• ខ្លាំងប៉ះខ្លាំង! ក្រុមស្វាយរៀង ចង់ឈ្នះរក្សាប្រវត្តិខ្លាំង ឯភ្នំពេញក្រោន សង្ឃឹមធ្វើបានល្អ ដើម្បីមានឱកាសប្រជែងយកពាន
    បាល់ទាត់ក្នុងស្រុក 3 months ago V-Dr

    ជំនួបដ៏ធំប្រចាំការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០២០ នៅថ្ងៃអាទិត្យនេះ តើនឹងមានអ្វីកើតឡើង ខណៈក្រុមខ្លាំងទាំង២ គឺម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង និងក្រុមកំពុងឈរនៅលើកំពូលតារាង ភ្នំពេញក្រោន សុទ្ធតែចង់ឈ្នះ ដើម្បីបំពេញទៅតាមមហិច្ឆតារៀងៗខ្លួននោះ។

    ក្រុមភ្នំពេញក្រោន បានយកការឈ្នះក្រុមអគ្គិសនីកម្ពុជា ៣-០ ឈ្នះសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ៧-០ និងការបន្តឈ្នះក្រុមអាស៊ីអឺរ៉ុប ៦-០ ដើម្បីបង្កើតជាកម្លាំងចិត្ត សម្រាប់ការជួបក្រុមស្វាយរៀង លើកនេះ ដោយខំបំភ្លេចចោលនូវការបរាជ័យ ក្រោមស្នដៃ ក្រុមស្វាយរៀង ក្នុងលទ្ធផល ៥-១ និង ៥-២ កាលពីរដូវកាលមុន ព្រោះពួកគេចង់បង្កើតបានលទ្ធផលថ្មី ដើម្បីមានឱកាស ក្នុងការឈានទៅប្រជែងយកពាន នៅរដូវកាលនេះ។

    លោក ស៊ុំ វណ្ណា គ្រូបង្គោលក្រុមភ្នំពេញក្រោន បាននិយាយក្រោយពេលក្រុមរបស់លោក យកឈ្នះក្រុមអាស៊ីអឺរ៉ុបថា៖ «ជ័យជម្នះ៣ប្រកួតនេះ បានធ្វើឲ្យក្រុមយើង កាន់តែមានទឹកចិត្តខ្លាំងជាងមុន ហើយបើសិនយើងលេងល្អ នៅពេលប៉ះស្វាយរៀង ខ្ញុំគិតថា វាអាចជាឱកាសមួយសម្រាប់ក្រុមយើង ក្នុងការប្រជែងពានរង្វាន់ ដូច្នេះយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព គឺពួកយើងតែងតែសម្លឹងមើលទៅមុខ និងព្យាយាមជានិច្ច ដើម្បីធ្វើឲ្យក្រុមកាន់តែខ្លាំងថែមទៀត»។

    ចំណែកក្រុមស្វាយរៀង ដែលបានយកឈ្នះក្រុមសូលទីឡូអង្គរ ៥-១ រួបបន្តឈ្នះក្រុមគិរីវង់សុខសែនជ័យ ៤-២ និងឈ្នះក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ២-០ នោះ មិនបានគិតថា ការជួបក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន នៅកីឡដ្ឋាន Smart RSN នារសៀលម៉ោង ៣:៣០ ថ្ងៃអាទិត្យនេះ វាជារឿងងាយស្រួលនោះទេ។

    លោក ជូ សារឿន គ្រូជំនួយយក្រុមស្វាយរៀង បានប្រាប់ថា៖«យើងមិនទាន់អាចសន្និដ្ឋានបានថា យើងជាក្រុមល្អ ដែលត្រូវតែឈ្នះ ហើយគេជាក្រុមយ៉ាងម៉េចនោះទេ ព្រោះ៣ប្រកួតមកនេះ ភ្នំពេញក្រោន ក៏ធ្វើបានល្អ ហើយក្រុមនេះក៏មានការផ្លាស់ប្តូរកីឡាករមួយចំនួន ដែលយើងមិនទាន់អាចចាប់ប្រព័ន្ធលេងរបស់ពួកគេ បាននៅឡើយទេ អ៊ីចឹងការប្រកួតនេះ វាអាចនឹងមានភាពតាងតឹងជាងការប្រកួតមុនៗ។

    យ៉ាងណាក៏ដោយ លោក ជូ សារឿន នៅតែមានការជឿជាក់ថា ក្រុមរបស់លោក អាចធ្វើបានល្អ តាមរយៈការលេងដោយប្រុងប្រយ័ត្ន ដើម្បីឈានទៅសាងប្រវត្តិដ៏ល្អ ដូចរដូវកាលមុន។ លោក សារឿន បានបញ្ជាក់ថា៖ «ពិតណាស់ យើងនឹងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតសម្រាប់ការប្រកួតនេះ ព្រោះយើងចង់សាងប្រវត្តិសាស្រ្តឲ្យបានល្អ ដូចឆ្នាំ២០១៩»។

    គួររំឭកថា សម្រាប់ការប្រកួតលីកកំពូលកម្ពុជា កាលពីឆ្នាំ២០១៩ ក្រុមព្រះខ័នរាជស្វាយរៀង ដែលដឹកនាំដោយគ្រូបង្គោលជនជាតិអៀរឡង់ លោក Conor Nestor បានចាញ់តែម្តងគត់ គឺចាញ់ក្រុមម្ចាស់ផ្ទះ ណាហ្គាវើល ២-១ នៅក្នុងការប្រកួតបិទរដូវកាល ចំណែក២៥ប្រកួតទៀត ពួកគេបានឈ្នះ២០ ស្មើ៥ដង និងមាន៦៨ពិន្ទុ ដើម្បីក្លាយជាម្ចាស់ជើងឯក ហើយភ្នំពេញក្រោន បានលេខ៦ ដោយក្នុង២៦ប្រកួតពួកគេបានឈ្នះ១៥ ស្មើ៣ និងចាញ់៨ដង៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts