• គណៈកម្មការជំនាញ២ ត្រូវបានហៅឲ្យមកធ្វើបទបង្ហាញ ពីសកម្មភាពការងារ ត្រៀមឆ្ពោះទៅស៊ីហ្គេម នៅកម្ពុជា
    កីឡាផ្សេងៗ 1 month ago happybird

    គណៈកម្មការជំនាញចំនួន២ ត្រូវបានថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ (CAMSOC) កោះហៅឲ្យមកធ្វើបទបង្ហាញ ក្នុងអង្គប្រជុំ កាលពីព្រឹកថ្ងៃអង្គារនេះ ដើម្បីរាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន គឺធ្វើយ៉ាងម៉េច ត្រូវពន្លឿនការងាររបស់ខ្លួន ឲ្យស្របទៅតាមផែនការមេ ដើម្បីកុំឲ្យមានការរាំងស្ទុះ ដល់ដំណើរឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ជាប្រវត្តិសាស្រ្តរបស់កម្ពុជា នៅឆ្នាំ២០២៣។

    គណៈកម្មការជំនាញទាំង២ ដែលត្រូវបានហៅឲ្យមកធ្វើបទបង្ហាញនេះ គឺ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ព្រមទាំងគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ហើយនៅក្នុងអង្គប្រជុំ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោន ខុន ដែលជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានថ្លែងថា គណៈកម្មការជំនាញទាំង២ ត្រូវធ្វើដំណើរចេញមុនគេ។

    នៅក្រោយអង្គប្រជុំនោះ លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ CAMSOC បានធ្វើការសង្ខេបខ្លឹមសារជារួមថា៖ «នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈអចិន្ត្រៃយ៍ CAMSOC នេះ ឯកឧត្តមបណ្តិត ថោង ខុន បានអនុញ្ញាតឲ្យប្រធានគណៈកម្មការជំនាញចំនួន២ មកធ្វើបទបង្ហាញពីផែនការរបស់ខ្លួន ដើម្បីឆ្លងជូន និងសម្រេចពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC»

    លោកបានបន្តថា៖«អ្វីដែលជាការកត់សម្គាល់ឃើញថា៖ «ក្រោយពីបានស្តាប់បទបង្ហាញរបស់ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ជាប្រធាន គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ និងគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា គឺគាត់បានធ្វើការប្រមាណ៦០ ទៅ ៧០ភាគរយ ហើយ ហើយអង្គប្រជុំបានវាយតម្លៃថា យើងមានវឌ្ឍនភាព និងបានពន្លឿនលើកិច្ចការរបស់គណៈកម្មការជំនាញទាំង២នេះហើយដែរ ដោយគណៈកម្មការជំនាញ២នេះ ត្រូវចេញដំណើរមុនគេ ដើម្បីធ្វើសកម្មភាពការងារ ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»

    ជាមួយគ្នានោះ អង្គប្រជុំ ក៏បានបន្តពិនិត្យស្លាកសញ្ញា និមិត្តរូប និងបាវចនា ឬពាក្យស្លោកនៃស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ផងដែរ។ លោក វ៉ាត់ ចំរើន បានប្រាប់ថា៖ «ឯកឧត្តម ការត្រួតពិនិត្យស្លាកសញ្ញានេះ គឺយើងបានប្រជុំចំនួន៣លើករួចមកហើយ ហើយនៅតែបន្តការកែសម្រួលលម្អបន្ថែមទៀត ប៉ុន្តែអ្វីដែលគណៈអចិន្ត្រៃយ៍ បានឯកភាពគ្នា គឺទៅលើនិមិត្តសញ្ញា (Mascot) ដែលមានរូបទន្សាយតំណាង និងបាវចនា ឬពាក្យស្លោកនេះ ប៉ុន្តែនេះ ជាការសម្រេចនៅក្នុងគណៈអចិន្ត្រៃយ៍នៅឡើយទេ ដែលយើង នឹងយកការសម្រេចនេះ ទៅឆ្លងសម្តេចពិជ័យសេនា ទៀ បាញ់ និងបន្តឆ្លងទៅរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសម្រេចជាចុងក្រោយបំផុត»

    លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផងនោះ បានបង្ហើបថា បន្ទាប់ពីហៅគណៈកម្មការជំនាញទាំង២ ឲ្យមានធ្វើបទបង្ហាញ គឺនៅសប្តាហ៍ក្រោយ គណៈអចិន្ត្រៃយ៍របស់ CAMSOC នឹងបន្តកិច្ចប្រជុំ ទៅលើគណៈកម្មការពិធីបើក-បិទ ដែលជាគណៈកម្មការសំខាន់ នៃព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕

  • Loading...
  • Recent Posts