• ប៊ុន សុធា និងយក្សផ្លែ ចង់ជួបគ្នាម្តងទៀត ក្រោយគ្មានអ្នកសន្លប់ ដើម្បីឈ្នះប្រាក់លាន
    ប្រដាល់ក្នុងស្រុក 4 weeks ago happybird

    ជើងខ្លាំងជំនាន់ក្រោយ ប៊ុន សុធា និងជើងចាស់ យុគ យក្សផ្លែ មិនអាចផ្តួលគ្នាឲ្យសន្លប់ ដើម្បីក្លាយជាម្ចាស់ប្រាក់លាន ក្នុងទម្ងន់៥៧គីឡូក្រាម នៃកម្មវិធី Mas Fight Cambodia នៅលើសង្វៀនថោន បាននោះទេ ប៉ុន្តែការប្រកួតប្រចាំសប្តាហ៍ទី៥ កាលពីថ្ងៃអាទិត្យ ពិតជាកក្រើក និងជក់ចិត្តខ្លាំងបំផុត ព្រោះទាំងវគ្គជម្រុះ និងវគ្គផ្តាច់ព្រ័ត្រ ពួកគេបានវាយប្តូរគ្នាយ៉ាងសាហាវ។
    នៅមុនការឡើងមកជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ប៊ុន សុធា និង យុគ យក្សផ្លែ បានឆ្លងកាត់ការប្រកួតយ៉ាងតានតឹងបំផុត ដោយក្នុងនោះ យក្សផ្លែ បានវាយប្តូរកណ្តាប់ដៃយ៉ាងលំបាក ដើម្បីយកឈ្នះលើក្បាច់ជង្គង់យ៉ាងល្អរបស់កីឡាករ អេរ៉ាវ៉ាន់ ចាន់រាជ ហើយ ប៊ុន សុធា បានយកឈ្នះជើងខ្លាំង ឯម សុធី ដោយពិន្ទុមិនឯកចន្ទ ២-១។

    ការប្រកួតគ្នារវាងជើងថ្មី ប៊ុន សុធា និងកីឡាករមានរហ័សនាមថា «មនុស្សយន្ត» ឯម សុធី បានក្លាយជាការប្រកួតដ៏ជក់ចិត្តបំផុត ព្រោះអ្នកទាំង២នេះ បានវាយប្តូរគ្នាគ្រប់ក្បាច់ ពិសេសកែង យ៉ាងសាហាវ ហើយក៏បានបន្សល់ស្នាមបែកនៅលើផ្ទៃមុខដូចគ្នា គឺ ឯម សុធី បែកក្បែរក្តោងច្រមុះ ឯ សុធា បែកនៅលើចិញ្ចើមខាងស្តាំ។ ប៉ុន្តែនៅក្នុងការប្រកួតជម្រុះត្រឹម៣ទឹកនោះ សុធី មានប្រៀបនៅទឹកទី១ តែបានចាញ់ប្រៀប ប៊ុន សុធា សម្រាប់ការប្រកួត២ទឹកចុងក្រោយវិញ។

    យ៉ាងណាក៏ដោយ ប៊ុន សុធា មិនអាចប្រើក្បាច់កែង និងជង្គង់ ដើម្បីផ្តួល យុគ យក្សផ្លែ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដែលប្រើច្បាប់ Mas Fight មានត្រឹម១ទឹកស្មើ៩នាទីបាននោះទេ ព្រោះ យក្សផ្លែ ដែលចាញ់ប្រៀបផ្នែកកម្ពស់ដាច់នោះ បានព្យាយាមវាយបុកដោយកណ្តាប់ដៃ ទាត់ និងធាក់ទប់ រហូតចប់៩នាទី និងបានលទ្ធផលស្មើ តាមរូបមន្ត Mas Fight គឺគ្មានអ្នកឈ្នះ បើមិនអាចវ៉ៃគ្នាឲ្យសន្លប់។

    លទ្ធផលស្មើរវាង ប៊ុន សុធា និង យុគ យក្សផ្លែ នៅវគ្គផ្តាច់ព្រ័ត្រ វាបានក្លាយជាកំណត់ត្រាថ្មី នៅក្នុងការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាននេះ ព្រោះការប្រកួត៤សប្តាហ៍កន្លងមក កីឡាករ ម៉ន វណ្ណី, ព្រឿង សុជាតិ, ឌុម កែវដា និង វ៉ាន់ វឿន សុទ្ធតែបានផ្តួលគូប្រកួតឲ្យសន្លប់នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាប្រាក់លាន ដែលទទួលបានប្រាក់រង្វាន់ចាប់ពី៣,៤លានររៀល រហូតដល់៥,៨លានរៀល។

    តាមរយៈការស្មើពិន្ទុគ្នានេះ ប៊ុន សុធា និង យុគ យក្សផ្លែ បានប្រាក់រង្វាន់ស្មើគ្នា គឺម្នាក់១,៨លានរៀល រួមជាមួយប្រាក់រង្វាន់លើកទឹកចិត្ត ម្នាក់២៥ម៉ឺនរៀលទៀត ហើយការមិនរកឃើញនៅអ្នកឈ្នះ នៅក្នុងការប្រកួតដ៏ពិសេសនោះ បានធ្វើអ្នកទាំង២ មិនអស់ចិត្តដូចគ្នា និងចង់ជួបគ្នាម្តងទៀត។

    ឆ្លើយតបទៅនឹងសំនួររបស់ពិធីករប្រដាល់ យុគ យក្សផ្លែ បាននិយាយ នៅក្នុងអំឡុងពេលឡើងទទួលប្រាក់រង្វាន់ថា៖ «បើសិនប្រធានផ្គូរផ្គងឲ្យពួកខ្ញុំជួបគ្នាម្តងទៀត ខ្ញុំនឹងខិតខំហ្វឹកហាត់បានល្អជាងនេះទៀត ហើយខ្ញុំសន្យាថា នឹងវ៉ៃឲ្យបានលើស៩នាទី»

    ឆ្លើយតបភ្លាមៗទៅនឹងការចង់ជួបគ្នារបស់ យុគ យក្សផ្លែ នេះ កីឡាករមកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប៊ុន សុធា បានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ គឺចិត្តជាកីឡាករ ឲ្យតែគាត់ពេញចិត្តប្រកួត ខ្ញុំស្វាគមន៍ជានិច្ច»។ ជាមួយគ្នានេះ ពិធីករប្រដាល់ បានប្រកាសបញ្ជាក់ថា អ្នកទាំង២នេះ នឹងជួបគ្នា នៅក្នុងកម្មវិធី Mas Fight ម្តងទៀត ទៅតាមអ្វីដែលពួកគាត់បានស្នើសុំ៕

  • Loading...
  • Recent Posts