• គូដណ្តើមប្រាក់លាន Mas Fight នៅសប្តាហ៍នេះ កាន់តែទាក់ទាញខ្លាំង
    ប្រដាល់ 2 weeks ago Cbs

    បេក្ខភាពទាំង៤នេះ ដែលត្រូវបានជ្រើសរើសដាក់ឲ្យប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ទម្ងន់៦០គីឡូក្រាម ក្នុងកម្មវិធី Mas Fight Cambodia នៅលើសង្វៀនថោន នាថ្ងៃអាទិត្យនេះ ត្រូវបានគេមើលឃើញថា មានសមត្ថភាពប្រហាក់ប្រហែលគ្នា ហេតុនេះវានឹងក្លាយជាការប្រកួតយ៉ាងទាក់ទាញបំផុត។

    បើទោះបីជា ការប្រកួតនេះ តម្រូវឲ្យកីឡាករទាំង៤នាក់ ធ្វើការចាប់ឆ្នោតភ្លាមៗ នៅមុនការប្រកួត ប៉ុន្តែរវាងអ្នកប្រដាល់ទាំង៤នាក់មាន វេង សុភ័ក្រ, សុខ សាវិន, វៀត ប៊ុនឌឿន និង សូត្រ ខេវិន ដែលត្រូវប្រកួតប្រជែងគ្នាប្រចាំសប្តាហ៍ទី៦នេះ គឺគ្មានអ្នកណា មានប្រៀបជាងគ្នានោះទេ។

    ការជួបគ្នារបស់អ្នកទាំង៤ អាចនិយាយបានថា ជាការប្រឈមមុខដាក់គ្នារវាងអ្នកលេងជង្គង់ និងអ្នកលេងក្បាច់កណ្តាប់ដៃ ព្រោះ វេង សុភ័ក្រ និង សូត្រ ខេវិន មានជំនាញខាងប្រើក្បាច់ជង្គង់ដូចគ្នា ខណៈ វៀត ប៊ុនឌឿន ពិសេស សុខ ខេវិន ជំនាញខាងប្រើកណ្តាប់ដៃ ហើយក្រៅពីក្បាច់ជំនាញនេះ អ្នកទាំង៤ មានភាពប្រសព្វខាងវាយកែង និងទាត់ដូចគ្នា។

    យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា អ្នកណា នឹងត្រូវប៉ះគ្នា នៅក្នុងវគ្គជម្រុះ ដែលមានត្រឹម៣ទឹកនោះទេ ប៉ុន្តែករណីសន្លប់នៅក្នុងវគ្គនេះ អាចនឹងមិនកើតមាននោះទេ តែករណីបែក អាចនឹងកើតមាន ព្រោះការប្រកួតនេះ គ្មានករណីបន្ធូរដៃឲ្យគ្នានោះឡើយ ដ្បិតអីអ្នកចាញ់ត្រូវធ្លាក់ ចំណែកអ្នកឈ្នះត្រូវឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ដែលកំណត់ឲ្យប្រកួតគ្នាតាមច្បាប់ Mas Fight វិញម្តង គឺត្រឹម១ទឹក មាន៩នាទី ហើយអ្នកផ្តួលគូប្រកួតឲ្យសន្លប់ នឹងក្លាយជាម្ចាស់ប្រាក់លាន។

    ទាក់ទងនឹងការជ្រើសរើសកីឡាករ ដាក់ឲ្យប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាននេះ លោក គឹម ស្រ៊ុនកុសល នាយកគ្រប់គ្រងកម្មវិធី Mas Fight Cambodia បានប្រាប់ថា៖”ក្នុងនាមអ្នករៀបចំកម្មវិធីប្រកួតម៉ាស់ហ្វៃ យើងតែងតែព្យាយាមកែលម្អ និងអភិវឌ្ឍកម្មវិធី ទៅតាមការស្នើសុំរបស់អ្នកគាំទ្រផងដែរ ហើយរាល់មតិយោបល់របស់អ្នកគាំទ្រ យើងមិនដែលមើលរំលងនោះទេ ព្រោះពួកគាត់ជាកញ្ចក់ឆ្លុះបញ្ជាំងឲ្យយើង”។

    គួរបញ្ជាក់ថា សម្រាប់ការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ចំនួន៥សប្តាហ៍កន្លងមកនេះ កីឡាករ ម៉ន វណ្ណី, ព្រឿង សុជាតិ, ឌុម កែវដា និង វ៉ាន់ វឿន សុទ្ធតែបានផ្តួលគូប្រកួតឲ្យសន្លប់ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ប្រាក់លាន ដែលទទួលបានប្រាក់រង្វាន់ចាប់ពី៣,៤លានរៀល ដល់ជាង៥លានរៀល ប៉ុន្តែ ប៊ុន សុធា និង យុគ យក្សផ្លែ មិនអាចផ្តួលគ្នាឲ្យសន្លប់ នៅវគ្គផ្តាច់ព្រ័ត្រ នោះទេ នាំឲ្យពួកគេ បានត្រឹមស្មើគ្នា និងបានចែកប្រាក់រង្វាន់ជាង២ ក្នុងនោះម្នាក់ៗទទួលបាន១,៨លានរៀល បូកទាំងប្រាក់រង្វាន់លើកទឹកចិត្តចំនួន២៥ម៉ឺនរៀលទៀតស្មើៗគ្នា៕

  • Loading...
  • Recent Posts