• ចាន់ រតនា ផ្ញើសារសំខាន់ៗជូនអ្នកគាំទ្រដើម្បីទប់ស្កាត់ Covid-19
    one champions 2 months ago V-Dr

    ចាន់ រតនា ដែលជាជើងខ្លាំងគុនចម្រុះប្រចាំសង្វៀន ONE Championship តំណាងឲ្យកម្ពុជាបានផ្ញើក្ដីនឹករលឹកដល់អ្នកគាំទ្រក្នុងអំឡុងពេលវិបត្តិ Covid-19 នេះ និងទទូចឲ្យពលរដ្ឋ ឬ អ្នកស្នេហាវិស័យកីឡាថែរក្សាអនាម័យជាប្រចាំស្របតាមគ្រូពេទ្យជំនាញ និង ក្រសួងសុខាភិបាល។

    ចាន់ រតនា បានរំលឹកបែបនេះ ៖«សូមបងប្អូនចូលរួមទាំងអស់គ្នាដើម្បីថែរក្សាសុខភាពរបស់យើងម្នាក់ៗ និងរួមចំណែកសម្រាប់កម្ពុជា។ យើងលាងដៃដោយប្រើសាប៊ូជាប្រចាំបើនៅផ្ទះ ហើយបើចេញក្រៅត្រូវមានជែលដាក់ជាប់ខ្លួនលាងដៃញឹកញាប់សម្លាប់មេរោគបន្ទាប់ពីប៉ះពាល់របស់អ្វីមួយ និងពាក់ម៉ាស់ផង។ បើមិនចាំបាច់ សូមកុំចេញក្រៅល្អជាង។ តាំងពីជំងឹ Covid-19 ផ្ទុះមក ខ្ញុំនៅផ្ទះជាមួយប្រពន្ធកូនអត់សូវហ៊ានចេញទៅណាទេ។ ក្លិបរបស់ខ្ញុំក៏ផ្អាកបង្ហាត់ដែរ។ បើចេញក្រៅតិចតួចព្រោះចាំបាច់ ក៏ខ្ញុំការពាររហូត»។

    កីឡាករវ័យ៣៤ឆ្នាំរូបនេះតែងតែតាមដានព័ត៌មានហូរហែតាមរយៈផេកផ្លូវការរបស់ក្រសួងសុខាភិបាល។ ម្ចាស់ក្លិបប្រដាល់ «សិល្បៈ» សំណូមពរឲ្យពលរដ្ឋខ្មែរតាមដានព័ត៌មានពិត និងកុំជឿទៅតាមព័ត៌មានក្លែងក្លាយអំពីជំងឺ Covid-19។
    កីឡាករដែលឈ្នះ៣លើកជាប្រវត្តិសាស្ត្រនៅសង្វៀន ONE Championship បានគូសបញ្ជាក់ទៀតថា ៖«ខ្ញុំកាត់បន្ថយការជួបជុំច្រើនណាស់ សូម្បីជួបជុំបងប្អូនញុំាអីជុំគ្នាក៏អត់ដែរ។ ហើយខ្ញុំលុបចោលកម្មវិធីជប់លៀង និងការជួបជុំជាច្រើនទៀតដោយសារយើងការពារខ្លាចឆ្លងដល់គ្រួសារ។ ហើយពេលជួបបងប្អូន ឬ អ្នកផ្សេងក៏ត្រូវនៅឆ្ងាយ១ម៉ែត្រកន្លះអីដែរទៅតាមការណែនាំរបស់គ្រូពេទ្យជំនាញ។ ក្នុងកាលៈទេសៈនេះយើងត្រូវមានអនាម័យខ្ពស់»។
    តាមរយៈការចូលរួមពីសំណាក់ប្រជាជន អ្នកលេងគុនចម្រុះរូបនេះជឿថាស្ថានការណ៍អាចទប់ស្កាត់កុំឲ្យឆ្លងរាលដាលច្រើន ហើយស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡានានាអាចនឹងវិលមករៀបចំព្រឹត្តិការណ៍វិញនាពេលឆាប់ៗខាងមុខ។

    ថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរចំពោះការភ្ញាក់រលឹករបស់ប្រជាពលរដ្ឋដែលបានចូលរួមទប់ស្កាត់ជំងឺ Covid-19 ជាមួយរាជរដ្ឋាភិបាលជាពិសេសពលករមកពីប្រទេសថៃបានដាក់ខ្លួននៅដោយឡែករយៈពេល១៤ថ្ងៃពីក្រុមគ្រួសារ។ សម្ដេចសង្កត់ធ្ងន់ថា សូមបន្តស្មារតីនេះដើម្បីជម្នះជំងឺជំងឺ Covid-19 និង មិនត្រូវធ្វេសប្រហែសឡើយ។ ដើម្បីបង្ការ និងការពារឲ្យកាន់ល្អមួយកម្រិតទៀតសម្ដេចតេជោ ក៏បានប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដោយតម្រូវឲ្យវិស័យឯកជន និងរដ្ឋធ្វើការធម្មតា។ នៅពេល Covid-19 ធូរស្បើយ ឬ ផុតរលត់ក្នុងពេលសមស្របណាមួយ នោះទើបរដ្ឋដាក់ថ្ងៃឈប់សងចំនួន ៥ ថ្ងៃជំនួសវិញ។

    បើគិតតាំងពីចុងខែមករារហូតដល់ ត្រឹមព្រឹកថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២០ កម្ពុជាមានករណីឆ្លង មេរោគផ្លូវដង្ហើម Covid-19 នេះចំនួន ១១៧ ករណី (ស្រី១៩នាក់និងបុរស ៣៥នាក់)។ បែបណាក្ដី ពេទ្យជំនាញកម្ពុជាព្យាបាលជាសះស្បើយរហូតដល់ ៦៣ នាក់គិតត្រឹមថ្ងៃដដែលនេះ ហើយការសម្រាកព្យាបាលធ្លាក់មកនៅត្រឹម ៥៤ នាក់ប៉ុណ្ណោះ។

    កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

    កែសម្រួលដោយ៖ Cambosport
    អត្ថបទ៖ ស៊ីធី

  • Loading...
  • Recent Posts