• សហព័ន្ធបាល់ទាត់កម្ពុជា សម្រេចផ្អាកការប្រកួត គ្រប់ព្រឹត្តិការណ៍ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
    បាល់ទាត់ក្នុងស្រុក 3 months ago V-Dr

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចផ្អាក នៅរាល់ព្រឹត្តិការណ៍ប្រកួតរបស់ខ្លួន ទាំងក្របខ័ណ្ឌលីកកំពូលកម្ពុជា ពានរង្វាន់សម្តេច ហ៊ុន សែន និងការប្រកួតជម្រើសជើងឯកយុវជន ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ ដែលកំពុងតែមានការរីករាលដាលខ្លាំង ទាំងនៅលើសកលលោក និងនៅក្នុងប្រទេសកម្ពុជា។

    លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃពុធ ម្សិលមិញនេះ បានចេញសេចក្តីជូនដំណឹងទៅដល់ប្រធានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ដែលជាអ្នករៀបចំ និងគ្រប់គ្រងទៅលើការប្រកួតមិត្តហ្វូនខេមបូឌានលីក (លីកកំពូលកម្ពុជា) និងការប្រកួតរង្វាន់សម្តេចហ៊ុនសែន ឆ្នាំ២០២០ ដើម្បីសុំឲ្យផ្អាកព្រឹត្តិការណ៍ប្រកួតទាំង២នេះ។

    ជាមួយគ្នានេះ លោក កែវ សារ៉េត ក៏បានចេញសេចក្តីជូនដំណឹងមួយទៀត ទៅកាន់ប្រធានដឹកនាំការប្រកួតជម្រើសជើងឯកអាយុក្រោម១៦ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ ផងដែរ ដោយសុំឲ្យផ្អាកការប្រកួតទាំង២ក្របខ័ណ្ឌនេះ ដែលកំពុងតែធ្វើនៅទូទាំងខេត្ត-រាជធានី នៅក្នុងប្រទេសកម្ពុជា ដូចគ្នា។

    ជុំវិញការសម្រេចផ្អាកព្រឹត្តិការណ៍ប្រកួតបាល់ទាត់ខាងលើនេះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា៖«ដោយយល់ឃើញអំពីការរីករាយដាលនៃជំងឺកូវីដ១៩ នៅប្រទេសមួយចំនួននៃពិភពកលោក ហើយកម្ពុជាយើង ក៏បាននឹងកំពុងជួបប្រទះផងដែរនោះ ដើម្បីជាការបង្ការ ជួបទប់ស្កាត់នៃការរីករាលដាលនៃជំងឺនេះ និងទទួលបាននូវការជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាថ្មីម្តងទៀត បានសម្រេចផ្អាកការប្រកួត ជាបណ្តោះអាសន្នសិន រហូតដល់មានការជូនដំណឹងជាថ្មី»៕

  • Loading...
  • Recent Posts