• នាយកដ្ឋាន២ទៀត ត្រូវបានអនុញ្ញាត ឲ្យបង្កើតឡើង ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡា នៅកម្ពុជា
  កីឡាផ្សេងៗ 6 months ago 92 Views

  អគ្គនាយកដ្ឋានកីឡា ចំនួន២ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រថាប់ត្រារួចហើយ ក្នុងការបង្កើតមានឡើង ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យកីឡា នៅក្នុងប្រទេសកម្ពុជា ពិសេសដើម្បីត្រៀមឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលត្រូវធ្វើនៅកម្ពុជា។

  យោងតាមអនុក្រឹត្យលេខ៤៦ អនុក្របក ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ដែលមានការចុះហត្ថលេខារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានោះ បានឲ្យដឹងថា នាយកដ្ឋានថ្មីទាំង២ ដែលនឹងត្រូវបង្កើតឲ្យមានឡើងនេះ គឺនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡា។

  ការបង្កើតឲ្យមានឡើងនូវនាយកដ្ឋានទាំង២នេះ វានឹងធ្វើឲ្យមាននាយកដ្ឋានរហូតដល់ចំនួន៦ ដែលស្ថិតក្រោមចំណុះរបស់អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ខណៈនាយកដ្ឋានទាំង៤ ដែលមានស្រាប់នៅពេលនេះ មាននាយកដ្ឋានអប់រំកាយ និងកីឡា, នាយកដ្ឋានសិស្សនិស្សិត, មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ព្រមទាំងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។

  យ៉ាងណាក៏ដោយ នាយកដ្ឋានទាំង៤នេះ គឺមានរចនាសម្ព័ន្ធ និងការបំពេញមុខងារខុសពីគ្នា នៅក្នុងវិស័យកីឡា ក្នុងនោះនាយកដ្ឋានអប់រំកាយ និងកីឡា ទទួលបន្ទុកគ្រប់គ្រងសហព័ន្ធកីឡាជាតិ ឬរៀបចំការប្រកួតកីឡាជម្រើសជាតិ ប្រចាំឆ្នាំ រីឯនាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត ទទួលបន្ទុកលើការប្រកួតកីឡា ចាប់ពីបឋមសិក្សា រហូតដល់ឧត្តមសិក្សា។

  ចំណែកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ទទួលបន្ទុកគ្រប់គ្រងកីឡាជម្រើសជាតិ ប្រមូលផ្តុំហ្វឹកហាត់ និងកីឡាថ្នាល ដែលក្នុងនោះមានទាំងការបំប៉ន និងការហ្វឹកហាត់។ ចំពោះវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទទួលបន្ទុកបណ្ដុះបណ្ដាលគ្រូអប់រំកាយ និងកីឡា ដើម្បីក្លាយជាគ្រូកីឡា នៅតាមអនុវិទ្យាល័យ ឬវិទ្យាល័យ។

  ទន្ទឹងជាមួយគ្នានេះ នាយកដ្ឋានទាំង២ ដែលនឹងត្រូវបង្កើតឡើងខាងមុខនេះ ក៏បានកំណត់ពីភារកិច្ចរួចហើយដែរ ក្នុងនោះនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា មានតួនាទីរៀបចំ គ្រប់គ្រងព្រឹត្តិការណ៍កីឡា និងការប្រកួត, សិក្សា ស្រាវជ្រាវ វាយតម្លៃ និងរៀបចំយន្តការការប្រកួតកីឡា និងព្រឹត្តិការណ៍កីឡាទាំងជាតិ និងអន្តរជាតិ,រៀបចំគោលការណ៍ និងលិខិតបទដ្ឋានគតិយុត្តនៃការប្រកួត និងព្រឹត្តិការណ៍កីឡា, រៀបចំផែនការប្រកួត និងព្រឹត្តិការណ៍កីឡា ព្រមទាំងសហការជាមួយអង្គការសង្គមជីវៈកីឡា អង្គការសង្គមកីឡា និងភាគីពាក់ព័ន្ធ ដើម្បីរៀបចំការប្រកួត និងព្រឹត្តិការណ៍កីឡា,បន្ថែមលើនេះ នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ត្រូវរៀបចំតាមដាន វាយតម្លៃ ត្រួយពិនិត្យ និងកត់ត្រាគុណផលកីឡា ដើម្បីទុកដាក់ជូនគណៈកម្មការបច្ចេកទេសជ្រើសរើសកីឡាករកម្រិតខ្ពស់ ដើម្បីពិនិត្យ និងសម្រេច, សិក្សារៀបចំយុទ្ធសាស្រ្ត និងស្វែងរកចលនូបត្ថម្ភ, ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារ តាមកាលកំណត់ជូនថ្នាក់ដឹកនាំក្រសួង និងទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាប្រគល់ជូន។

  ចំណែកមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡា មានតួនាទីប្រមូលទិន្នន័យព័ត៌មានពាក់ព័ន្ធនឹងការហ្វឹកហាត់ ការប្រកួត គុណផលកីឡា និងសុខភាពរបស់កីឡាករ, រៀបចំកម្មវិធីប្រព័ន្ធព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ ដើម្បីស្រង់ស្ថិតិ គ្រប់គ្រងព័ត៌មានពាក់ព័ន្ធការហ្វឹកហាត់កីឡាដើម្បីសុខភាព, រៀបចំផ្សព្វផ្សាយព័ត៌មាន ដែលទទួលបានពីបណ្តាយផ្សព្វផ្សាយផ្សេងៗ ឲ្យបានទូលំទូលាយ, រៀបចំកម្មវិធីវិទ្យាសាស្ត្រកុំព្យូទ័រ ដើម្បចូលរួមក្នុងការហ្វឹកហាត់ និងប្រកួតលក្ខណៈជាតិ និងអន្តរជាតិ, ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារតាមកាលកំណត់ ជូនថ្នាក់ដឹកនាំក្រសួង និងទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានកីឡាប្រគល់ជូន៕

 • Loading...
 • Recent Posts