• ផ្លូវថ្មី ភ្ជាប់ពីក្រោមស្ពានជ្រោយចង្វារ ស្របតាមមាត់ទន្លេរ ដល់ស្ពានលីយ៉ុងផាត់ ត្រូវ​ពន្លឿន​ការ​សាង​សង់ ​ត្រៀម​ស្វាគមន៍​ស៊ីហ្គេម ឆ្នាំ២០២៣
    កីឡាផ្សេងៗ 2 weeks ago happybird

    (ភ្នំពេញ)៖ ផ្លូវថ្មី ២ខ្សែនឹងត្រូវពន្លឿនការសាងសង់ តភ្ជាប់ទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់ ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីម្សិលមិញ។

    កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ដោយបានជជែកលើរបៀបវារៈសំខាន់ៗចំនួន ២ ទី១-ជជែកពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅពហុកីឡដ្ឋានជាតិមរតកតេជោ និងទី២-និយាយពីទិសដៅការងារ និងតួនាទីភារកិច្ចរបស់គណៈកម្មការជំនាញចំនួន ៦ ក្នុងចំណោមគណៈកម្មការជំនាញទាំង ១៤។

    ចំពោះផ្លូវថ្មីទាំង ២ខ្សែ ត្រូវសាងសង់តភ្ជាប់ពីរាជធានីភ្នំពេញ ទៅពហុកីឡដ្ឋានជាតិមរតកតេជោ ទី១- គឺផ្លូវកណ្ដាល នៃគម្រោងអភិវឌ្ឍ OCIC ឆ្ពោះទៅវិមានឈ្នះឈ្នះ និងទី២-ផ្លូវស្របតាមដងទន្លេសាប ពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន ឆ្ពោះទៅដល់ចំណុចស្ពានលីយ៉ុងផាត់ ឬបណ្ដោយមហាវិថីឈ្នះឈ្នះ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយចប់កិច្ចប្រជុំ។

    លោក វ៉ាត់ ចំរើន បញ្ជាក់ថា «ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ទៅពហុកីឡដ្ឋានជាតិមរតកតេជោ សាលារាជធានីភ្នំពេញ បានរៀបចំគម្រោងរួចហើយ គឺមាន ២ខ្សែ ដោយខ្សែទី១ ភ្ជាប់ពីផ្លូវកណ្ដាលគម្រោង OCIC ឆ្ពោះទៅវិមានឈ្នះឈ្នះតែងម្តង និងខ្សែទី២ នឹងធ្វើអមដងទន្លេសាបរបស់យើង តាមក្រោមស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន រហូតដល់ស្ពានលីយ៉ុងផាត់ ។ អញ្ចឹង ២ផ្លូវនេះ គឺជាផ្លូវថ្មី ដើម្បីសម្រួលចរាចរណ៍ផ្លូវជាតិលេខ៦…។ ហើយជាគម្រោង ត្រូវធ្វើយ៉ាងណាឲ្យហើយមុនស៊ីហ្គេម ឆ្នាំ២០២៣»

    ឆ្លៀតឱកាសនោះដែរ លោក ថោង ខុន ក៏បានជំរុញគណៈកម្មការជំនាញចំនួន ៦ ក្នុងការស្វែងយល់ពីតួនាទីភារកិច្ចរបស់ខ្លួន ហើយត្រូវរៀបចំផែនការការងារឲ្យបានច្បាស់លាស់ សម្រាប់អនុវត្តឲ្យមានប្រសិទ្ធភាព ស្របតាមផែនការយុទ្ធសាស្ដ្រស៊ីហ្គេម ឆ្នាំ២០២៣ ។ លើសពីនេះ ក្នុងនាមគណៈកម្មការអចិន្ដ្រៃយ៍ លោករដ្ឋមន្ដ្រី ក៏នឹងបើកិច្ចប្រជុំត្រួតពិនិត្យរៀងរាល់សប្ដាហ៍ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ផងដែរ៕

  • Loading...
  • Recent Posts