• ក្រុមវ៉ូវីណាមកម្ពុជា បាត់ឱកាសប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍ធំ២ នៅមីយ៉ាន់ម៉ា
    កីឡាផ្សេងៗ 2 weeks ago happybird

    ក្រុមកីឡាករ កីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា បានបាត់បង់នូវឱកាសប្រជែងយកមេដាយជូនជាតិ ពីព្រឹត្តិការណ៍ប្រកួតកម្រិតអាស៊ី និងកម្រិតអាស៊ីអាគ្នេយ៍ ដែលគ្រោងធ្វើនៅប្រទេសម៉ីយ៉ាន់ម៉ា ក្នុងឆ្នាំ២០២០នេះហើយ។

    ការបាត់ឱកាសប្រជែងយកមេដាយ នៅមីយ៉ាន់ម៉ានេះ ក៏ព្រោះតែព្រឹត្តិការណ៍ទាំង២ខាងលើនេះ ត្រូវបានលើកពេលការប្រកួតទាំងអស់ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ជាលក្ខណៈសកលលោក ហើយក៏ស្របពេលដែលក្រុមជម្រើសជាតិវ៉ូវីណាម ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ធ្វើការរំសាយពីការប្រមូលផ្តុំ ឲ្យទៅហ្វឹកហាត់ នៅតាមគេហដ្ឋានរៀងៗខ្លួន ដោយសារវិបត្តិជំងឺកូវីដ១៩ ផងដែរ។

    ជុំវិញការខកខាននេះ លោក អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ក្រុមជម្រើសជាតិ និងក្រុមក្រុមថ្នាលរបស់យើង ត្រូវបានលើកពេលប្រមូលផ្តុំហាត់រួម ដោយបានអនុញ្ញាតឲ្យហាត់តាមលក្ខណៈឯកជន ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩ ហើយជាមួយគ្នានេះ ព្រឹត្តិការណ៍ប្រកួតកម្រិតអាស៊ីអាគ្នេយ៍ និងអាស៊ី ដែលគ្រោងធ្វើនៅប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២០នេះ ត្រូវបានលើកពេលទាំងអស់ ដោយមិនទាន់កំណត់ពេលជាថ្មីនៅឡើយទេ»

    ទោះបីជាយ៉ាងណាក៏ដោយ ក្រុមវ៉ូវីណាមកម្ពុជា នៅតែមានទំនុកចិត្តខ្ពស់ថា នឹងរក្សាឲ្យបានភាពខ្លាំង សម្រាប់ការត្រៀមខ្លួនទៅប្រជែងយកមេដាយ នៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២១ ខណៈកន្លងមក កីឡាវ៉ូវីណាម ធ្លាប់បានឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតស៊ីហ្គេម ព្រមទាំងកម្រិតអាស៊ាន អាស៊ី និងពិភពលោក ជូនជាតិមាតុភូមិ គួរឲ្យកោតសរសើរ។

    លោក អ៊ូ រតនា បានបន្តថា៖ «ទោះជាវិបត្តិជំងឺកូវីដ១៩ មានផលប៉ះពាល់ខ្លាំង ប៉ុន្តែការហ្វឹកហាត់លក្ខណៈឯកជន ត្រូវបានយកចិត្តទុកដាក់តាមដាន ត្រួតពិនិត្យ ជាប្រចាំពីសហព័ន្ធ ដើម្បីពង្រឹង និងរក្សាគុណភាពសមត្ថភាពរបស់អត្តពលិក សម្រាប់ត្រៀមប្រកួតស៊ីហ្គេម ដែលនឹងធ្វើនៅក្រុងហាណូយ ប្រទេសវៀតណាម ឆ្នាំ២០២១ ដោយយើងរំពឹងថា នឹងប្រជែងបានលទ្ធផលល្អ ក្នុងចន្លោះលេខ២ ឬលេខ៣ជាមួយមីយ៉ាន់ម៉ា ព្រោះនៅក្នុងតំបន់អាស៊ាននេះ យើងនៅក្រោមតែវៀតណាម ដែលជាម្ចាស់ក្បាច់គុននេះមួយទេ»

  • Loading...
  • Recent Posts