• យុគ យក្សផ្លែ និង ប៊ុន សុធា មិនអាចសម្រេចបំណង ការចង់ជួបគ្នាជាថ្មី នៅ Mas Fight (មានវីដេអូ)
    ប្រដាល់ 2 weeks ago happybird

    ការចង់ជម្រះពីភាពមន្ទិលនៃលទ្ធផលស្មើគ្នា រវាងអ្នកលេងកណ្តាប់ដៃ យុគ យក្សផ្លែ និងកីឡាករជើងខ្លាំងវ័យក្មេង ប៊ុន សុធា នៅក្នុងកម្មវិធី Mas Fight Cambodia របស់សង្វៀនថោន ប្រហែលជាមិនអាចទៅរួចនោះទេ ព្រោះនាយកគ្រប់គ្រងកម្មវិធីនេះ បានមើលឃើញពីភាពមិនស័ក្តិសម ក្នុងការដាក់ឲ្យអ្នកទាំង២ ជួបគ្នាជាថ្មីនោះទេ។

    បើទោះបីជា ការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ទម្ងន់៥៧គីឡូក្រាម នៃកម្មវិធី Mas Fight Cambodia ប្រចាំសប្តាហ៍ទី៥ កាលពីថ្ងៃអាទិត្យ យុគ យក្សផ្លែ បានយកឈ្នះលើកីឡាករ អេរ៉ាវ៉ាន់ ចាន់រាជ ដោយពិន្ទុជាឯកចន្ទ ៣-០ ក្នុងវគ្គជម្រុះ ដើម្បីបានជួប ប៊ុន សុធា ដែលបានឈ្នះ ឯម សុធី ដោយពិន្ទុដូចគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែលោក គឹម ស្រ៊ុន បានបង្ហើបថា រវាងកីឡាករ យុគ យក្សផ្លែ និង ប៊ុន សុធា មានកម្ពស់ខុសគ្នាខ្លាំងពេក។

    លោក គឹម ស្រ៊ុនកុសល នាយកគ្រប់គ្រងកម្មវិធី Mas Fight Cambodia បានប្រាប់ថា៖ «វាជាការប្រកួតដ៏អស្ចារ្យ ដែលសូម្បីបងជាអ្នករៀបចំកម្មវិធីក៏មើលទៅព្រឺរោមដែរ ជាពិសេសការប្រកួតដ៏ស្វិតស្វាញរវាង ឯម សុធី និង ប៊ុន សុធា ប៉ុន្តែបងស្តាយបន្តិច ដែលគូរដណ្តើមប្រាក់លាន រវាងកីឡាករ យុគយក្សផ្លែ និង ប៊ុន សុធា មានកម្ពស់ខុសគ្នាខ្លាំងពេក ដែលជាហេតុធ្វើឲ្យកម្មវិធីប្រកួតរាងស្ទើរបន្តិច»

    លោកបានបន្ថែមថា៖ «ពីដំបូង ពួកបង ចាប់គូរ គឺផ្តោតលើសមត្ថភាពជាចម្បង ដោយមិនបានគិតលើកម្ពស់ទេ ប៉ុន្តែដល់តែកីឡាករឡើងឈរលើរេញ ទើបយើងដឹងថា កម្ពស់ក៏ជាចំណុចមួយ ដែលយើងនឹងយកទៅពិចារណាចាប់គូរនៅពេលក្រោយៗទៀតផងដែរ»

    តាមរយៈការលើកឡើងរបស់នាយកគ្រប់គ្រងកម្មវិធី Mas Fight Cambodia រូបនេះ អាចបង្ហាញឲ្យឃើញថា ការចង់ជួបគ្នាជាថ្មីរបស់ យុគ យក្សផ្លែ និង ប៊ុន សុធា ដើម្បីជម្រះភាពមន្ទិលរបស់អ្នកទាំង២ ក្នុងការប្រកួតស្មើគ្នា ក្នុងផ្តាច់ព្រ័ត្រ តាមរូបមន្ត Mas Fight កាលពីថ្ងៃអាទិត្យនោះ គឺប្រហែលជាមិនអាចទៅរួចនោះទេ។


    ជាមួយគ្នានេះ លោក គឹម ស្រ៊ុន កុសល ក៏បានសន្យាថា នឹងកែប្រែការប្រកួតនៅ Mas Fight ឲ្យកាន់តែប្រសើរឡើងផងដែរ។ លោកបានបញ្ជាក់ថា៖ «ក្នុងនាមអ្នករៀបចំកម្មវិធីប្រកួតម៉ាស់ហ្វៃ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរ ដែលតែងតែជួយគាំទ្រ នឹងផ្តល់គំនិតយោបល់ល្អៗដល់កម្មវិធី ហើយកម្មវិធីនឹងព្យាយាមកែលម្អ និងអភិវឌ្ឍកម្មវិធី ទៅតាមការស្នើសុំរបស់អ្នកគាំទ្រផងដែរ។ រាល់មតិយោបល់របស់អ្នកគាំទ្រ យើងមិនដែលមើលរំលងនោះទេ ព្រោះពួកគាត់ជាកញ្ចក់ឆ្លុះបញ្ជាំងឲ្យយើង»

  • Loading...
  • Recent Posts