• រ៉ឹង ប៊ុនហៀង និង ច្រឹង ពលរដ្ឋ ត្រូវប្រឈមមុខជាក្រុមចាស់ ខណៈភ្នំពេញក្រោន ត្រូវប៉ះអង្គរថាយហ្គឺរ
    បាល់ទាត់ក្នុងស្រុក 3 months ago V-Dr

    ខ្សែប្រយុទ្ធឆ្នើម រ៉ឹង ប៊ុនហៀង និងខ្សែបម្រើកណ្តាល ច្រឹង ពលរដ្ឋ ដែលទើបបានផ្លាស់ទ្រនំទៅកាន់ក្លិបវិសាខា នៅរដូវកាលថ្មី ឆ្នាំ២០២០នេះ គឺពួកគេ នឹងត្រូវប្រឈមជាមួយក្លិបចាស់របស់ពួកគេ គឺក្រសួងការពារជាតិ ដែលទើបប្តូរឈ្មោះទៅជាសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព)។

    សមាជិកក្រុមជម្រើសជាតិ រ៉ឹង ប៊ុនហៀង និង ច្រឹង ពលរដ្ឋ ធ្លាប់ជាកីឡាករដ៏សំខាន់របស់ក្រុមទ័ព ប៉ុន្តែពេលនេះពួកគេ ត្រូវនឹងត្រូវលេងតំណែងឲ្យក្រុមវិសាខា ដើម្បីប្រឆាំងនឹងក្រុមទ័ព វិញម្តង ខណៈក្រុមទាំង២ ត្រូវវិលមកជួបគ្នា នៅថ្ងៃអាទិត្យនេះ ហើយការប្រកួតនេះពិតជាសំខាន់បំផុត ព្រោះវិសាខា ដែលកំពុងឈរនៅលេខ៣ ត្រូវការឈ្នះ ដើម្បីប្រជែងយកលេខ១ ឬលេខ២ ចំណែកក្រុមទ័ព ត្រូវការឈ្នះ ដើម្បីប្រជែងឡើងមក Top4 វិញ ខណៈពេលនេះពួកគេ បានធ្លាក់ទៅឈរនៅលេខ៧ ដោយមាន៥ពិន្ទុ។

    ជុំវិញការចាក់ចេញកីឡាករល្អៗ ពិសេស ច្រឹង ពលរដ្ឋ និង រ៉ឹង ប៊ុនហៀងនេះ លោក ខូវ ឆាយ ជាអគ្គលេខាធិការសមាគមកីឡាងបាល់ទាត់កងយោធពលខេមរភូមិន្ទ ធ្លាប់បាននិយាយថា៖«ក្រុមរបស់យើង ធ្លាប់ផលិតធនធានមនុស្សបានច្រើន និងចេញទៅជម្រើសជាតិជាច្រើន ហើយបញ្ហាចាកចេញរបស់អត្តពលិកមួយចំនួន ក៏គ្មានផលប៉ះពាល់ដល់ក្រុមនោះដែរ គឺយើងនឹងបំពេញបន្ថែមនូវអ្វីដែលខ្វះចន្លោះ ដើម្បីធ្វើឲ្យក្រុមរបស់យើងមានចំណាត់ថ្នាក់ជួរមុខ»។

    ចំណែកក្រុមភ្នំពេញក្រោន ដែលកំពុងឈរនៅកំពូលតារាង ដោយមាន១០ពិន្ទុ ជាមួយការឈ្នះ៣ និងស្មើ១នោះ នឹងត្រូវស្វាគមន៍ក្រុមអង្គរថាយហ្គឺរ នៅថ្ងៃអាទិត្យនេះដែរ ហើយការប្តូរទីតាំងប្រកួត កីឡដ្ឋាន SRU ខេត្តសៀមរាប មកធ្វើនៅកីឡដ្ឋាន Smart RSN រាជធានីភ្នំពេញវិញ ដើម្បីគេចចេញហានិភ័យនៃការឆ្លងវីរុសកូវីដ១៩នោះ វាបានផ្តល់ផលចំណេញមួយផងដែរ ចំពោះភ្នំពេញក្រោន ព្រោះ កីឡដ្ឋាន Smart RSN ជាទឹកដីរបស់ភ្នំពេញក្រោន។

    យ៉ាងណាក៏ដោយ ការប្រកួតនេះ ត្រូវបានគេគិតទុកជាមុនថា នឹងមានភាពស្វិតស្វាញខ្លាំង ព្រោះក្រុមទាំង២នេះ សុទ្ធតែមានគោលដៅប្រជែងយកពាន នៅរដូវកាលថ្មីនេះដូចគ្នា ហេតុនេះការឈ្នះ៣ពិន្ទុ ពិតជាសំខាន់ខ្លាំងណាស់ ខណៈពេលនេះ អង្គរថាយហ្គឺរ ឈរនៅលេខ៤ មាន៨ពិន្ទុ។

    ទាំងក្រុមភ្នំពេញក្រោន និងអង្គរថាយហ្គឺរ នឹងធ្លាក់ចេញពីទីតាំងចាស់របស់ខ្លួន បើសិនជាក្រុមណាមួយ ជួបការបរាជ័យនោះ។ ចំពោះភ្នំពេញក្រោន ពិតជាមានសម្ពាធខ្លាំង ព្រោះទើបជាពួកគេស្មើ ក៏នឹងត្រូវបានបាត់ទីតាំងលេខ១ផងដែរ ព្រោះក្រុមស្វាយរៀង ដែលកំពុងឈរនៅលេខ២ ដោយមាន១០ពិន្ទុដែរនោះ មានភាគរយខ្ពស់បំផុត ក្នុងការទទួលបាន៣ពិន្ទុបន្ថែម ដោយសារលើកនេះ ពួកគេត្រូវជួបក្រុមប្រើកីឡាករខ្មែរសុទ្ធ អគ្គិសនីកម្ពុជា។

    ចំណែកក្រុមអង្គរថាយហ្គឺរ ក៏នឹងធ្លាក់ចេញពីលេខ៤ផងដែរ បើសិនជាពួកគេ មិនអាចដណ្តើមបាន៣ពិន្ទុ ពីក្រុមភ្នំពេញក្រោន លើកនេះ ព្រោះក្រុមណាហ្គាវើល ដែលកំពុងឈរនៅលេខ៦ មាន៨ពិន្ទុ ស្មើជាមួយក្រុមបឹងកេត នោះ ក៏អាចនឹងឈ្នះ៣ពិន្ទុ ពីក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ នោះដែរ៕

    កម្មវិធីប្រកួតនៅថ្ងៃសៅរ៍

    -ក្រុមអាស៊ីអឺរ៉ុប v សាលាបាល់ទាត់ជាតិបាទី នៅកីឡដ្ឋាន AEU Sport Park ម៉ោង ៣:៣០
    -ក្រុមស្វាយរៀង v អគ្គិសនីកម្ពុជា នៅកីឡដ្ឋានខេត្តស្វាយរៀង ម៉ោង ៦:០០

    ៤ ប្រកួតនៅថ្ងៃអាទិត្យ

    -ក្រុមគិរីវង់សុខសែនជ័យ v ណាហ្គាវើល នៅកីឡដ្ឋានគិរីវង់ ម៉ោង ៣:៣០
    -ក្រុមនគរបាលជាតិ v សូលទីឡូអង្គរ នៅកីឡដ្ឋាន AEU Sport Park ម៉ោង ៣:៣០
    -ក្រុមភ្នំពេញក្រោន v អង្គរថាយហ្គឺរ នៅកីឡដ្ឋាន Smart RSN ម៉ោង ៣:៣០
    -ក្រុមវិសាខា v ទ័ព នៅកីឡដ្ឋានវិសាខា ម៉ោង ៦:០០

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts