• សួន ចាន់នី ត្រៀមកែង ដើម្បីជម្រះបញ្ជីជាមួយ ឡុង សំណាង រីឯ ឈឿង ល្វៃ ផ្សងព្រេងមកជួប ឡៅ ចន្ទ្រា
    CTN | ប្រដាល់ 3 weeks ago happybird

    កីឡាករ សួន ចាន់នី និង ឡុង សំណាង ដែលសុទ្ធតែទើបបានចាញ់ក្រោមទម្ងន់ជើង មឿន សុខហ៊ុចនោះ នឹងត្រូវវិលមកជម្នះបញ្ជីគ្នាជាមួយម្តងទៀត នៅក្នុងការប្រកួតបិទទ្វារ នៅលើសង្វៀន CNC នាព្រឹកថ្ងៃសៅរ៍នេះ ចំណែកជើងថ្មី ឈឿង ល្វៃ ឬ ឈឿង វ៉ៃ បានផ្សងសំណាងមកជួបជើងខ្លាំង ឡៅ ចន្ទ្រា នៅថ្ងៃជាមួយគ្នានេះដែរ។

    តាមប្រវត្តិជួបគ្នាកន្លងមក សួន ចាន់នី (សូត្រ ប៊ុនធី) ធ្លាប់បានចាញ់ ឡុង សំណាង ២លើកមកហើយ គឺចាញ់នៅការប្រកួតជើងឯកជាតិឆ្នាំ២០១៩ម្តង និងបានចាញ់ កាលពីពេលថ្មីៗនេះម្តងទៀត ប៉ុន្តែចាញ់ត្រឹមពិន្ទុទាំងប្រផិតប្រផើយបំផុត ដែលធ្វើឲ្យ ចាន់នី នៅតែមិនអស់ចិត្ត។

    ចំណែកការជួបគ្នាលើកនេះ លោក សួន ប៊ុនសូត្រ ដែលជាគ្រូបង្វឹក និងជាឪពុករបស់ សួន ចាន់នី បានអះអាងថា ចាន់នី បានត្រៀមកែងរួចជាស្រេច ដើម្បីសងសឹក ឡុង សំណាង ។ លោកនិយាយថា៖ « ចាន់នី កំពុងហ្វឹកហាត់ត្រៀមបានល្អ ដើម្បីប្រកួតសងសឹក ដោយមានទំនុកចិត្តថា នឹងយកឈ្នះបានវិញ ដែលយើងប្រើស្នៀតវ៉ៃឆ្ងាយ និងស្នៀតកែង ដោយយើងសម្រួចឲ្យបានល្អ»

    យ៉ាងណាក៏ដោយ លោក ឡុង សាលវ័ន្ត នៅតែមានជំនឿថាកូនសិស្សរបស់លោក ឡុង សំណាង នៅតែមានភាគរយឈ្នះខ្ពស់។ លោកបាននិយាយថា៖ «ឡុង សំណាង អាចចាញ់ប្រៀបក្បាច់កែង សួន ចាន់នី ដែរ ប៉ុន្តែបើឱបជាប់ឡើងជង្គង់វិញ សំណាង វ៉ៃជង្គង់បានលឿនជាង និងមានប្រៀបជាង ហេតុនេះខ្ញុំនៅតែមានសង្ឃឹមថា ឡុង សំណាង នឹងឱកាសឈ្នះ៧០ភាគរយ»

    ដោយឡែក ការជួបគ្នារវាងកីឡាករ ឈឿង ល្វៃ និង ឡៅ ចន្ទ្រា ត្រូវបានគេមើលឃើញថា វាគ្រាន់តែការផ្សេងព្រេងរបស់ ឈឿង ល្វៃ ក្នុងការមកជួប ចន្ទ្រា ព្រោះអ្នកទាំង២នេះ មានបទពិសោធប្រកួតខុសគ្នាឆ្ងាយ ហើយបច្ចេកទេសប្រកួត និងក្បាច់សម្លាប់ ក៏ស្ថិតនៅក្រោម ចន្ទ្រា ដែរ។

    យ៉ាងណាក៏ដោយ ឈឿង ល្វៃ ដែលទើបតែសាងភាពល្បីល្បាញក្នុងរយៈពេលមួយឆ្នាំ ហើយទើបបានទាត់ឲ្យសិស្សប្អូន ឡៅ ចន្ទ្រា គឺ វង្ស វិឆ័យ បណ្តាលឲ្យបែកលើកភ្នែកយ៉ាងធំ ដើម្បីបានបញ្ចប់ដោយលទ្ធផលស្មើនោះ បាននិយាយថា៖ «ខ្ញុំសប្បាយចិត្ត ពេលបានប្រកួតជាមួយជើងខ្លាំង មានបទពិសោធល្អ ហើយបើទោះបីជាចាញ់ ក៏មិនអីដែរ គឺខ្ញុំនឹងខំប្រឹងវ៉ៃអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍខ្លួនឯង»

  • Loading...
  • Recent Posts