• ការលេងហ្គេមកម្សាន្តទប់ឲ្យ Martin Nguyen ឈរជាកីឡាករកម្រិតកំពូល
    one champions 2 months ago V-Dr

    ការហ្វឹកហាត់ដើម្បីការពារខ្សែក្រវាត់ ONE Featherweight World Title នៅសង្វៀនលំដាប់ពិភពលោកគឺជារឿងមិនអាចខ្វះបាន ប៉ុន្តែ Martin Nguyen ឬ រហស្សនាមថា “The Situ-Asian” បានប្រើប្រាស់ការលេងហ្គេមដើម្បីបន្ធូរអារម្មណ៍ និងសម្រាកលម្ហែបន្ទាប់ពីហ្វឹកហាត់ខ្លាំងក្លា។ ដូចទៅនឹងមិត្តភ័ក្ដិជាច្រើនកូនកាត់វៀតណាម-អូស្ត្រាលីរូបនេះជាកីឡាករជំនាញផ្ដួលគូប្រកួតឲ្យសន្លប់យ៉ាងច្រើនដង។

    ហ្គេមដែលរូបគេជ្រើសរើសដើម្បីលេងកម្សាន្តដំបូងគេគឺ Sega Mega Drive ឬ គេហៅថា Sega Genesis ហើយបន្ទាប់មកផ្លាស់ទៅលេង Nintendo 64 និង Sony Playstation។ ម្ចាស់ខ្សែក្រវាត់ ONE Featherweight World Title បានរៀបរាប់ដូច្នេះ ៖«វាជាការកម្សាន្តមួយដូចនៅពីក្មេងអីចឹង។ នៅលើ Sega Mega Drive ខ្ញុំលេង Alex Kidd និង Sonic The Hedgehog ហើយចំណែកនៅលើហ្គេម Nintendo 64 ខ្ញុំធ្លាប់លេង Mario Kart, GoldenEye 007, និង WrestleMania 2000 (បុរស)។ ហ្គេមផ្នែកចំបាប់ គឺល្អបំផុត»។ បន្ទាប់មក ខ្ញុំចាប់ផ្ដើមលេងនៅ លើ laptop កាលនៅវិទ្យាល័យដោយលេង Counter-Strike យ៉ាងច្រើន។ ក្រោយមកខ្ញុំឈប់លេង ព្រោះខ្ញុំលេងហ្គេមបាល់ឱប និងមានក្មេងៗនៅផ្ទះ»។

    បច្ចុប្បន្ននេះដោយមានកូន៣នាក់ រួមទាំងប្រពន្ធឈ្មោះ Brooke កីឡាករកំពូល Nguyen កម្រមានពេលបើកលេង laptop ឬ វីដេអូចាស់ៗពីមុនទេ និងជាហេតុធ្វើឲ្យមានការផ្លាស់ប្ដូរមួយរយៈចុងក្រោយនេះ។ រហូតនៅឆ្នាំ២០១៨ Nguyen ទទួលអំណោយ laptop មួយគ្រឿងពីក្រុមហ៊ុន Razer ដែលជាដៃគូសហការរបស់ ONE Esports។ បន្ទាប់មករូបគេប្រើប្រាស់ហ្គេមដើម្បីកាត់បន្ថយភាពតានតឹង ទោះជាមានពេលខ្លះត្រូវលេងជាមួយកូន Kai តាមរយៈសកម្មភាពបាល់ឱប និង គុនចម្រុះក្ដី។ ឥឡូវនេះគេអាចបន្តលេងវីដេអូហ្គេម មានដូចជា Fortnite និង Minecraft។

    ទោះជានៅផ្ទះឯក្រុង Sydney ប្រទេសអូស្ត្រាលី ឬ ហាត់នៅក្លិបឯ Florida សហរដ្ឋអាមេរិក ក៏ “The Situ-Asian” ក៏បន្តកម្សាន្តហ្គេមដែរបើសិនជាមានពេល។ «ខ្ញុំទទួល laptop ពី Razer នៅឆ្នាំ២០១៨ ហើយខ្ញុំក៏លេងហ្គេមកាន់តែច្រើន។ វានៅជាប់ខ្លួនរបស់ខ្ញុំជារៀងរាល់ថ្ងៃ។ បើសិនខ្ញុំនៅផ្ទះ ខ្ញុំត្រូវរង់ចាំប្រពន្ធរបស់ខ្ញុំ និងកូនៗទៅគេងសិនទើបចាប់ផ្ដើមលេងបាន។ នៅពេលទៅហាត់នៅក្រៅប្រទេស ខ្ញុំតែងតែលេងនៅចុងសប្ដាហ៍»។

    ជើងខ្លាំងទម្ងន់ Featherweight បន្ថែមថា ៖«ពេលនៅផ្ទះ ខ្ញុំលេង PS4 ហើយលេង Grand Theft Auto ឬ FIFA។ នៅ laptop របស់ខ្ញុំចូលចិត្ត Call Of Duty, Counter-Strike, និង Overwatch»។

    ការលេងហ្គេមកម្សាន្តបានរួមចំណែកឲ្យរូបគេរក្សាខ្សែក្រវាត់ featherweight បានជាបន្តបន្ទាប់និងជួយជំរុញស្មារតីប្រុងប្រយ័ត្នខ្ពស់។ វាមិនត្រឹមតែជាសកម្មភាពកម្សាន្តធូរអារម្មណ៍ ប៉ុន្តែ វាបានផ្សារភ្ជាប់នឹងសង្គម និងមិត្តភ័ក្ដិអនឡាញជាច្រើនក្រៅពីការហ្វឹកហាត់នៅក្លិប។ កីឡាករវ័យ ៣១ ឆ្នាំរំលឹកទៀតថា ៖«ខ្ញុំមិនមែនលេងដើម្បីល្អបំផុតក្នុងលោកនោះឡើយ តែខ្ញុំលេងដើម្បីបំបាត់ភាពធុញថប់ ឬ គិតអំពីរឿងច្រើនទៀតដែលត្រូវធ្វើ។ ពេលខ្លះការលេងអនឡាញមានអារម្មណ៍ល្អដោយសារបានជជែកគ្នា។ ពេលខ្លះលេងជាមួយដៃហ្វឹកហាត់របស់ខ្ញុំហើយខ្ញុំក៏មានក្រុមលេងតាមបណ្ដាញសង្គមផ្សេងដែរ»។
    ក្រោយពីនោះម្ចាស់ខ្សែក្រវាត់ ONE Flyweight World Champion កីឡាករ Adriano Moraes ក៏បានប្រាប់ Nguyen ឲ្យលេង PUBG ដែរប៉ុន្តែរូបគេបានប្រាប់ទៅវិញថាលេងមិនល្អចំពោះ ហ្គេមនេះ។ ថ្មីៗនេះ Adriano ក៏ដោនឡូតហ្កេម Call Of Duty: Warzone ដែលគេទាំងពីរនឹងលេងជាមួយគ្នាឆាប់ៗនេះ។

    មានកីឡាករកំពូលៗប្រចាំនៅសង្វៀន ONE Championship ចូលរួមលេង Esports ច្រើនដែរ ដូច្នេះវាជាឱកាសមួយល្អសម្រាប់អ្នកគាំទ្រដើម្បីចង់ប្រកួតបំបាក់កីឡាករកំពូលៗតាមអនឡាញ។ បែបណាក្ដី “The Situ-Asian” បានឲ្យដឹងថា ហ្គេមធ្វើឲ្យរូបគេមានភាពអំណត់។ ម្ចាស់ខ្សែក្រវាត់ខាងលើពិពណ៌នាថា ៖«រឿងសំខាន់មួយទៀត គឺផ្ដល់ឱកាសដល់ខ្ញុំដើម្បីជួបមនុស្សថ្មី។
    ខ្ញុំជួបមនុស្សតាមបណ្ដាញសង្គមក្រៅពីការប្រកួតនិងឡើងរេញរបស់ខ្ញុំ។ គេអាច Invite យើងចូលលេង ហើយយើងអាច Invite គេឲ្យលេងដែរ និងអាច Invite ពួកម៉ាករបស់ខ្ញុំលេងដែរ។ ពីមុន មានកីឡាកររបស់យើង ៥ ឬ ៦នាក់លេងហ្គេមជាមួយគ្នាសឹងរាល់យប់»។

    កីឡាករកូនកាត់វៀតណាម-អូស្ត្រាលីសង្កត់ធ្ងន់ ៖«វាផ្ដល់ឲ្យខ្ញុំនូវភាពអំណត់ដែរ។ ហើយមនុស្សជាច្រើនងប់នឹងការលេងហ្គេមលើកុំព្យូទ័រ។ ខ្ញុំមើលឃើញថា គេមិនអាចចិត្តធ្ងន់ទេ បើសិនដាច់អ៊ិនធឺណិត។ ប៉ុន្តែសម្រាប់ខ្ញុំ គឺមិនបញ្ហាឡើយ ខ្ញុំសុំាទៅនឹងរឿងបែបនេះ»។

    កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

    កែសម្រួលដោយ៖ Cambosport
    អត្ថបទ៖ ស៊ីធី

  • Loading...
  • Recent Posts