• វង្ស វិឆ័យ ហាក់មានប្រៀបឈ្នះប្រាក់លាន ប៉ុន្តែអ្នកគ្រប់គ្រងថា មិនទាន់អាចស្មានត្រូវ
    បាល់ទាត់ 1 week ago happybird

    កីឡាករកំពុងមានប្រជាប្រិយភាពខ្លាំង វង្ស វិឆ័យ ត្រូវបានគេមើលឃើញថា អាចមានប្រៀបជាងបេក្ខភាពចំនួន៣នាក់ទៀត ក្នុងការឈ្នះប្រាក់លាន សម្រាប់ការប្រកួត ក្នុងកម្មវិធី Mas Fight Cambodia នៅលើសង្វៀនថោន នាថ្ងៃអាទិត្យនេះ ប៉ុន្តែអ្នកគ្រប់គ្រងកម្មវិធី បានអះអាងថា អ្វីៗមិនអាចស្មានត្រូវនោះទេ គឺវាអាស្រ័យទៅលើការប្រកួតជាក់ស្តែង។

    បើទោះបីជាបេក្ខភាព៣នាក់ទៀត មាន ពុទ្ធ ឆាយរិទ្ធី, ឆៃ សារ៉ា និង ឈឿន ល្វៃ ដែលត្រូវដាក់ឲ្យប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ទម្ងន់៦៩គីឡូក្រាម ប្រចាំសប្តាហ៍ទី៧នេះ សុទ្ធតែមានសមត្ថភាព និងបទពិសោធ កម្រិតល្បីល្បាញដូចគ្នា ប៉ុន្តែបច្ចុប្បន្ននេះ កម្រិតបច្ចេកទេស និងកម្លាំងសមត្ថភាពរបស់កីឡាករ វង្ស វិឆ័យ គឺហក់ឡើងខ្លាំង។

    លោក គឹម ស្រ៊ុនកុសល នាយកគ្រប់គ្រងកម្មវិធី Mas Fight Cambodia បានទទួលស្គាល់ថា សមត្ថភាពរបស់កីឡាករទាំង៤នាក់ ដែលត្រូវប្រកួតដណ្តើមប្រាក់លាន នៅសប្តាហ៍នេះ ហាក់មានសមត្ថភាពល្អៀងគ្នាបន្តិច ប៉ុន្តែលោកមិនបានគិតថា វង្ស វិឆ័យ នឹងអាចឈ្នះប្រាក់លានដោយងាយស្រួលនោះទេ។

    លោក ស្រ៊ុនកុសល បាននិយាយថា៖ «ក្នុងចំណោមកីឡាករ៣នាក់ ដែលត្រៀមចាប់ឆ្នោតប្រកួតជាមួយ វង្ស វិឆ័យ គឺ ឈឿន ល្វៃ និង ឆៃ សារ៉ា រាងខ្ចីវស្សាដូចគ្នា ប៉ុន្តែ ពុទ្ធ ឆាយរិទ្ធី មានបទពិសោធ និងចាស់វស្សាជាង គឺមិនមែនអាចថា វង្ស វិឆ័យ មានប្រៀបធានាឈ្នះបានស្រួលនោះទេ»

    លោកបានបន្ថែមថា៖ «ការប្រកួតនេះ អាចនឹងមានភាពប្រទាញប្រទង់គ្នាជាមិនខាន។ បើទោះបីជា វង្ស វិឆ័យ, ពុទ្ធ ឆាយរិទ្ធី និង ឆៃ សារ៉ា សុទ្ធតែធ្លាប់ឈ្នះខ្សែក្រវាត់មកគ្រប់គ្រងដូចគ្នា គឺលើកលែងតែ ឈឿន ល្វៃ ប៉ុន្តែ ឈឿន ល្វៃ កំពុងល្អ ហើយរូបគេ ក៏ទើបតែប្រកួតស្មើជាមួយ វង្ស វិឆ័យ កាលពីពេលថ្មីៗនេះដែរ ហេតុនេះអ្វីៗមិនទាន់អាចស្មានត្រូវនោះទេ គឺលុះត្រាប្រកួតចប់ទើបដឹងច្បាស់»

    គួររំឭកថា សម្រាប់ការប្រកួតមិត្តភាព នៅលើសង្វៀន CNC កាលពី២សប្តាហ៍មុន វង្ស វិឆ័យ ត្រូវបាន ឈឿន ល្វៃ ទាត់បណ្តាលឲ្យបែកចិញ្ចើមយ៉ាងធំ មុនពេលគណៈកម្មការប្រកួតឲ្យអ្នកទាំង២ស្មើពិន្ទុគ្នា។ ប៉ុន្តែសម្រាប់ការប្រកួតម៉ារ៉ាតុងនេះ អ្នកទាំង២ មិនប្រាកដថា អាចបានជួបគ្នា១០០ភាគរយនោះទេ ព្រោះអ្នកទាំង៤នេះ តម្រូវឲ្យធ្វើការចាប់ឆ្នោតមុនការប្រកួតវគ្គជម្រុះ មានត្រឹម៣ទឹក ហើយអ្នកឈ្នះក្នុងវគ្គនេះ ទើបអាចមានឱកាសឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ដែលប្រកួតតាមច្បាប់ Mas Fight ដែលមានត្រឹម១ទឹក ស្មើ៩នាទី ដោយអ្នកផ្តួលគូប្រកួតឲ្យសន្លប់ នឹងក្លាយជាម្ចាស់ប្រាក់លាន។

    យ៉ាងណាក៏ដោយលោក ណន រិទ្ធ គ្រូបង្វឹក ពុទ្ធ ឆាយរិទ្ធី បានចាត់ទុក វង្ស វិឆ័យ ជាឧបគ្គធំ ចំពោះ ឆាយរិទ្ធ ក្នុងការប្រកួតនេះ។ លោកបាននិយាយថា៖ «ឆាយរិទ្ធី ហ្វឹកហាត់ត្រៀមបានល្អ និងមានសង្ឃឹមក្នុងការដណ្តើមប្រាក់លាន ប៉ុន្តែយើងមិនអាចមើលស្រាលដៃគូប្រកួតបានទេ ហើយក្នុងនោះ វង្ស វិឆ័យ ជាឧបសគ្គធំជាងគេ ប្រសិនជាប៉ះគ្នាមែននោះ»

  • Loading...
  • Recent Posts