• ម្ចាស់មេដាយស៊ីហ្គេម វ៉ាន់ វឿន និង ខេម ចាន់ អាចប៉ះគ្នា នៅក្នុងការប្រកួតប្រាក់លាន
    បាល់ទាត់ក្នុងស្រុក 1 year ago 177 Views

    កីឡាករជើងខ្លាំងជំនាន់ក្រោយ វ៉ាន់ វឿន និង ខេម ចាន់ ដែលសុទ្ធតែធ្លាប់ឈ្នះបានមេដាយសំរឹទ្ធ ជូនប្រទេសជាតិ ពីការប្រកួតស៊ីហ្គេម កន្លងមកនេះ អាចនឹងប្រឈមមុខដាក់គ្នា ជាថ្មីម្តងទៀត នៅក្នុងការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម នៃកម្មវិធី Mas Figth Cambodia នៅលើសង្វៀនថោន នាល្ងាចថ្ងៃអាទិត្យនេះ។

    បើទោះបីជាការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាននេះ មានបេក្ខភាព៤នាក់ ចូលរួម ហើយតម្រូវឲ្យធ្វើការចាប់ឆ្នោតមុនការប្រកួត ប៉ុន្តែរវាង ខេម ចាន់ និង វឿន វ៉ាន់ នៅតែមានភាគរយខ្ពស់ ក្នុងការជួបគ្នា គឺបើទោះបីជា ចាប់ឆ្នោតមិនប៉ះគ្នា នៅវគ្គជម្រុះ ក៏អ្នកទាំង២នេះ អាចនឹងឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រដែរ។

    ការវាយតម្លៃបែបនេះ ក៏ព្រោះតែបេក្ខភាព២នាក់ទៀត មាន រិន ដេវីត និង សាន សំអុន សុទ្ធតែជាកីឡាករមានបទពិសោធខ្ចីវស្សា និងមានសមត្ថភាពប្រកួត មិនទាន់អាចទៅប្រៀបផ្ទឹមជាមួយ វ៉ាន់ វឿន និង ខេម ចាន់ បាននោះទេ ហេតុនេះម្ចាស់ប្រាក់លាន នៅសប្តាហ៍ទី៤ ត្រូវបានគេគិតថា អាចជា វ៉ាន់ វឿន ឬ ខេម ចាន់ គឺមិនអាចធ្លាក់ទៅលើ រិន ដេវីត ឬ សាន សំអុន បាននោះទេ។

    យ៉ាងណាក៏ដោយ លោក គឹម ស្រ៊ុនកុសល នាយកគ្របគ្រប់កម្មវិធី Mas Fight Cambodia នៅសង្វៀនថោន បានអះអាងថា រិន ដាវីត និង សាន សំអុន មានសមត្ថភាពអាចប្រកួតប្រជែងបាន។ លោកបាននិយាយថា៖ «បើទោះបីជា វ៉ាន់ វឿន និង ខេម ចាន់ មានបទពិសោធច្រើនជាង និងមានសមត្ថភាពខ្ពស់ ប៉ុន្តែ រិន ដាវីត និង សាន សំអុន ជាកីឡាករជើងថ្មី ដែលកំពុងមានសមត្ថភាពរីកចម្រើនផងដែរ ហេតុនេះការប្រកួត នឹងមានភាពស្វិតស្វាញ គឺមិនទាន់អាចព្យាករណ៍លទ្ធផលទុកមុនបានទេ»។

    សម្រាប់រូបមន្ត និងលក្ខខណ្ឌ ដែលត្រូវប្រើនៅក្នុងការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាននេះ គឺការប្រកួតជម្រុះ ត្រូវអនុវត្តតាមច្បាប់ប្រកួតគុនខ្មែរ ដោយប្រកួតត្រឹម៣ទឹក ហើយអ្នកឈ្នះ ត្រូវឡើងទៅប្រកួតគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ដោយប្រើរូបមន្ត Mas Fight វិញម្តង គឺប្រកួតគ្នាត្រឹម១ទឹក មាន៩នាទី ហើយអ្នកផ្តួលគូប្រកួតឲ្យសន្លប់ នឹងក្លាយជាម្ចាស់ប្រាក់លាន តែបើគ្មានអ្នកសន្លប់ គឺស្នើគ្នា នឹងត្រូវចែករង្វាន់ជា២ស្មើគ្នា។

    ជាមួយនឹងលក្ខខណ្ឌនៃការប្រកួតនេះ វានឹងមិនធ្វើឲ្យមានការប្រកួតទម្លាក់ដៃ ឬបន្ធូរដៃឲ្យគ្នានោះទេ ព្រោះម្នាក់ៗ សុទ្ធតែចង់ក្លាយជាម្ចាស់ប្រាក់លាន ហើយការប្រកួតនេះ ក៏ជាពេលវេលាដែល ខេម ចាន់ ត្រូវជម្រះបញ្ជីជាមួយ វ៉ាន់ វឿន ចំពោះការចាញ់ដោយពិន្ទុទាំងមិនអស់ចិត្ត សម្រាប់ការប្រកួតនៅសង្វៀន CNC កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះផងដែរ បើសិនជាអ្នកទាំង២ ពិតជាបានជួបគ្នា នៅក្នុងវគ្គណាមួយ ដូចគ្នាទៅនឹងអ្វី ដែលអ្នកទស្សនា បានរំពឹងទុកនោះ៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts