• មន្រ្តីជំនាញរបស់ក្រសួងអប់រំ ចាប់ផ្តើមបើកការប្រជុំ អនុវត្តថវិកា ជាមួយសហព័ន្ធកីឡាជាតិ
    កីឡាក្នុងស្រុក 1 month ago V-Dr

    មន្រ្តីជំនាញទទួលបន្ទុលផ្នែកកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ដំណើរការប្រជុំការអនុវត្តថវិកា ជាមួយសហព័ន្ធកីឡាជាតិ និងភាគីពាក់ព័ន្ធ ដើម្បីពន្លឿនទៅតាមផែនការមេ នៃការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

    តាមលិខិតបង្គាប់ការរបស់ក្រសួងអប់រំ បានឲ្យដឹងថា មន្រ្តីជំនាញផ្នែកកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានចែកជា៣ផ្នែកដាច់ពីគ្នា ដើម្បីជួបជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ ដោយក្នុងនោះ ក្រុមទី១ ដឹកនាំដោយលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ ឯក្រុមទី២ ដឹកនាំដោយលោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ ចំណែកក្រុមទី៣ ដឹកនាំដោយលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា។

    ជាមួយគ្នានេះ លោក អ៊ុក សិទ្ធិជាតិ កាលពីថ្ងៃពុធនេះ បានធ្វើការប្រជុំមុនគេ ជាមួយសហព័ន្ធកីឡាល្បុក្កតោកម្ពុជា សហព័ន្ធសូហ្វតិន្នីសកម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខែ្មរ សហព័ន្ធកីឡាសិស្សនិស្សិត សហព័ន្ធកីឡាប៊េសប្បលកម្ពុជា និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ហើយលោកនឹងជួបជាមួយសហព័ន្ធមួយចំនួនជាបន្តទៀត ព្រោះតាមផែនការ ក្រុមនីមួយៗ ត្រូវជួបជាមួយសហព័ន្ធកីឡាជាតិចំនួន១៥សហព័ន្ធដូចគ្នា។

    ជុំវិញគោលបំណងសំខាន់នៃការប្រជុំជាមួយសហព័ន្ធកីឡាជាតិនេះ ត្រូវបានមន្រ្តីជំនាញម្នាក់ ប្រាប់ថា៖ «ការប្រជុំ ឬជួបគ្នា ជាមួយសហព័ន្ធកីឡាជាតិនេះ គឺថ្នាក់ដឹកនាំរបស់យើង នៅតាមក្រុមនីមួយៗ ចង់ដឹងពីការអនុវត្តថវិកា នៅតាមសហព័ន្ធកីឡាជាតិនីមួយៗ ដែលក្រសួងបានផ្តល់ឲ្យទៅតាមគោលការណ៍ កាលពីឆ្នាំ២០១៩ ហើយក៏ដើម្បីជម្រាបជូនសហព័ន្ធកីឡាជាតិ ឲ្យយល់កាន់តែច្បាប់ពីគោលការណ៍ហិរញ្ញវត្ថុ ក្នុងការអនុវត្តថវិកា ដែលក្រសួងអប់រំ បានផ្តល់ជូនទៅសហព័ន្ធនីមួយៗនេះ ផងដែរ»។

    មន្រ្តីដដែលនេះ បានប្រាប់បន្ថែមថា៖ «ជាមួយគ្នានោះ ថ្នាក់ដឹកនាំ នៅតាមក្រុមនីមួយៗ ក៏ផ្តល់ឱកាសឲ្យតំណាងសហព័ន្ធកីឡាជាតិនីមួយៗ លើកឡើងនៅបញ្ហាប្រឈម ព្រមទាំងកត់ត្រាទុកនូវសូមណូមពររបស់សហព័ន្ធ ទាក់ទងនឹងការអនុវត្តថវិកានេះផងដែរ ដើម្បីយកទៅពិភាក្សាជាមួយថ្នាក់លើ និងរួមគ្នាដោះស្រាយ គឺធ្វើយ៉ាងណាឲ្យផែនការមេ នៃការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ អាចដំណើរការទៅបានរលូន ទាន់ពេលវេលា និងមានប្រសិទ្ធភាព»៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts