• គ្រូបង្វឹកនៅក្លិប Tigershark ដាក់ក្ដីរំពឹងខ្ពស់លើ Adrian Mattheis
    one champions 2 months ago V-Dr

    Zuli Silawanto ឬ រហស្សនាម “The Shark” គឺជាអតីតកីឡាករឥណ្ឌូណេស៊ីម្នាក់ដែលបានប្រកួតនៅសង្វៀន ONE Championship និង បានដឹកនាំកីឡាករមានទេពកោសល្យជាច្រើនទៅប្រកួតនៅលើសង្វៀនលំដាប់ពិភពលោកមួយនេះ។ Silawanto ត្រូវបានគេចាត់ទុកថាជាជើងចាស់ត្រួសត្រាយផ្លូវក្បាច់គុនចម្រុះនៅក្នុងប្រទេស និងបានបង្ហាត់កីឡាករ Adrian Mattheis ឬ រហស្សនាម ឬ “Papua Badboy” បន្ទាប់ពីរូបលោកឈានជើងចូលបង្ហាត់ដំបូងនៅក្លិប ប្រដាល់ Tigershark Fighting Academy នាក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី កាលឆ្នាំ ២០១៣។ ក្រោមការបង្វឹករបស់ជើងចាស់រូបនេះ Mattheis បានក្លាយជាកីឡាករកំពុងតែរះ។

    “Papua Badboy” ទទួលជ័យជម្នះ១០លើក និង ឈ្នះភាគច្រើនដោយសារក្បាច់ផ្ដួលដៃគូឲ្យសន្លប់ ឬ ធ្វើឲ្យដៃគូចុះចាញ់។ លើសពីនេះរូបគេឈ្នះខ្សែក្រវាត់ ONE Strawweight Indonesia Tournament Championship ពេលបង្ហាញខ្លួនប្រកួតលើកដំបូង។ ដោយសារភាពលេចធ្លោទាំងនេះ Silawanto ជឿជាក់ថា «លទ្ធផលល្អបំផុតមិនទាន់មកដល់នោះទេ» សម្រាប់កូនសិស្សវ័យ ២៦ ឆ្នាំរូបនេះ។ មានរឿងជាច្រើនដែលគ្រូបង្វឹករូបនេះផ្ដល់បទសម្ភាសន៍ដូចខាងក្រោម។

    ONE Championship: Adrian Mattheis ក្លាយជាកីឡាករម្នាក់ដែលប្រកួតម្ដងៗជក់ចិត្តសម្រាប់អ្នកគាំទ្រឥណ្ឌូណេស៊ី។ ក្នុងមតិរបស់លោក អ្វីដែលលោកអាចធ្វើឲ្យ Mattheis កាន់តែពិសេស?
    Zuli Silawanto: Mattheis មានភាពវៃឆ្លាតក្នុងការរៀបចំផែនការនៅលើសង្វៀន និងមានតាក់ទិកល្អ។ គេស្ដាប់តាមការណែនាំពីសំណាក់អ្នកឲ្យទឹកបានល្អ។ គេមិនត្រឹមតែស្ដាប់ ប៉ុន្តែ អនុវត្តន៍បានល្អទៀតផង។ គេមានល្បិចខ្ពស់។ នៅទីតាំងឲ្យទឹក យើងអាចមើលច្បាស់ៗពីគ្រប់ជ្រុង ដូចយើងលេងវីដេអូហ្គេមអីចឹង។ ខ្ញុំមានកីឡាករមួយចំនួនហ្វឹកហាត់ជាមួយខ្ញុំ ហើយខ្ញុំមើលឃើញថា មិនមែនកីឡាករទាំងអស់គ្នាសុទ្ធតែមានភាពឆ្លាតវៃបែបនេះទេ។ ការឲ្យទឹកសំខាន់ណាស់ ព្រោះពេលវ៉ៃ យើងមិនអាចឃើញអ្វីច្បាស់នោះទេ។ គេមានស្មារតីល្អ និងអាចតតាំងបានទោះគូប្រជែងខ្លាំងកម្រិតណាក៏ដោយ។ យើងតែងតែដាក់គោលដៅផងដែរពេលឡើងវ៉ៃម្ដងៗ។ បើសិនដៃគូប្រកួតកាន់តែមានបទពិសោធន៍ខ្លាំង គេរឹតតែមិនចង់ចាញ់។ គេចង់បង្ហាញខ្លួនឲ្យល្អបំផុត និងបញ្ចប់ដោយភាពជោគជ័យ។ ដូច្នេះ Mattheis តែងតែត្រៀមរួចរាល់ជានិច្ចទោះប៉ះអ្នកណាក៏ដោយ។

    ONE: Mattheis ត្រូវបានគេស្គាល់ថាមានអត្តចរិតរីករាយ។ តើលោកគិតថានេះជាផ្នែកនៃការសំលៀងក្បាច់គុនឲ្យកាន់តែល្អ ឬ យ៉ាងណា?
    ZS: នោះជារឿងមួយ។ គេបានបង្កើតភាពរីករាយសម្រាប់ខ្លួនឯងរៀងរាល់ថ្ងៃ មិនត្រឹមតែនៅបណ្ដាញសង្គម។ នេះជាធម្មជាតិអំណោយផល។ អីចឹងបានខ្ញុំដាក់ឈ្មោះក្រៅឲ្យគេថា “Papua Badboy” ព្រោះរូបគេតែងតែធ្វើឲ្យមានភាពសប្បាយរីករាយ។ ក្នុងការរស់នៅក៏ដូចគ្នា គេចូលចិត្តធ្វើឲ្យអ្នករាល់គ្នារីករាយ។ ខ្ញុំគិតថា រូបគេធ្វើឲ្យអារម្មណ៍ល្អមួយផ្នែកមុនពេលប្រកួត និងអំឡុងពេលប្រកួត។

    ONE: Mattheis មានបទពិសោធន៍កាលនៅពីក្មេងដ៏លំបាក។ តើលោកគិតថា វាជាផ្នែកធ្វើឲ្យគេរឹងមាំដូចសព្វថ្ងៃឬទេ?
    ZS: ខ្ញុំគិតថាបទពិសោធន៍ទាំងនេះជួយគេឲ្យរឹងមាំ។ គេចាស់ចិត្តចាស់គំនិត និង ហ្វឹកហាត់បានល្អថែមទាំងអាចគ្រប់គ្រងខ្លួនបានល្អបូករួមទាំងការគិតវិជ្ជមាន។ គេបានផ្លាស់មកកាន់ Papua ដើម្បីចាប់ផ្ដើមជីវិតថ្មីពីចំណុចសូន្យជាមួយឳពុកម្ដាយ។ រឿងនេះបានជះឥទ្ធិពលឲ្យរូបគេរឹងមាំ។ ជាធម្មតា អត្តចរិតគឺទទួលបានឥទ្ធិពលពីក្មេង និង កន្លែងដែលរូបគេធំធាត់។

    ONE: Mattheis ឈ្នះ១០លើកក្នុងការប្រកួតគុនចម្រុះ និងបានបញ្ចប់គូបដិបក្ខទាំងអស់លើកលែងតែម្នាក់។ តើកត្តាអ្វីខ្លះដែលនាំឲ្យរូបគេធ្វើបានល្អយ៉ាងនេះ?
    ZS: គេមានការតាំងចិត្តខ្ពស់ បូករួមទាំងសំណាង កាយសម្បទាល្អនិងបច្ចេកទេសទៀតផង។ គេនៅតែស្ថិតក្នុងស្ថានភាពល្អ និង មានសុខភាពល្អទោះបីប្រកួត ៥ ឆ្នាំទៅមុខទៀតក៏ដោយ។ គេអាចប្រកួតបានល្អតាំងពីទឹកទី១ដល់ទឹកចុងក្រោយ។ ការតាំងចិត្តរបស់គេមិនប្រែប្រួលឡើយ និងតាំងចិត្តយកឈ្នះឲ្យលឿនតាមតែអាចធ្វើទៅបាន។

    ONE: បើក្រឡេក មើលការហ្វឹកហាត់របស់ Mattheis អ្វីទៅជាចំណុចល្អបំផុតសម្រាប់គេ?
    ZS: គេបង្ហាញអំពីក្ដីស្រលាញ់តាំងពីចាប់ផ្ដើមការហ្វឹកហាត់ និងថែរក្សាកម្លាំងបានល្អ។ គេមិនដែលគិតថាការហ្វឹកហាត់ជាការលំបាកនោះទេ និង ឆាប់យល់ឆាប់ចាប់បានរាល់មេរៀនហ្វឹកហាត់។ ទោះបីហ្វឹកហាត់ឈឺតិចតួច ក៏រូបគេនៅតែខំប្រឹងដែរមិនឈប់នោះឡើយ។

    ONE: អ្វីទៅដែលលោកផ្ដោតលើការបង្ហាត់សម្រាប់ Mattheis នាពេលនេះ?
    ZS: យើងផ្ដោតលើក្បាច់ប្រកួតរាបស្មើលើក្ដាររេញ។ គេមិនអាក្រក់ពេកទេចំពោះការប្រកួតក្នុងជំហរដេកកន្លងមក ប៉ុន្តែរូបគេមិនទាន់បានរៀនពីបច្ចេកទេសថ្មីៗជាច្រើន។ ឥឡូវនេះយើងផ្ដោតលើរឿងនេះរួមទាំងអភិវឌ្ឍក្បាច់ប្រយុទ្ធទៀតផង។

    ONE: សំណួរចុងក្រោយ តើអ្វីទៅដែលអ្នកគាំទ្ររំពឹងទុកពេល “Papua Badboy” ត្រលប់មកវិញ?
    ZS: Adrian នៅតែជា Adrian ដដែលព្រោះរូបគេតែងតែផ្ដល់ភាពរីករាយតាំងពីដើមទឹករហូតដល់ចប់ការប្រកួត។គេនឹងធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត ក្រៅពីបច្ចេកទេស និង កម្លាំងខ្លាំង រូបគេក៏មានវិធីធ្វើឲ្យរំភើបដល់អ្នកគាំទ្រនៅសង្វៀនដែរ។ ខ្ញុំបានប្រាប់កូនសិស្សជារឿយៗដើម្បីបម្រើអារម្មណ៍ដល់អ្នកទស្សនានៅលើរេញ។ ការផ្ដល់ភាពរីករាយមិនមែនតែការប្រកួតមួយមុខនោះទេ។ យើងសង្ឃឹមថា រូបនឹងផ្ដល់រឿងដ៏អស្ចារ្យនាពេលត្រលប់មកឆាប់ៗខាងមុខ។
    កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

    កែសម្រួលដោយ៖ Cambosport
    អត្ថបទ៖ ស៊ីធី

  • Loading...
  • Recent Posts