• សោម វិឆ័យ មិនចាត់ទុក រិន សារ័ត្ន ជាឧបសគ្គ ក្នុងការឆ្ពោះទៅឈ្នះពាន និងប្រាក់រង្វាន់៤ពាន់ដុល្លារ
    ប្រដាល់ 3 weeks ago happybird

    កីឡាករ សោម វិឆ័យ មិនបានចាត់ទុក រិន សារ័ត្ន ជាឧបសគ្គ ចំពោះរូបគេ ក្នុងការឆ្ពោះទៅដណ្តើមពាន TV5 Boxing Knock Out Series ក្នុងទម្ងន់៦៣,៥គីឡូក្រាម អមជាមួយប្រាក់រង្វាន់៤០០០ដុល្លារ នៅវគ្គផ្តាច់ព្រ័ត្រនោះទេ។

    «ខ្ញុំគិតថា ប្រាក់រង្វាន់ចំនួន៤០០០ដុល្លារ នឹងបានមករូបខ្ញុំ ព្រោះ រិន សារ័ត្ន មិនមែនជាឧបសគ្គធំសម្រាប់ខ្ញុំ ក្នុងវគ្គផ្តាច់ព្រ័ត្រនោះទេ»។ នេះជាការលើកឡើងរបស់ សោម វិឆ័យ បន្ទាប់ពីរូបគេបានយកឈ្នះកីឡាករ ពុយ វណ្ណៈ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅសង្វៀនប៉ុស្តិ៍លេខ៥ កាលពីថ្ងៃសៅរ៍។

    ការយកឈ្នះដោយពិន្ទុទាំងលំបាកលើ ពុយ វណ្ណៈ សម្រាប់ការប្រកួតត្រឹម៣ទឹក នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វាបានធ្វើឲ្យ សោម វិឆ័យ ហាក់មើលឃើញពីលទ្ធផលនៃការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែឧសភា ខាងមុខនេះទៅហើយ បើទោះបីជា រិន សារ័ត្ន បានទម្លាក់ វ៉ែន ហុងជីវ៉ុង ដោយការយកឈ្នះដោយពិន្ទុដូចគ្នា និងមិនធ្លាប់ចាញ់សោះដូចគ្នា នៅក្នុងការប្រកួតជម្រុះទាំង៣ដំណាក់កាល កន្លងមកក្តី។

    បន្ថែមលើនេះ លោក ឡុង វិបុល គ្រូបង្វឹករបស់ សោម វិឆ័យ បាននិយាយថា៖ «សោម វិឆ័យ មានភាគរយខ្ពស់ ក្នុងការដណ្តើមយកពាន និងប្រាក់រង្វាន់ចំនួន ៤០០០ដុល្លារ ព្រោះតាមខ្ញុំព្យាករណ៍ឧបសគ្គ ក្នុងការដណ្តើមពាននេះមិនធំទេ ប៉ុន្តែខ្ញុំមិននិយាយពីលទ្ធផលមុនប្រកួតទេ កុំឲ្យគេថា យើងអួត»

    ចំណែក រិន សារ័ត្ន ក៏បានត្រៀមចិត្ត សម្រាប់ឡើងទៅជួប សោម វិឆ័យ នៅវគ្គផ្តាច់ព្រ័ត្រផងដែរ។ រិន សារ័ត្ន ដែលធ្លាប់មានបទពិសោធ តាំងការប្រកួតវាយដាក់ទ្រុង ក្នុងកម្មវិធី ONE Championships នៅក្រៅប្រទេសនោះ បានបញ្ជាក់ថា៖ «អ្វីដែលខ្ញុំគិត គឺត្រូវប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំង ព្រោះការប្រកួត ដែលទទួលបានលទ្ធផលល្អ វាអាស្រ័យនៅលើកម្លាំង និងបច្ចេកទេស បានមកពីការខំហ្វឹកហាត់នេះ»

  • Loading...
  • Recent Posts