• វេង សុភ័ក្រ ស្ទើចិត្ត ពេលផ្តួល សូត្រ ខេវិន លឿនពេក ដើម្បីយកប្រាក់៥លានរៀល
    ប្រដាល់ 2 weeks ago happybird

    អ្នកប្រដាល់ វេង សុភ័ក្រ ចាត់ទុកការសន្លប់របស់ សូត្រ ខេវិន វាបានកើតឡើងលឿនពេក ធ្វើឲ្យរូបគេហាក់នៅស្ទើចិត្ត ដែលមិនទាន់បានបញ្ចេញក្បាច់សម្លាប់បានច្រើន។ យ៉ាងណាក៏ដោយ ការផ្តួល សូត្រ ខេវិន នៅវគ្គផ្តាច់ព្រ័ត្រនេះ បានជួយឲ្យ សុភ័ក្រ ក្លាយជាម្ចាស់ប្រាក់លាន ប្រចាំសប្តាហ៍ទី៦ ដោយទទួលបានប្រាក់រង្វាន់សរុបរហូតដល់៥លានរៀល។

    នៅក្នុងការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ទម្ងន់៦០គីឡូក្រាម ក្នុងកម្មវិធី Mas Fight Cambodia នៅលើសង្វៀនថោន កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ វេង សុភ័ក្រ បានយកឈ្នះដោយពិន្ទុមិនឯកច្ឆន្ទ ២-១ លើកីឡាករ សុខ សាវិន យ៉ាងលំបាក នៅក្នុងការប្រកួតជម្រុះមានត្រឹម៣ទឹក ចំណែក សូត្រ ខេវិន បានយកឈ្នះលើ វៀត ប៊ុនឌឿន ដោយពិន្ទុឯកច្ឆន្ទ ៣-០ ក្នុងវគ្គនេះដែរ។

    ប៉ុន្តែសម្រាប់ការឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ដែលប្តូរមកប្រើច្បាប់ប្រកួត Mas Fight មានត្រឹម១ទឹក ស្មើ៩នាទីនោះ សូត្រ ខេវិន ត្រូវបាន វេង សុភ័ក្រ ម៉ាត់ស្តាំចូលផ្ទៃមុខ បណ្តាលឲ្យដួលសន្លប់ ត្រឹមរយៈពេល១នាទី និង៣៨វិនាទីប៉ុណ្ណោះ។

    ការសន្លប់យ៉ាងលឿនរបស់ សូត្រ ខេវិន បានជួយឲ្យ វេង សុភ័ក្រ ក្លាយជាកីឡាករទី៥ ដែលបានក្លាយជាម្ចាស់ជើងឯកប្រាក់លាន ក្នុងកម្មវិធី Mas Fight Cambodia បន្ទាប់ពី ម៉ន វណ្ណី, ព្រឿង សុជាតិ, ឌុម កែវដា និង វ៉ាន់ វឿន ខណៈ ប៊ុន សុធា និង យុគ យក្សផ្លែ បានត្រឹមចែកប្រាក់រង្វាន់គ្នា បន្ទាប់ពីអ្នកទាំង២ មិនអាចផ្តួលគ្នាឲ្យសន្លប់ នៅវគ្គផ្តាច់ព្រ័ត្រនោះ ព្រោះច្បាប់ Mas Fight បានកំណត់ថា បើគ្មានអ្នកសន្លប់ ត្រូវកំណត់ឲ្យស្មើគ្នា។

    យ៉ាងណាក៏ដោយ វេង សុភ័ក្រ ហាក់នៅស្ទើចិត្ត ដែលបានផ្តួល សូត្រ ខេវិន ឲ្យសន្លប់លឿនពេកបែបនេះ។ សុភ័ក្រ បាននិយាយក្រោយការប្រកួតថា៖ «មិញនេះ ខ្ញុំមិនទាន់បានចេញអស់ទេ គឺចេញបានតែដៃ ព្រោះខ្ញុំចង់វាយដៃហើយ ទាត់ជើងជាប្រយោលទៀត»

    សិស្សគណក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ វេង សុភ័ក្រ បាននិយាយបន្ថែមថា៖ «សម្រាប់ដៃគូរបស់ខ្ញុំ អត់សូវហ៊ានវាយ និងហ៊ានប្តូរជាមួយយើងទេ គឺពេលយើងប្តូរ គាត់ថយ និងរត់គេច ដល់តែអ៊ីចឹងធ្វើឲ្យយើងកាន់តែមានកម្លាំងចិត្ត ក្នុងការប្រកួត»

    ចំណែក សូត្រ ខេវិន បានចាត់ទុកការចូលកណ្តាប់ដៃ វេង សុភ័ក្រ បណ្តាលឲ្យសន្លប់នេះ ថាជាការភ្លាត់ស្នៀត។ ខេវិន ដែលទទួលបានប្រាក់រង្វាន់ចំនួន១,៨លានរៀល ចំពោះការចាញ់នោះ បាននិយាយថា៖ «ខ្ញុំភ្លាត់ស្នៀត ព្រោះខ្ញុំរកលើកដៃឃុំដែរ តែត្រូវបានគេវាយចូលថ្ងាស ឡើងវិល»

    សិស្សគណក្លិបបក្សីស្លាដែក សូត្រ ខេវិន បានចាត់ទុកទម្ងន់វាយចូលរបស់ វេង សុភ័ក្រ ពិតជាធ្ងន់ និងធ្វើឲ្យរូបគេវិល ងើបមិនរួច។ ខេវិន បានបញ្ជាក់ថា៖ «ខ្ញុំខំប្រឹងងើបដែរ តែងើបមិនរួចសោះ ដោយសារវាវិលយកតែម្តង។ ខ្ញុំបានព្យាយាមទប់ស្កាត់ច្រើនដែរ ប៉ុន្តែធ្វើម៉េចបើយើងតបទល់អត់កើត»

  • Loading...
  • Recent Posts