• គ្រូស្វាយរៀង សុំមិននិយាយពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់ Bali United មុនប៉ះគ្នា នៅថ្ងៃនេះ
    បាល់ទាត់ក្នុងស្រុក 1 year ago 106 Views

    ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ដើម្បីស្វាគមន៍ក្រុមដ៏ខ្លាំងមកពីលីកកំពូលឥណ្ឌូនេស៊ី Bali United ក្នុងការប្រកួតជម្រុះប្រចាំពូលG ពានរង្វាន់ AFC Cup 2020 នាល្ងាចម៉ោង៦ ថ្ងៃអង្គារនេះ ដើម្បីប្រជែងគ្នាយក៣ពិន្ទុ ខណៈការប្រកួតបើកឆាកកន្លងមកនេះ Bali បានឈ្នះក្រុមលីកកំពូលវៀតណាម Than Quang Ninh ៤-១ ប៉ុន្តែស្វាយរៀង បានចាញ់ក្រុមជើងឯកលីកកំពូលហ្វីលីពីន Ceres-Negros ៤-០។

    យ៉ាងណាក៏ដោយ លោក Conor Nestor គ្រូបង្វឹកក្រុមស្វាយរៀង បានប្រាប់ថា លោកបានសិក្សាពីការលេងរបស់ក្រុម Bali United តាមរយៈខ្សែវីដេអូរួចហើយ ប៉ុន្តែគ្រូបង្វឹកអៀរឡង់រូបនេះ បានសុំមិននិយាយ និងវាយតម្លៃពីចំណុចខ្សោយ និងចំណុចខ្លាំង របស់ក្រុម Bali United នោះទេ ព្រោះអ្វីៗ វាអាចនឹងប្រែប្រួល នៅពេលការប្រកួតជាក់ស្តែង។

    លោក Conor Nestor បាននិយាយ ក្នុងសន្និសីទកាសែត កាលពីល្ងាចថ្ងៃចន្ទថា៖«ការមើលការប្រកួតតាមរយៈខ្សែវីដេអូ ហើយដាក់ផែនការចេញ វាងាយស្រួលទេ ប៉ុន្តែអ្វីដែលពិបាក គឺនៅពេលយើងលេង»។

    លោកបានបន្តថា៖«ដូចជាការប្រកួតជាមួយក្រុម Ceres យើងរៀបចំផែនការបានល្អហើយ ប៉ុន្តែយើងលេងអត់បានល្អ ដល់ពេលយើងលេងអត់បានល្អ យើងអត់បានបង្ហាញថា គូប្រកួតមានចំណុចខ្សោយនៅត្រង់ណានោះទេ អ៊ីចឹងនៅមុនការប្រកួត ខ្ញុំសូមមិននិយាយពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់ក្រុមគេទេ»។

    យ៉ាងណាក៏ដោយ លោក Conor Nestor បានសុំឲ្យអ្នកស្នេហាវិស័យកីឡានៅកម្ពុជា ចូលរួមគាំទ្រ និងលើកទឹកចិត្តក្រុមស្វាយរៀង ឲ្យបានច្រើន ដើម្បីបង្កើតបានក្តីរំពឹង ក្នុងការប្រជែងបាន៣ពិន្ទុ។

    លោកបាននិយាយថា៖«ការប្រកួតជាមួយក្រុម Ceres យើងធ្វើមិនបានល្អទេ ចំណែកការប្រកួតលើកនេះ យើងត្រៀមបានល្អជាងមុន អ៊ីចឹងយើងនឹងរៀបចំការលេងឲ្យបានល្អ ហើយខ្ញុំសង្ឃឹមថា អ្នកគាំទ្រទាំងអស់ នឹងចូលរួមជួយលើកទឹកចិត្តដល់ក្រុមយើង ដើម្បីបង្កើនឲ្យមានក្តីរំពឹង ក្នុងការប្រជែងយក៣ពិន្ទុ»។

    ចំណែកលោក Purdjianto គ្រូបង្វឹកក្រុម Bali United ហាក់មានរំពឹងខ្ពស់ ក្នុងការដណ្តើមបាន៣ពិន្ទុពីក្រុមស្វាយរៀង។ លោកបាននិយាយយ៉ាងខ្លីថា៖«២ថ្ងៃមុន យើងបានហ្វឹកហាត់ផ្លូវការ នៅលើទីលានសិប្បនិម្មិតបែបនេះ នៅលើទឹកដីរបស់យើង គឺយើងបានត្រៀមខ្លួនរួចរាល់អស់ហើយ ហើយសង្ឃឹមថា យើងនឹងទទួលបានលទ្ធផលល្អ សម្រាប់ការប្រកួតនេះ»៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts