• CAMSOC ដាក់ចេញផែនការ២ច្រក ដើម្បីត្រៀមបញ្ជូនអត្តពលិកជាង១០០នាក់ ទៅហ្វឹកហាត់នៅចិន
    កីឡាក្នុងស្រុក 1 week ago happybird

    គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC បានដាក់ចេញនូវផែនការជាបណ្តោះអាសន្នចំនួន២ច្រក ដើម្បីត្រៀមបញ្ជូនអត្តពលិកជម្រើសជាតិជាង១០០នាក់ ទៅហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន ហើយនៅពេលនេះ CAMSOC កំពុងរង់ចាំការបើកភ្លៀងខៀវពីក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជុំវិញវិបត្តិនៃជំងឺឆ្លងកូវីដ១៩ ទើបអាចឈានទៅអនុវត្តការងារនេះបាន។

    លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ CAMSOC បានប្រាប់ប្រព័ន្ធផ្សាយថា៖ «CAMSOC កំពុងរង់ចាំការបើកភ្លើងខៀវពីក្រសួងសុខាភិបាល ក៏ដូចរាជរដ្ឋាភិបាលសិន ដោយយើងបានតៀមផែនការចំនួន២លើក ដើម្បីបញ្ជូនអត្តពលិកជម្រើសជាតិជាង១០០នាក់ មកពី១២ប្រភេទកីឡា ទៅហ្វឹកហាត់បំប៉ន នៅប្រទេសចិន តាមកិច្ចព្រមព្រៀងចាស់កន្លងមក»

    ការដាក់ចេញនៅផែនការទាំង២នេះ ដើម្បីបញ្ជូនអត្តពលិកជម្រើសជាតិ ទៅហ្វឹកហាត់ នៅក្រៅប្រទេសនេះ វាស្ថិតនៅក្នុងផែនការយុទ្ធសាស្រ្ត របស់ CAMSOC ដើម្បីពង្រឹងគុណភាពរបស់អត្តពលិក ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ខណៈគម្រោងនេះ ត្រូវបានផ្អាកម្តងហើយ ដោយសារវិបត្តិជំងឺកូវីដ១៩។

    លោក វ៉ាត់ ចំរើន បានបន្តថា៖ «តាមរយៈកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិចំនួន១២ ស្តីពីគម្រោងបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់នៅប្រទេសចិន រយៈពេលវែងនេះ យើងបានដាក់ចេញនូវផែនការជាបណ្តោះអាសន្នទី១ គឺយើងនឹងបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅប្រទេសចិន ដែលនឹងធ្វើឡើង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០»

    អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «ប៉ុន្តែបើករណីបញ្ហាមេរោគកូវីដ១៩ ឬការអនុញ្ញាតពីក្រសួងសុខាភិបាល នៅតែមិនទាន់បានធូរស្រាលទេនោះ យើងនឹងអាចលើកពេលទៅផែនការទី២ ដោយយើងគ្រោងទៅនៅខែមីនា ឆ្នាំ២០២១វិញ ហើយការធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសចិន គឺ CAMSOC ចេញថ្លៃសំបុត្រយន្តហោះ ចំណែកប្រាក់ហោប៉ៅឧបត្ថម្ភ យើងនឹងធ្វើការពិភាក្សាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរកដំណោះស្រាយ»

  • Loading...
  • Recent Posts