• អ្នកគ្រប់គ្រងកម្មវិធី Mas Fight Cambodia ថា ការប្រកួតដណ្តើមប្រាក់លាន នៅសប្តាហ៍នេះ អាចមានករណីសន្លប់
    ប្រដាល់ក្នុងស្រុក 5 months ago 25 Views

    ការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ទម្ងន់៥៧គីឡូក្រាម ប្រចាំសប្តាហ៍ទី៥ នៃកម្មវិធី Mas Fight Cambodia នៅលើសង្វៀនថោន នាថ្ងៃអាទិត្យនេះ ត្រូវបានអ្នកគ្រប់គ្រងកម្មវិធី វាយតម្លៃថា នឹងមានភាពស្វិតស្វាញខ្លាំង ហើយករណីសន្លប់ នឹងអាចកើតមានឡើង ជាពិសេសនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ។

    ចំពោះបេក្ខភាព ដែលត្រូវបានដាក់ឲ្យប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន នៅសប្តាហ៍នេះ សុទ្ធតែជើងខ្លាំងកំពុងមានប្រជាប្រិយភាព ពិសេស ប៊ុន សុធា និង ឯម សុធី ចំណែក យុគ យក្សផ្លែ និង អេរ៉ាវ៉ាន់ ចាន់រាជ ក៏មានសមត្ថភាព មិនអាចមើលរំលងបាននោះដែរ ហើយនេះជាអ្វីដែលលោក គឹម ស្រ៊ុនកុសល នាយកគ្រប់គ្រងកម្មវិធីប្រកួត Mas Fight Cambodia ថាការប្រកួតនេះ នឹងតានតឹងខ្លាំង។

    លោក គឹម ស្រ៊ុនកុសល បានប្រាប់ថា៖ «ការប្រកួតនៅសប្តាហ៍នេះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ពីគ្រប់មជ្ឈដ្ឋានអ្នកនិយមប្រដាល់គុនខ្មែរ ហើយវាជាការប្រកួត ដែលពិបាកទស្សន៍ទាយ ដោយសារកីឡាករទាំង៤នាក់នេះ ត្រូវចាប់ឆ្នោតនៅសង្វៀនប្រដាល់ មុនការប្រកួតតែម្តង»

    សម្រាប់លក្ខខណ្ឌនៅក្នុងការប្រកួតនេះ គឺកីឡាករទាំង៤នាក់ខាងលើ ត្រូវធ្វើការចាប់ឆ្នោត មុនការប្រកួត ហើយអ្នកឈ្នះនៅក្នុងការប្រកួតត្រឹម៣ទឹក នៅជុំទី១នេះ នឹងត្រូវឡើងទៅជួបគ្នានៅជុំទី២ ឬវគ្គផ្តាច់ព្រ័ត្រ ដែលប្រកួតតាមរូបមន្ត Mas Fight មានត្រឹម១ទឹក ស្មើ៩នាទី ខណៈអ្នកអាចផ្តួលគូប្រកួតឲ្យសន្លប់ នឹងក្លាយជាម្ចាស់ប្រាក់លាន តែបើស្មើគ្នា(គ្មានអ្នកសន្លប់) ត្រូវចែកប្រាក់រង្វាន់ជា២។

    លោក ស្រ៊ុនកុសល បានបន្តថា៖ «នៅក្នុងការប្រកួតលើកនេះ បើសិនជាអ្នកណាស្មានខុស ឬប្រហែស ច្បាស់ជាមានអ្នកសន្លប់ហើយ ហើយខ្ញុំផ្ទាល់ក៏មិនអាចព្យាករណ៍ទុកមុនបាននោះដែរ ព្រោះអ្នកទាំង៤នេះ សុទ្ធតែល្អ ប៉ុន្តែសំខាន់ត្រង់ថា តើកីឡាករណា មានល្បិចចេះវាយយកពិន្ទុ បានឬមិនបាន។ ទោះយ៉ាងណា ខ្ញុំគិតថា នៅក្នុងការប្រកួតវគ្គជម្រុះ កីឡាករទាំងអស់ នឹងប្រើបច្ចេកទេស វាយយកពិន្ទុ គឺមិនប្រឹងវាយឲ្យសន្លប់នោះទេ»

    នាយកគ្រប់គ្រងកម្មវិធីប្រកួត Mas Fight Cambodia រូបនេះ បានបញ្ជាក់ថា៖ «ប៉ុន្តែបើចូលវគ្គផ្តាច់ព្រ័ត្រ កីឡាករច្បាស់ជាវ៉ៃប្តូរ ព្រោះបើមិនវ៉ៃប្តូរទេ គឺមិនអាចសន្លប់ឡើយ ហើយក្នុងនោះ បើ ឯម សុធី បានចូលដល់ជុំទី២មែននោះ សុធី ច្បាស់ជាចូលវ៉ៃប្តូរ ដើម្បីផ្តួលគូរប្រកួតឲ្យសន្លប់ជាមិនខាន ព្រោះ សុធី មានជំនាញខាងចូលវ៉ៃប្តូរ តែបើមានកីឡាករណាម្នាក់ អាចផ្តួល ឯម សុធី ឬ ប៊ុន សុធា បាននៅជុំទី១ គឺច្បាស់ណាស់ អ្នកនោះ នឹងមានប្រៀបអាចឈ្នះ នៅជុំផ្តាច់ព្រ័ត្រ»

  • Loading...
  • Recent Posts