ញុំចាំមើលជាក់ស្ដែងថា ឆ្នាំក្រោយហ្នឹង យ៉ាងម៉េច ព្រោះពេលខ្លះ យើងចង់តែយើងអាយុច្រើន ហើយខ្សោយ យើងចាស់ជាងមុនក៏ពិបាកដែរ ដូចដឹងហើយពេលហាត់ ឬប្រកួត ខ្ញុំក៏ត្រូវប្រើកម្លាំងច្រើនដែរ គ្រាន់តែថាចិត្តខ្ញុំនៅតែចង់ច្រើនអ៊ីចឹង»

    «ក្រោយបញ្ចប់អាជីពកីឡាតេក្វាន់ដូ ខ្ញុំប្រហែលជាទៅរកស៊ីក្រៅ គ្រាន់តែថា ក្នុងនាមយើងធ្លាប់ជាកីឡាករតំណាងជាតិ និងស្រឡាញ់កីឡានេះ ខ្ញុំនៅតែចូលរួមបំផុសបំផុល ឲ្យមានការចូលរួមលេងកីឡានេះឲ្យបានច្រើន។ ម្យ៉ាងខ្ញុំក៏ចង់ទុកឱកាសឲ្យប្អូនៗក្រោយៗ ដែលមានសមត្ថភាព បានចូលរួមការប្រកួតអន្ដរជាតិផ្សេងៗដែរ…។ ចំពោះស៊ីហ្គេម បើខ្ញុំអាចយកមេដាយជូនជាតិបាន ខ្ញុំនៅតែបន្ដជួយយកមេដាយជូនជាតិ ទោះបីខ្ញុំមានការងារខាងក្រៅ ព្រោះខ្ញុំមានមោទនភាព ពេលបានប្រកួតតំណាងជាតិម្ដងៗ»។ សៀវម៉ី បន្ថែម។

    សូមបញ្ជាក់ថា ស៊ន សៀវម៉ី ជាកីឡាការិនីតេក្វាន់ដូកម្រិតប្រវត្តិសាស្ដ្ររបស់កម្ពុជា ក្រោយនាងត្រូវបាន ប្រមុខរាជរដ្ឋាភិបាល ប្រសិទ្ធនាមជាវីរកីឡាការិនី បន្ទាប់ពីកញ្ញាកែប្រែប្រវត្តិសាស្ត្រ ដណ្តើមបានមេដាយមាសកីឡាស៊ីហ្គេម កាលពីឆ្នាំ២០១៤ នៅប្រទេសកូរ៉េ។ នាងក៏ជាកីឡាការិនីកម្ពុជាដំបូង ដែលទទួលបានសិទ្ធចូលរួមព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០១៦ នៅប្រេស៊ីល និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣សម័យកាលផងដែរ៕

    អត្ថបទ៖ Freshnews

  • Loading...
  • Recent Posts