• សំណាង ឌីណា សុំឲ្យសប្បុរសជនជួយ ដើម្បីអាចវិលមកប្រកួត រកប្រាក់ផ្គត់ផ្គង់ជីវភាព ដែលខ្វះខាតខ្លាំង
    ប្រដាល់ 4 weeks ago happybird

    កីឡាករ កំពុងមានរបួសជាប់ខ្លួន សំណាង ឌីណា បានទទួចសុំក្តីមេត្តាពីសប្បុរសជន តាមរយៈគ្រូបង្វឹករបស់ខ្លួនគឺ លោក ជួន សំណាង ដើម្បីអាចមានប្រាក់ព្យាបាលរបួសកប់សរសៃស្នាដៃខាងស្តាំ ឲ្យបានជាសះស្បើយវិញ ខណៈរបួសនេះ បានធ្វើឲ្យរូបគេ ខកខានឡើងប្រកួតនៅលើសង្វៀនជិត៤ឆ្នាំមកហើយ។

    សំណាង ឌីណា ដែលធ្លាប់ជាជើងខ្លាំងមួយរូប ដោយបានឈ្នះមេដាយ និងពានពីការប្រកួតគុនជ្រើសរើសជើងឯកថ្នាក់ជាតិនោះ ពិតជាចង់វិលត្រឡប់មកប្រកួតនៅលើសង្វៀនជាថ្មី ដើម្បីអាចទទួលបានកម្រៃពីការប្រកួត យកទៅជួយផ្គត់ផ្អង់ដល់ជីវភាពគ្រួសារ ដែលកំពុងមានការខ្វះខាត។

    ជុំវិញនឹងបញ្ហារបស់កីឡាករ សំណាង ឌីណា នេះ លោក ជួន សំណាង ដែលជាគ្រូបង្វឹក បានបង្ហោះសារស័ព្ទបែបសង្វេគចិត្ត កាលពីពេលថ្មីៗនេះថា៖ «ខ្ញុំបាទ ជួន សំណាង ជាគ្រូបង្វឹកនៅក្លិបប្រដាល់កងចក្ររាជសីហ៏គុនខ្មែរ នៃសមាគមន៏កីឡាក្រសួងមហាផ្ទៃ សូមគោរពអនុញ្ញាត និងសូមអំពាវនាវ ដល់ សម្តេច ទ្រង ឯកឧត្តម លោកជំទាវ អ្នកឧកញា ពុកម៉ែបងប្អូន ប្រិយមិត្ត និងសប្បុរសជន ជិតឆ្ងាយ ជាទីគោរព ពេលនេះ ខ្ញុំបាទ ត្រូវការ ជំនួយ ដើម្បីជួយដល់ កូនសិស្សរបស់ខ្ញុំបាទ សំណាង ឌីណា ដែលកំពុង រងនៅរបួស កប់សរសៃស្មាដៃខាងស្តាំ ពេលឡើងប្រកួត ហើយគ្មានលទ្ធភាព ព្យាបាល»។

    លោក ជួន សំណាង បានបន្តថា៖ «សំណាង ឌីណា មិនបានចូលរួមឡើងប្រកួត អស់រយៈពេលជិត៤ឆ្នាំមកហើយ ហើយដោយសារស្ថានភាពជីវភាពជួបបញ្ហាខ្វះខាត ជាខ្លាំង គាត់ចង់បន្តអាជីពឡើងវិញ ដើម្បីរកចំណូលជួយក្រុមគ្រួសារ តែមិនអាចប្រកួតបាន ព្រោះបញ្ហាជំងឺ មិនទាន់ជាសះស្បើយ ដូច្នេះមានតែសុំការអន្តរាគមន៏ពីសប្បុរសជនជិតឆ្ងាយមេត្តា ជួយដោយសេចក្តីអនុគ្រោះ តាមការគួរ ដើម្បីរកថវិកាសម្រាប់ព្យាបាលខ្លួន»

    នៅក្រោយការអំពាវនាវសុំក្តីមេត្តារបស់លោក ជួន សំណាង នេះ គឺរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញមានសប្បុរសជនជិតឆ្ងាយបានចូលរួមជួយផ្តល់ជាថវិកាខ្លះៗ ហើយថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមានលោក តែម ម៉ឺន ជាប្រធាននោះ ក៏បានផ្តល់ប្រាក់ជួយដល់ សំណាង ឌីណា ផងដែរ។

    យ៉ាងណាក៏ដោយ សំណាង ឌីណា នៅតែទទួចសុំឲ្យមានការជួយឧបត្ថម្ភបន្ថែមពីសប្បុរសជន តាមរយៈលេខទូរស័ព្ទ 077756299/070839220/0978443166 ដើម្បីរូបគេមានថវិកាគ្រប់គ្រាន់ ក្នុងការព្យាបាលរបួសកប់សរសៃស្មាដៃខាងស្តាំនេះ ឲ្យបានជាសះស្បើយ១០០ភាគរយ ដើម្បីរូបគេអាចចូលហ្វឹកហាត់ និងត្រៀមប្រកួតជាថ្មី រកប្រាក់មកជួយទំនុកបម្រុងដល់គ្រួសាររបស់គេ ដែលកំពុងមានបញ្ហាខ្វះខាតខ្លាំង៕

  • Loading...
  • Recent Posts