• មន្រ្តីក្រសួងអប់រំ បានជំរុញឲ្យខេមអេដ បន្តរៀបចំព្រឹត្តិការណ៍កីឡា ដើម្បីកែប្រែអនាគតដល់ក្រុមនិស្សិត
    កីឡាផ្សេងៗ 7 months ago 21 Views

    មន្រ្តីជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្ត និងជំរុញឲ្យវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល បន្តរៀបចំឲ្យមានព្រឹត្តិការណ៍កីឡា នៅក្នុងសាលារបស់ខ្លួន ដើម្បីកែប្រែក្រុមនិស្សិត ឲ្យក្លាយទៅជាពលរដ្ឋល្អ ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ នាថ្ងៃអនាគត។

    លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានថ្លែងថា៖«ក្នុងនាមជាអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សាលាខេមអេដ គឺធ្វើម៉េចឲ្យនិស្សិតរបស់យើង បានលេងកីឡា ដើម្បីទទួលបាននូវសុខភាព មិត្តភាព សហប្រតិបត្តិការ ក៏ដូចជាសុខភាពផ្លូវកាយ ផ្លូវចិត្ត និងបញ្ញាវៀងវៃ ដើម្បីធ្វើឲ្យប្អូនៗ ក្លាយទៅជាអនាគត និងជាអ្នករួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិរបស់យើង»។

    ការលើកឡើងរបស់លោក អ៊ុក សិទ្ធិជាតិ ត្រូវបានធ្វើឡើង បន្ទាប់ពីលោកបានចំណាយពេលមួយព្រឹកពេញ ដើម្បីចូលរួមជាគណៈអធិបតេយ្យភាព នៅក្នុងការប្រកួតកីឡាអត្តពលិករបស់ខេមអេដ ប្រចាំឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

    នៅក្នុងព្រឹត្តិការណ៍នេះ មាននិស្សិតរបស់ខេមអេដ ចូលរួមផ្ទាល់ជាង១០០នាក់ ហើយពួកគេ បានប្រកួតគ្នាយ៉ាងស្វិតស្វាញបំផុត នៅលើវិញ្ញាសារត់ចម្ងាយ រត់ល្បឿន លោតកម្ពស់ ចោលដុំដែក លោតចម្ងាយ ហើយក៏មានបន្ថែមនៅការប្រកួតប៉េតង់ ផងដែរ ហើយជាលទ្ធផល ក្រុមនិស្សិតឆ្នាំទី២ គ្រុបJ ដណ្តើមបានមេដាយច្រើនជាងគេ និងទទួលបានពាន ប្រចាំឆ្នាំ២០២០នេះ។

    គួររំឭកថា វិទ្យាស្ថានខេមអេដ បានរៀបចំឲ្យមានការប្រកួតកីឡាអត្តពលកម្មនេះ បាន៣ឆ្នាំហើយ ហើយក្រៅពីព្រឹត្តិការណ៍នេះ ខេមអេដ ក៏មានការររៀបចំការប្រកួតបាល់ទាត់ហ្វុតសាល(បុរស-នារី) និងការប្រកួតបាល់បោះ (បុរស-នារី) ដើម្បីឲ្យក្រុមនិស្សិតរបស់ខ្លួន បានលេងកីឡា ជារៀងរាល់ឆ្នាំផងដែរ ព្រមទាំងជ្រើសរើសបានអ្នកមានទេពកោសល្យទៅប្រកួតប្រជែងក្នុងការប្រកួត University Game ដោយទទួលបានមេដាយ ជាច្រើនទៀតផង។

    លោក Casey Barnett នាយកវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល និងជាស្ថាបនិកបង្កើតឲ្យមានព្រឹត្តិការណ៍កីឡា នៅក្នុងសាលានេះ បានចាត់ទុកការលេងកីឡា ជាការផ្តល់បទពិសោធយ៉ាងសំខាន់ ដល់ក្រុមនិស្សិតរបស់លោក នៅពេលពួកគេចេញទៅរកការងារធ្វើ ឬបើកអាជីវកម្មអ្វីមួយ។

    លោក Casey បានថ្លែងថា៖«ហេតុអ្វីបានជាខ្ញុំរៀបចំឲ្យមានការប្រកួតកីឡា សម្រាប់ក្រុមនិស្សិតរបស់យើង ព្រោះភាពជោគជ័យក្នុងកីឡា វាបានបង្រៀនឲ្យយើងទទួលបានជោគជ័យក្នុងជីវិតផងដែរ ព្រោះដើម្បីទទួលបានជោគជ័យនៅក្នុងការរកស៊ី ក៏ដូចជាធ្វើអាជីវកម្ម យើងត្រូវមានការប្រកួតប្រជែង មានភាពអំណត់ តស៊ូព្យាយាម ពិសេសយើងត្រូវចេះធ្វើការងារជាក្រុមឲ្យបានល្អ ហើយការលេងកីឡា និងប្រកួតកីឡា វាបានផ្តល់ចំណុចទាំងនេះដល់ជីវិតរបស់យើង បន្ថែមទៅលើចំណេះដឹង ដែលយើងទទួលបានពីការសិក្សា នៅក្នុងសាលា»៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts