• អាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិ ចំណាយការជួសជុលអស់ជិត៣លានដុល្លារ
    កីឡាក្នុងស្រុក 1 month ago V-Dr

    សហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមជំនួយរបស់ក្រុមហ៊ុនសាងសង់ផ្លូវ Shanghai Construction បានចំណាយថវិកាអស់ជិត៣លានដុល្លារ ក្នុងការជួសជុលអាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិ ឲ្យប្រែក្លាយជាអាងហែលទឹកស្តង់ដារអន្តរជាតិ ដ៏ពិតប្រាកដ សម្រាប់ជាកន្លែងហ្វឹកហាត់ និងប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ពិសេសសម្រាប់ត្រៀមរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣។

    បន្ទាប់ពីបានចំណាយការជួសជុលអស់រយៈពេល១៨ខែ អាងហែលទឹក ដែលត្រូវបានសាងសងឡើងតាំងពីឆ្នាំ១៩៦១ មួយនេះ ត្រូវបានជួសជុលរួចរាល់ ទៅតាមលក្ខណៈស្តង់ដារអន្តរជាតិ ដ៏ស្រស់ស្អាត ហើយកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ព្រមទាំងមន្រ្តីកីឡាជាច្រើនរូបនេះ បានអញ្ជើញទៅពិនិត្យ និងទទួលយកអាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិ ពីក្រុមហ៊ុនសងសង់មកវិញ ដើម្បីត្រៀមដាក់ឲ្យប្រើប្រាស់ នាពេលឆាប់ៗខាងមុខនេះ។

    លោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានថ្លែង នៅក្រោយការពិនិត្យនោះថា៖«នៅថ្ងៃនេះ យើងបានទទួលអាងហែលទឹក ដែលបានជួសជុល ប្រើពេលវេលាអស់១៨ខែ ដោយប្រើថវិកាអស់ជិត៣លានដុល្លារ ដែលជាជំនួយរបស់ក្រុមហ៊ុន Shanghai Construction គឺគាត់បានស្ម័គ្រចិត្តជួយជួសជុលផង និងពង្រីកផង»។

    លោកបានបន្តថា៖«ពីដើម អាងហែលទឹកយើង មានបណ្តោយ៥០ម៉ែត្រ ស្របតាមស្តង់ដារអន្តរជាតិហើយ តែទទឹងបានតែ២១ម៉ែត្រទេ គឺមាន៣បន្ទាត់ ឥឡូវយើងពង្រីកដល់២៥ម៉ែត្រ បាន១០បន្ទាត់ ជាស្តង់ដារអន្តរជាតិ ហើយខាងលោតទឹក ក៏យើងបានពង្រីកដល់២៥ម៉ែត្រដែរ ក្រៅពីនោះ យើងបានប្តូរម៉ាស៊ីនបូមទឹក ម៉ាស៊ីមចម្រោះទឹកថ្មីទាំងអស់»។

    លោកទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រូបនេះ បានបន្ថែមថា៖«យើងបានដាក់កៅអីអង្គុយ ដែលអាចដាក់មនុស្សបានជាង១៦០០នាក់ ហើយយើងមានបន្ទប់ដាក់ឧបករណ៍ហាត់ជា Gym ព្រោះការហែលទឹកនេះ មិនមែនយើងហាត់តែក្នុងទឹកទេ គឺត្រូវហាត់នៅលើគោក ជិតស្មើហាត់ក្នុងទឹក ទើបប្រកួតជាមួយគេឈ្នះ។ ពីដើមយើងមិនដែលមានបន្ទប់ និងឧបករណ៍ហាត់ជា Gym នោះទេ ប៉ុន្តែឥឡូវយើងបានរៀបចំកន្លែងហើយ»។

    «ក្រៅពីនោះ យើងមានកន្លែកស្នាក់នៅ សម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិរបស់យើងទាំង៥៥នាក់ គឺមានបន្ទប់គេង កន្លែងធ្វើបាយម្ហូបអាហារជូនគាត់ ព្រោះកីឡាហែលទឹកនេះ សំខាន់បំផុត គឺកម្លាំង អ៊ីចឹងយើងមិនអាចហូបត្រីងៀត ឬផ្អក ហើយទៅហែលឈ្នះគេនោះទេ។ ហេតុនេះ យើងបានរៀបចំឲ្យបានត្រឹមត្រូវ ជូនដល់ក្រុមអត្តពលិករបស់យើង ដើម្បីត្រៀមការប្រកួតស៊ីហ្គេម ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៣»៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts