• រិន ដាវីត ថា៖ «រូបគេស្មានខុស ទើបសន្លប់ក្រោមកែងរបស់ វ៉ាន់ វឿន លឿនបែបនេះ»
    ប្រដាល់ 4 weeks ago happybird

    កីឡាករកំពុងសាងបានភាពល្បី រិន ដាវីត បានបង្ហាញការសោកស្តាយ និងបានអះអាងថា រូបគេបានស្មានខុសទៅនឹងក្បាច់វ៉ៃរបស់ វ៉ាន វឿន ទើបធ្វើឲ្យរូបគេ សន្លប់យ៉ាងលឿន នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រដណ្តើមប្រាក់លាន ទម្ងន់៥៤គីឡូក្រាម នៃកម្មវិធី Mas Fight Cambodia នៅលើសង្វៀនថោន កាលពីថ្ងៃអាទិត្យ។

    រិន ដាវីត ដែលបានដួលសន្លប់ត្រឹមរយៈពេល២៤វិនាទី ក្រោមផ្លែកែងរបស់ វ៉ាន់ វឿន នោះ បាននិយាយ ក្រោយការប្រកួតថា៖«ការសន្លប់នេះ ដោយសារខ្ញុំភ្លាត់ស្នៀត! ខ្ញុំខំបិទដៃ ព្រោះស្មានគាត់វ៉ៃដៃ តែគាត់វាយកែង»។

    នៅក្នុងការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាននេះ រិន ដាវីត បានយកឈ្នះដោយពិន្ទុជាឯកចន្ទ ៣-០ លើកីឡាករ សាន សំអុន នៅក្នុងការប្រកួតជម្រុះគុនខ្មែរ ដែលមានត្រឹម៣នាក់ ហើយលទ្ធផលនេះ បានជួយឲ្យរូបគេបានឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ដោយត្រូវជួប វ៉ាន់ វឿន ដែលបានយកឈ្នះលើជើងខ្លាំង ខេម ចាន់ ដោយពិន្ទុ ៣-០ នៅវគ្គជម្រុះដែរ។
    យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដែលយកតាមច្បាប់ Mas Fight មានត្រឹម១ទឹក មាន៩នាទីពេញនោះ រិន ដាវីត ត្រូវបាន វ៉ាន់ វឿន វាយកែងស្តាំ ចំពីលើក្បាលបណ្តាលឲ្យបែក ដេរអស់៤ថ្នេ និងសន្លប់ក្រោកលែងរួច នៅត្រឹមរយៈពេល២៤វិនាទីប៉ុណ្ណោះ។

    រិន ដាវីត បានបង្ហាញការសោកស្តាយ ចំពោះការចាញ់លឿនបែបនេះ ដែលធ្វើឲ្យរូបគេបានប្រាក់រង្វាន់ត្រឹម១,៨លានរៀល ក្នុងនាមជាអ្នកចាញ់។ កីឡាករវ័យក្មេងរូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំមិនទាន់បានខំប្រឹង១០០ភាគរយនោះទេ ព្រោះខ្ញុំភ្លាត់ស្នៀត។ ខ្ញុំមានការសោកស្តាយចំពោះការចាញ់បែបនេះ អ៊ីចឹងហើយបើសិនជាមានឱកាស ខ្ញុំចង់ជួបគាត់ម្តងទៀត ដោយប្រកួតលក្ខណៈ Mas Fight បែបនេះទៀត»

    កីឡាករ វ៉ាន់ វឿន បានទទួលស្គាល់ថា រិន ដាវីត ពិតជាបានភ្លាត់ស្នៀត ទើបធ្វើឲ្យរូបគេក្លាយជាម្ចាស់ប្រាក់លាន ដោយទទួលបានប្រាក់រង្វាន់៣,៤លានរៀល ជាមួយការប្រើពេលប្រកួតលឿនបែបនេះ។ វ៉ាន់ វឿន បាននិយាយក្រោយការប្រកួតថា៖«វាដូចអ្វីដែលគាត់និយាយអ៊ីចឹង គឺគាត់ភ្លាត់ស្នៀតចូលកែង តែការវាយកែងនេះ ជាបំណងរបស់ខ្ញុំ មិនមែនដោយចាយដន្យទេ»។
    ចំពោះការចង់ជួបគ្នាម្តងទៀតរបស់ រិន ដាវីដ កីឡាករជាម្ចាស់ប្រាក់លាន វ៉ាន់ វឿន បានឆ្លើយតបថា៖ «ខ្ញុំចាំទទួលជានិច្ច ចំពោះសិស្សប្អូន ដែលចង់ប្រកួតជាមួយខ្ញុំ គឺកីឡករណាក៏ដោយ ដែលចង់ជួបខ្ញុំ ហើយទោះបីជាលទ្ធផលការប្រកួតហ្នឹងទៅជាយ៉ាងណា ប៉ុន្តែខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាព»

  • Loading...
  • Recent Posts