• ពុទ្ធ សំបូរ ប្តូរខ្លាំងពេករហូតភ្លាត់សន្លប់ នាំឲ្យ ឈុតសេរី វ៉ាន់ថង ឡើងទៅជួប ឃីម បូរ៉ា វគ្គផ្តាច់ព្រ័ត្រ
    ប្រដាល់ 2 weeks ago happybird

    កីឡាករ ពុទ្ធ សំបូរ បានសារភាពថា រូបគេបានប្តូរកែងខ្លាំងពេក ទើបភ្លាត់ចូលកណ្តាប់ដៃរបស់ ឈុតសេរី វ៉ាន់ថង បណ្តាលឲ្យសន្លប់ នឹងបានធ្លាក់ចេញពីការប្រកួតដណ្តើមខ្សែក្រវាត់កម្ពុជា ទម្ងន់៦០គីឡូក្រាម ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដ៏គួរឲ្យសោកស្តាយ។

    សម្រាប់ការប្រកួត នៅលើសង្វៀន CNC កាលពីថ្ងៃសៅរ៍ កន្លងមកនេះ ពុទ្ធ សំបូរ ដែលដឹងពីចំណុចខ្លាំងរបស់ ឈុតសេរី វ៉ាន់ថង នោះ បានចូលម៉ាត់ និងវាយកែងភ្លាមៗ ហើយការវាយសម្រុកនេះ ក៏បានធ្វើឲ្យ វ៉ាន់ថង មានភាពស្រឡាំងគាំង ក្រោមទម្ងន់ដៃ សំបូរ ម្តងៗផងដែរ។

    ប៉ុន្តែឈានចូលទឹកទី២ គឺនៅពេល ពុទ្ធ សំបូរ បុកកែងស្តាំយ៉ាងសន្ថើននោះ វ៉ាន់ថង បានគេចផុតយ៉ាងកលឿន រួចបានម៉ាត់ស្តាំចូលថ្គាមពេញ បណ្តាលឲ្យ សំបូរ វង្វេង និងត្រូវបានអាជ្ញាកណ្តាលចាប់រាប់ជាលើកទី១។ សំបូរ បានព្យាយាមទប់អារម្មណ៍ ប្រកួតបន្តទាំងខ្លួននៅវង្វេង ហើយឃើញឱកាសល្អបែបនេះ វ៉ាន់ថង បានស្ទុះចូលម៉ាត់ថែម២ទៅ៣ដៃទៀត នាំឲ្យអាជ្ញាកណ្តាលរាប់ទៅលើ សំបូរ ជាលើកទី២។

    ជាមួយគ្នានេះ គឺនៅពេល ពុទ្ធ សំបូរ ជម្នះមិនព្រមចុះ ដោយប្រកួតបន្តនោះ ឈុត សេរី វ៉ាន់ថង បានម៉ាត់ស្តាំមួយដៃចូលថ្គាម បណ្តាលឲ្យ ពុទ្ធ សំបូរ ដួលដេក ហើយត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង ហើយនៅមុនសន្លប់នេះ សំបូរ បានសារភាពថា រូបគេ ត្រូវបានអាជ្ញាកណ្តាលរាប់ ទាំងខ្លួនគេផ្ទាល់ មិនដឹងថា វ៉ាន់ថង វ៉ៃរូបគេចំកណ្តាលណា។

    កីឡាករ ដែលទើបប្រឡូកខាងប្រដាល់បានជាង៥ឆ្នាំ ពុទ្ធ សំបូរ បាននិយាយក្រោយប្រកួតថា៖ «ខ្ញុំមានបំណងប្រើកែងដើម្បីផ្តាច់ ឈុតសេរី វ៉ាន់ថង ប៉ុន្តែនៅពេលខ្ញុំបុកកែងហើយនោះ ស្រាប់តែឃើញអាជ្ញាកណ្តាលរាប់មកលើខ្ញុំ ទាំងខ្ញុំមិនដឹងអ្វីទាំងអស់ ព្រោះខ្ញុំបានវង្វេង ហើយការរាប់ជាលើកទី២ គឺខ្ញុំកាន់តែវង្វេងខ្លាំង»

    ពុទ្ធ សំបូរ បាននិយាយបន្ថែមថា៖ «ខ្ញុំដឹងថា ឈុតសេរី វ៉ាន់ថង ល្អទាត់ និងល្អម៉ាត់ អ៊ីចឹងបើវ៉ៃមួយៗតាមដំណើរ ខ្ញុំមិនអាចឈ្នះគេបានទេ ហេតុនេះមានតែចូលប្តូរកែង ប៉ុន្តែបែរជាភ្លាត់ចូលកណ្តាប់ដៃរបស់គេបែបនេះទៅវិញ»

    ជាមួយការចាញ់ដោយសន្លប់នេះ បានធ្វើឲ្យ ពុទ្ធ សំបូរ បានធ្លាក់ចេញពីការប្រកួតនេះ ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែជើងខ្លាំងវ៉ៃក្មេង ឈុតសេរី វ៉ាន់ថង ត្រូវឡើងទៅជួប ឃីម បូរ៉ា ដែលជាគូសត្រូវចាស់ នៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកម៉ូតូ និងប្រាក់រង្វាន់ ខណៈអ្នកឈ្នះលេខ១ប្រកួតក្រុម២នេះ ក៏នឹងទទួលបានឱកាសឡើងទៅប្រកួតដណ្តើមក្រវាត់ និងប្រាក់រង្វាន់យ៉ាងច្រើន ជាមួយ តាញ់ មករា ដែលជាអ្នកទទួលបានលេខ១ ប្រចាំក្រុម២ ផងដែរ។

    គួរបញ្ជាក់ដែរថា ឃីម បូរ៉ា បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ប្រចាំក្រុមទី២នេះ ដោយស្វ័យប្រវត្តិ ដោយសារគូប្រកួតរបស់គេ ជាកីឡាករថៃ មិនអាចមកប្រកួតបាន ដោយសារបញ្ហាការបិទព្រំដែន ជុំវិញវិបត្តិជំងឺកូវីត ហើយការជួប ឈុតសេរី វ៉ាន់ថង នៅវគ្គដ៏សំខាន់នេះ វាជាពេលវេលាដ៏ល្អរបស់ បូរ៉ា ក្នុងការស្វែងរកភាពយុត្តិធម៌មកវិញ ព្រោះការជួបគ្នា កាលពីពេលថ្មីៗនេះ បូរ៉ា ត្រូវបានកាត់សេចក្តីឲ្យចាញ់ពិន្ទុ ឈុតសេរី វ៉ាន់ថង ទាំងមិនអស់ចិត្ត និងឈឺចាប់បំផុត៕

  • Loading...
  • Recent Posts