• ព្រឿង សុជាតិ ក្លាយជាម្ចាស់ជើងឯកប្រាក់លាន ក្រោយឈ្នះជើងខ្លាំងទាំង២
    ប្រដាល់ក្នុងស្រុក 5 months ago 31 Views

    កីឡាករជើងខ្លាំងវ័យក្មេង បានបង្ហាញការរីករាយយ៉ាងខ្លាំង ខណៈរូបគេបានជម្នះការប្រកួតយ៉ាងលំបាក ដើម្បីក្លាយជាម្ចាស់ជើងឯកប្រាក់លាន ជាមួយទឹកប្រាក់សរុបចំនួន៥លានរៀល នៅក្នុងការប្រកួតម៉ារ៉ាតុង នៃកម្មវិធី Mas Fight Cambodia នៅលើសង្វៀនថោន កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

    សម្រាប់ការប្រកួត ដែលត្រូវបានធ្វើឡើង ក្នុងថ្ងៃតែមួយ កាលពីថ្ងៃអាទិត្យនេះ ព្រឿង សុជាតិ បានយកឈ្នះកីឡាករជើងខ្លាំង ចាន់ សំអាត ដោយពិន្ទុមិនឯកច្ឆន្ទ ២-១ នៅក្នុងការប្រកួតជម្រុះ៣ទឹក តាមរូបមន្តគុនខ្មែរ ហើយពេល នីម នន បានយកឈ្នះដោយពិន្ទុលើ ឡូញ វ៉ាន់ឌី ដោយឯកច្ឆន្ទ ៣-០។

    យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដែលប្រើរូបមន្ត Mas Fight ដោយប្រកួតគ្នាត្រឹម១ទឹក មាន៩នាទីនោះ នីម នន ត្រូវបាន ព្រឿង សុជាតិ ម៉ាត់ពោះ បណ្តាលឲ្យសន្លប់ ដោយប្រើពេលត្រឹម៣នាទី បន្ទាប់ពីអាជ្ញាកណ្តាលរាប់ចំនួន២លើក ដោយសារការបុកជង្គង់ និងធាក់របស់ សុជាតិ នោះ។

    ជ័យជម្នះនេះ បានជួយឲ្យ ព្រឿង សុជាតិ ទទួលបានប្រាក់រង្វាន់សរុបរហូតដល់៥លានរៀល ពីការប្រកួតទាំង២លើក ដោយប្រើពេលសរុបប្រមាណ៦នាទីនេះ ហើយការប្រើពេលត្រឹម៣នាទី ក្នុងការផ្តួល នីម នន ឲ្យសន្លប់នេះ ព្រឿង សុជាតិ បានបង្ហើបឲ្យដឹងក្រោយការប្រកួតថា រូបគេបានដឹងពីចំណុចខ្សោយ នីម នន។

    ព្រឿង សុជាតិ បាននិយាយថា៖«ខ្ញុំបានដឹងចំណុចខ្សោយរបស់គាត់ ព្រោះនៅពេលខ្ញុំបោះចូលមួយជង្គង់ គាត់រាងទាញ ធ្វើឲ្យខ្ញុំដឹងថា គាត់រាងខ្សោយពោះ ប៉ុន្តែបើសិនខ្ញុំមិនបានដឹងចំណុចខ្សោយនេះ ក៏ពិបាកស៊ីគាត់ដែរ ព្រោះគាត់ខ្លាំងដែរ ដោយបានទាំងកម្លាំង និងក្បាច់ប្រកួត»។

    ព្រឿង សុជាតិ បានបន្ថែមថា៖«ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ចំពោះការប្រាក់រង្វាន់នៅពេលនេះ ហើយខ្ញុំសូមអរគុណដល់អ្នកគ្រប់គ្រងសង្វៀនថោន ដែលបានរៀបចំឲ្យមានកម្មវិធីប្រកួតនេះឡើង ព្រោះការរៀបចំឲ្យមានការប្រកួតប្រាក់លាននេះ បានធ្វើឲ្យកីឡាករមានទឹកចិត្តហ្វឹកហាត់ និងមានទឹកចិត្តប្រកួត គឺយើងវ៉ៃគ្នាអស់ពីសមត្ថភាព ហើយបានប្រាក់រង្វាន់ច្រើន»។

    ចំណែកការប្រកួត Mas Fight ទាំង២គូ នៅសប្តាហ៍នេះ គឺបានបញ្ចប់ដោយលទ្ធផលស្មើដូចគ្នា ខណៈការប្រកួត គ្មានអ្នកណាអាចផ្តួលគូប្រកួតឲ្យសន្លប់នោះ ដោយក្នុងនោះ ពុទ្ធ ម៉ាណូយ បានស្មើក្នុងការប្រកួតទម្ងន់៥៧គីឡូក្រាមជាមួយ ស៊ឹម ប៊ុនឆៃ ហើយ សុខ សុវណ្ណ ប្រកួតស្មើជាមួយ ឡុង ឡា ក្នុងទម្ងន់៦៣,៥គីឡូក្រាម៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts