• ភ្នំពេញក្រោន ដាក់គោលដៅកាន់តែធំ ប៉ុន្តែណាហ្គាវើល ហាក់លាក់បាំងនូវមហិច្ឆតារបស់ខ្លួន
    បាល់ទាត់ក្នុងស្រុក 6 months ago 6 Views

    ក្រុមភ្នំពេញក្រោន បានដាក់ចេញគោលដៅកាន់តែធំ ក្នុងការប្រកួតប្រជែង នៅក្នុងយុទ្ធនាការលីកកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២០ ដែលនឹងចាប់ដំណើរការប្រកួត នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ប៉ុន្តែអតីតក្រុមម្ចាស់ជើងឯកឆ្នាំ២០១៨ ណាហ្គាវើល ហាក់លាក់បាំងនូវមហិច្ឆតា ក្នុងការប្រកួតប្រជែងរបស់ខ្លួន។

    បើទោះបីជាការប្រកួតប៉ុន្មានឆ្នាំងចុងក្រោយនេះ ក្រុមសម្បូរដោយយុវជនវ័យក្មេង ភ្នំពេញក្រោន ទទួលបានលទ្ធផលមិនសូវល្អ ខណៈកាលពីឆ្នាំ២០១៩ កន្លងមកនេះ ពួកគេ បានត្រឹមលេខ៦ ប៉ុន្តែលោក ស៊ុំ វណ្ណា ដែលទើបត្រូវបានប្រកាសឲ្យធ្វើជាគ្រូបង្គោលក្លិបភ្នំពេញក្រោន ពេញសិទ្ធិ មានការរំពឹងខ្ពស់ថា ភ្នំពេញក្រោន យ៉ាងហោចណាស់ ក៏អាចឈ្នះនៅតំបន់កំពូលតារាងទាំង៤ដែរ នៅរដូវកាលនេះ។

    លោក ស៊ុំ វណ្ណា បានប្រាប់ថា៖ «សម្រាប់រដូវកាលនេះ យើងត្រៀមបានល្អ ព្រោះនូវរាល់កំពុងឆ្គង់ និងភាពមិនសូវយកចិត្តគ្នា យើងបានកែប្រែរួចរាល់អស់ហើយ ហើយគោលដៅរបស់យើង គឺយ៉ាងហោចណាស់ ត្រូវប្រជែងឲ្យបាន Top4។ លើសពីនេះយើងក៏នឹងប្រជែងយកពានផងដែរ បើសិនជាយើងមានឱកាស»។

    នៅក្នុងរដូវកាលនេះ ភ្នំពេញក្រោន បានបន្តចុះកុងត្រា និងនាំចូលកីឡាករបរទេសសរុប៥នាក់ ដើម្បីបង្រ្គប់ទៅតាមកូតា ក្នុងនោះមានខ្សែបម្រើប្រយុទ្ធប្រេស៊ីល Paulo Victors កីឡាករកូឡុំប៊ី Andrés Nieto ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Okereke Timothy និង Paul Omogba និងកីឡាករជប៉ុន Masaaki Ideguchi ហើយអ្នកទាំងនេះ សុទ្ធតែមានគុណភាពក្នុងការលេង។

    ផ្ទុយពីនេះលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល ហាក់បានលាក់បាំងនូវមហិច្ឆតាពិតរបស់លោក ក្នុងការប្រកួតប្រជែងលីកកំពូល រដូវកាលនេះ ដោយលោកបានលើកហេតុផលថា កីឡាករបរទេសទាំង៥នាក់ ដែលលោកបាននាំយកមកជួយក្រុមលើកនេះ សុទ្ធតែអ្នកចំណូលថ្មីសម្រាប់ក្លិប ហើយក្លិបនេះ ក៏មានកីឡាករវ័យក្មេងច្រើនផងដែរ។

    លោក មាស ចាន់ណា បាននិយាយថា៖ «ការប្រជែងយកពាន ឬយ៉ាងណានោះ យើងមិនទាន់អាចនិយាយបានទេ ព្រោះទាក់ទងទៅនឹងការពង្រឹងក្រុម យើងមើលឃើញថា ទាំងស្វាយរៀង វិសាខា បឹងកេត ភ្នំពេញក្រោន និងអង្គរថាយហ្គឺរ គឺគេដាក់គោលដៅចេញមក យកពានតែម្តង អ៊ីចឹងបើក្រុមមួយៗ សុទ្ធតែដាក់គោលដៅយកពានបែបនេះ គឺខ្ញុំមានតែដាក់គោលដៅយកលេខ៦ ប៉ុន្តែយើងមិនទាន់ដឹងថា អ្នកណាលើកពានឲ្យប្រាកដនោះទេ»៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts