• សោម វិឆ័យ ព្រលយពាក្យ បែបមើលស្រាលដល់ រិន សារ័ត្ន មុនពេលពួកគេប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រ
    ប្រដាល់ក្នុងស្រុក 2 weeks ago happybird

    កីឡាករ សោម វិឆ័យ បានព្រលយពាក្យសម្តីបែប «មើលស្រាល» ទៅដល់សមត្ថភាពរបស់ រិន សារ័ត្ន មុនពេលអ្នកទាំង២ នឹងត្រូវប្រកួតគ្នាផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកម្ចាស់ពានរង្វាន់ TV5 Boxing Knock Out Series ក្នុងទម្ងន់៦៣,៥ អមជាមួយប្រាក់រង្វាន់៤០០០ដុល្លារ នៅលើសង្វៀនប៉ុស្តិ៍លេខ៥ នាល្ងាចថ្ងៃសៅរ៍នេះ។

    បើទោះបីជា ការប្រកួតនេះទាំង រិន សារ័ត្ន និងរូបគេផ្ទាល់ សុទ្ធតែបង្ហាញភាពខ្លាំង ដោយឈ្នះទាំង៤ប្រកួត មុនពេលមកជួបគ្នា ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ប៉ុន្តែ សោម វិឆ័យ បានប្រលយពាក្យសម្តី បែបមើលស្រាលទៅដល់ រិន សារ័ត្ន នៅលើហ្វេសប៊ុករបស់ខ្លួនថា « រិន សារ័ត្ន មិនសមជាដៃគូរបស់ខ្លួនទេ»។

    ការបោះពាក្យសម្តីមុនការប្រកួតនេះ បានធ្វើឲ្យក្រុមអ្នកតាមដានការប្រកួតនេះ នាំគ្នាគិតថា សោម វិឆ័យ ហាក់មានមោទនភាពខ្លាំងពេក ដែលហ៊ាននិយាយបន្ទាបសមត្ថភាពរបស់ រិន សារ័ត្ន ដែលជាគូប្រកួតដល់ថ្នាក់នេះ ខណៈលេចឭព័ត៌មានច្បាស់ការមកថា សារ័ត្ន បានទៅហ្វឹកហាត់បន្ថែមជាមួយលោក ហ៊ុន ចាន់រាជ ដែលជាអ្នកធ្លាប់បង្ហាត់ក្បាច់គុនចម្រុះ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង ក្នុងការប្រកួតដ៏សំខាន់នេះ។

    កីឡាករ រិន សារ័ត្ន បានឭរួចហើយ នៅការបោះពាក្យសម្តីរបស់ សោម វិឆ័យ ប៉ុន្តែ សារ័ត្ន ដែលធ្លាប់ទាំងប្រកួតការវាយដាក់ទ្រុង ក្នុងកម្មវិធី ONE Championship នៅក្រៅប្រទេសនោះ មិនបាននិយាយអ្វីច្រើនទេ តបទៅនឹងការមើលស្រាលនោះ។ សារ័ត្ន បាននិយាយថា៖ «ចាំមើលការប្រកួតទៅ គឺការចាញ់ឬឈ្នះ មិងមែនងាយស្រួលដូចគ្នា»

    ផ្ទុយពីនេះ លោក ឡុង វិបុល ជាគ្រូបង្វឹក សោម វិឆ័យ មិនបានមើលរំលងសមត្ថភាពរបស់ រិន សារ័ត្ន នោះទេ។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «សោម វិឆ័យ អាចយកឈ្នះ រិន សារ័ត្ន ត្រឹមទំនុកចិត្ត៦០ភាគរយប៉ុណ្ណោះ ព្រោះការប្រកួតជាក់ស្តែង មិនត្រូវមើលស្រាលដៃគូទេ គឺខ្ញុំមិនហ៊ានមើលស្រាលដៃគូទេ ប៉ុន្តែ សោម វិឆ័យ ព្យាយាមហ្វឹកហាត់បានល្អ ដោយសង្ឃឹមឈ្នះច្រើន»។

    ចំណែក ពុយ វណ្ណៈ ដែលបានចាញ់ពិន្ទុ សោម វិឆ័យ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង វ៉ែន ហុងជីវ៉ុង ដែលចាញ់ពិន្ទុ រិន សារ័ត្ន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរនោះ នឹងត្រូវប្រកួតគ្នា ដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងលេខ៤ នៅថ្ងៃសៅរ៍នោះដែរ ខណៈប្រាក់រង្វាន់ក្នុងព្រឹត្តិការណ៍នេះ លេខ១ នឹងទទួលបាន៤០០០ដុល្លារ លេខ២ បាន២០០០ដុល្លារ លេខ៣ បាន៧៥០ដុល្លារ និងលេខ៤ បាន៥០០ដុល្លារ៕

  • Loading...
  • Recent Posts