• វេង សុភ័ក្រ ថា សូត្រ ខេវិន ល្អគ្រប់យ៉ាង តែនៅស្ទើចំណុចមួយ ទើបមិនទាន់ខ្លាំង
    ប្រដាល់ 2 weeks ago happybird

    ក្រោយពីបានផ្តល់មេរៀនយ៉ាងជូរចត់ឲ្យ សូត្រ ខេវិន តាមរយៈការម៉ាត់ឲ្យសន្លប់ នៅត្រឹមរយៈពេល១នាទី និង៣៨វិនាទី សម្រាប់ការជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមប្រាក់លាន ទម្ងន់៦០គីឡូក្រាម ក្នុងកម្មវិធី Mas Fight Cambodia កាលពីថ្ងៃអាទិត្យ វេង សុភ័ក្រ បានមើលឃើញថា ខេវិន ជាកីឡាករមានភាពអំណោយផលមួយចប់ ប៉ុន្តែរូបគេ នៅមានចំណុចស្ទើមួយ ទើបធ្វើឲ្យ ខេវិន មិនទាន់ឈានដល់ចំណុចល្អ និងខ្លាំង។

    តាមរយៈការប្រកួតនោះ សិស្សប្អូនរបស់បងប្អូនត្រកូល«ឡាវ» វេង សុភ័ក្រ បានមើលឃើញថា សូត្រ ខេវិន ជាកីឡាករ ដែលមានទឹកចិត្តប្រកួតមិនសូវសឿង និងមិនសូវហ៊ានវាយប្តូរ ហើយនេះជាចំណុចខ្សោយ ដែលធ្វើឲ្យ ខេវិន មិនទាន់អាចវិវឌ្ឍខ្លួនទៅជាកីឡាករល្អម្នាក់បាន។

    សិស្សគណក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ វេង សុភ័ក្រ បានផ្តល់ជាដំបូន្មានឲ្យ សូត្រ ខេវិន យ៉ាងដូច្នេះថា៖ «សូត្រ ខេវិន ល្អទាំងក្បាច់ និងកាយសម្បទា តែគាត់នៅស្ទើចិត្ត គឺចិត្តរបស់គាត់រាងល្អាៗ។ បើចិត្តគាត់ដាច់ជាងហ្នឹងទៀត គាត់នឹងក្លាយជាកីឡាករល្អម្នាក់ ព្រោះកម្ពស់គាត់ក៏ល្អ ហើយរូបរាងគាត់ គឺល្អមួយចប់»

    ជាមួយគ្នានេះ លោក សួន ប៊ុនសូត្រ ដែលជាឪពុក និងគ្រូបង្វឹក សូត្រ ខេវិន ក៏បានមើលឃើញថា កូនរបស់គាត់មិនហ៊ានប្តូរជាមួយ វេង សុភ័ក្រ ដែរ ប៉ុន្តែករណីនេះ វាបានកើតមានឡើងត្រឹមមួយប្រកួតនេះទេ ព្រោះនៅមុនការឡើងទៅជួប សុភ័ក្រ នៅវគ្គផ្តាច់ព្រ័ត្រនោះ សូត្រ ខេវិន បានវាយលុកកីឡាករជើងចាស់ វៀត ប៊ុនឌឿន យ៉ាងរន្ធើន និងបានឈ្នះដោយពិន្ទុដាច់។

    លោក សួន ប៊ុនសូត្រ បាននិយាយថា៖ «ការឡើងមកជួប វេង សុភ័ក្រ នៅវគ្គផ្តាច់ព្រ័ត្រ ខ្ញុំគិតថា ទំនងអាចឈ្នះ ព្រោះមិនមែនជាឧបសគ្គធំនោះទេ ប៉ុន្តែលទ្ធផល ខេវិន វ៉ៃរបៀបខ្លាចៗ គឺមិនក្លាហ៊ានប្តូរដូចពេលប្រកួតជាមួយ វៀត ប៊ុនឌឿន នោះទេ ហើយក៏បានចូលកណ្តាប់ដៃរបស់គេ សន្លប់តែម្តង»

    យ៉ាងណាក៏ដោយ ជុំវិញការសន្លប់ តាមរយៈការម៉ាត់ត្រឹម១ដៃរបស់ វេង សុភ័ក្រ កាលពីថ្ងៃអាទិត្យ កន្លងមកនេះ សូត្រ ខេវិន បានចាត់ទុកថា ជាការភ្លាត់ស្នៀត ហើយរូបគេក៏ខ្លាចនឹងចូលវាយប្តូរនោះដែរ គ្រាន់តែមិនទាន់ដល់ពេល។ «ខ្ញុំមិនហ៊ានវាយសម្រុកភ្លាមៗដោយសារខ្ញុំធ្លាប់ចាញ់ពិន្ទុបង វេង សុភ័ក្ត្រ ម្តងហើយ ហេតុនេះខ្ញុំវាយទប់សិន ចាំមើលចំណុចខ្សោយរបស់គាត់ ប៉ុន្តែក៏ភ្លាត់ស្នៀតចូលកណ្តាប់ដៃរបស់គាត់ បណ្តាលឲ្យខ្ញុំដួលវិលងើបមិនរួច គឺខ្ញុំពិតជាមិនអស់ចិត្តឡើយ»

    ជាមួយគ្នានេះ សូត្រ ខេវិន ក៏បានជួប វេង សុភ័ក្រ ម្តងទៀត នៅក្នុងការប្រកួត Mas Fight ដែលមានត្រឹម១ទឹក ស្មើ៩នាទីនេះ ម្តងទៀតផងដែរ។ ខេវិន បាននិយាយថា៖ «បើខាងប៉ុស្តិ៍ដាក់ឲ្យយើងជួបគ្នា នៅ Mas Fight ខ្ញុំនឹងខំប្រឹង និងព្យាយាមម្តងទៀត ហើយខ្ញុំប្តេជ្ញាថា ខំហ្វឹកហាត់ឲ្យបានច្រើនជាងនេះ គឺខំប្រឹងឲ្យអស់ពីសមត្ថភាព»

  • Loading...
  • Recent Posts