• ក្លិប Petchyindee Academy ចូលរួមចំណែកជួយក្លិបនានាដើម្បីប្រយុទ្ធប្រឆាំង COVID-19
    one champions 8 months ago 61 Views

    ក្នុងមួយរយៈពេលចុងក្រោយនេះក្លិបប្រដាល់ Petchyindee Academy ដែលមានមូលដ្ឋាននៅប្រទេសថៃបានបង្កើតឲ្យមានភាពភ្ញាក់ផ្អើលទូទាំងពិភពលោកពេលទទួលបានធនធានអ្នកលេងក្បាច់គុនមួយថៃល្អៗឡើងប្រកួតនៅសង្វៀនលំដាប់ពិភពលោក ONE Championship។ ក្នុងស្ថានភាពដ៏លំបាកសម្រាប់ពិភពលោក ក្លិបប្រដាល់ល្បីនៅក្រុងបាងកកមួយនេះបានបរិច្ចាគទឹកប្រាក់សប្បុរសធម៌ដើម្បីចូលរួមជួយក្លិបផ្សេងទៀតនៅប្រទេសថៃដែលកំពុងជួបបញ្ហា។

    អ្នកចាត់ការក្លិប Petchyindee Academy លោក Nuttadaj Vachirarattanawong ដែលត្រូវបានគេស្គាល់ថា “Sia Boat” បានប្រកាសលើទំព័រហ្វេសប៊ុកថាក្លិបរបស់ខ្លួនបានបរិច្ចាគទឹកប្រាក់ ១៤០០០ ដុល្លារអាមេរិកជូនដល់ក្លិបមួយចំនួននៅប្រទេសថៃដែលកំពុងរងផលប៉ះពាល់ដោយសារតែ COVID-19។

    លោក Nuttadaj បានឲ្យដឹងថា ៖«វាជាពេលដែលត្រូវជួយគ្នាទៅវិញទៅមក។ ខ្ញុំមិនអាចនៅស្ងៀមបានទេ និងមិនឈរឱបដៃមើលក្លិបប្រដាល់នានា និង កីឡាករកីឡាការិនីដែលកំពុងតស៊ូប្រឆាំងនឹងភាពលំបាកនោះឡើយ»។

    អ្នកចាត់ការដដែលគូសបញ្ជាក់ថា ៖«ដំបូងយើងផ្ដោតលើការជួយដល់ ៤៥ ក្លិប ដែលជាដៃគូសហការជាមួយ Petchyindee ប៉ុន្តែក្លិបផ្សេងក៏យើងមិនបដិសេធដែរ។ យើងត្រូវតែជួយក្លិបផ្សេងៗតាមតែអាចធ្វើទៅបាន។ពេលយើងសម្រេចចិត្តជួយ យើងនឹងជួយឲ្យបានល្អបំផុត»។

    ក្លិប Petchyindee Academy មានកីឡាករល្បីៗដូចជាម្ចាស់ខ្សែក្រវាត់ ONE Featherweight Muay Thai World Champion កីឡាករ Petchmorakot Petchyindee Academy និងអតីតម្ចាស់ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion កីឡាករ Petchdam “The Baby Shark” Petchyindee Academy ជាដើម។ លោក Virat Vachirarattanawong គឺជាឳពុករបស់អ្នកចាត់ការខាងលើ និង ជាស្ថាបនិករបស់ក្លិប Petchyindee Academy។ លោកនឹងលៃលកបរិច្ចាគបន្ថែមរហូតដល់ក្បែរ ១៩០០០ ដុល្លារអាមេរិកលើសពីគម្រោងចាស់។

    ការបរិច្ចាគនេះសម្រាប់ក្លិបនៅតាមតំបន់ដាច់ស្រយាលដើម្បីរួមចំណែកដល់ការចំណាយលើ ការបង់ភ្លើង ចំណីអាហារ និងទឹកទឹកស្អាតប្រើប្រាស់ក្នុងអំឡុងពេលមានវិបត្តិនេះ។ Petchmorakot បានកោតសរសើរចំពោះថ្នាក់ដឹកនាំរបស់ខ្លួនជាពិសេសការជួយដល់ក្លិបនៅស្រុកកំណើតឯខេត្ត Ubon Ratchathani។

    «ខ្ញុំសប្បាយរីករាយណាស់ និង មានមោទនភាពដែលមានអ្នកគ្រប់គ្រងដូចលោក Nuttadaj ហើយវាល្អសម្រាប់សហគមន៍ក្បាច់គុនមួយថៃ។ វាពិតជាសំខាន់ណាស់ ព្រោះឥឡូវនេះ ក្លិបប្រដាល់នៅតាមតំបន់ដាច់ស្រយាលមិនអាចធ្វើអ្វីបានទាំងអស់ក្រៅពីរង់ចាំការត្រលប់មកវិញក្រោយ COVID-19 លែងមាន។ ពួកគេត្រូវការជំនួយ។ ក្លិបខ្លះនៅភាគឦសានទើបតែចាប់ផ្ដើម»។ ម្ចាស់ខ្សែក្រវាត់ ONE Featherweight Muay Thai World Champion បានរៀបរាប់បែបនេះ។

    ចំណែក Petchdam ដែលបានចាកចេញពីរាជធានីបាងកកទៅតំបន់ដាច់ស្រយាលបានថ្លែងថា៖«យើងបានធ្វើការជាមួយគ្នា។ វាមិនត្រឹមតែក្លិបតូចៗនៅតំបន់ឦសានទេ តែយើងជួយដល់ក្លិបផ្សេងទៀត។ យើងត្រូវពឹងគ្នាទៅវិញទៅមក»។

    ទោះជាមេរោគ COVID-19 បានបានធ្វើឲ្យសង្វៀននានា និង ការហ្វឹកហាត់ត្រូវបានផ្អាក ប៉ុន្តែលោក “Sia Boat” នៅតែមានសុទិដ្ឋិនិយមថាក្លិបនានា និង កីឡាករអាចយកឈ្នះរឿងនេះបាន។
    Petchdam សង្កត់ធ្ងន់ ៖«រឿងចុងក្រោយដែលចង់និយាយគឺ មានតែមួយដោយរួមគ្នា និងសហការគ្នាដើម្បីយកឈ្នះមេរោគរាលដាលនេះ»។

    កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

    កែសម្រួលដោយ៖ Cambosport
    អត្ថបទ៖ ស៊ីធី

  • Loading...
  • Recent Posts