• ធន់ ចាន់តាក់ ក្លាយជាម្ចាស់ខ្សែក្រវាត់ ខណៈ ឡៅ ចន្ទ្រា និង សុខហ៊ុច បង្កើតបានកំណត់ត្រាល្អ
    ប្រដាល់ក្នុងស្រុក 6 months ago 19 Views

    កីឡាករកម្ពុជា ធន់ ចាន់តាក់ ពិតជាធ្វើបានយ៉ាងជោគជ័យ ក្នុងការយកឈ្នះលើជើងខ្លាំងរបស់ថៃ Rith Aiyara ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ទម្ងន់៦៣,៥គីឡូក្រាម អមជាមួយប្រាក់រង្វាន់៦០០០ដុល្លារ ចំណែកជើងខ្លាំង ឡៅ ចន្ទ្រា និង មឿន សុខហ៊ុច បង្កើតបានកំណត់ត្រាល្អថែមទៀត សម្រាប់ការបង្ហាញខ្លួន នៅលើសង្វៀន CNC នោះដែរ។

    សម្រាប់ការប្រកួត កាលពីថ្ងៃសៅរ៍កន្លងមកនេះ ធន់ ចាន់តាក់ ដែលបានត្រៀមខ្លួនយ៉ាងល្អបំផុតនោះ បានព្យាយាមទាត់ និងម៉ាត់ សន្សំយកប្រៀបលើ Rith Aiyara តាំងពីទឹកទី១ និងទី២ ខណៈថៃម្នាក់នេះ មិនសូវវាយសម្រុកខ្លាំងនោះ។

    យ៉ាងណាក៏ដោយ ចាប់ពីទឹកទី៣ ដល់ទឹកទី៥ Rith Aiyara បានធ្វើការទាត់សន្ធាប់ខ្លាំងៗទៅលើ ធន់ ចាន់តាក់ ប៉ុន្តែ ចាន់តាក់ បានព្យាយាមទាត់សង និងបានជម្នះចូលម៉ាត់ និងវាយកែងប្តូរជាមួយ Rith Aiyara យ៉ាងខ្លាំងក្លាបំផុត ដើម្បីរក្សាលំនឹងនៃប្រកួតដ៏លំបាកមួយនេះ ហើយការតស៊ូយ៉ាងអំណត់នេះ បានជួយឲ្យរូបគេឈ្នះពិន្ទុ Rith Aiyara ដោយពិន្ទុមិនឯកច្ឆន្ទ គឺ៣ទល់នឹង២ យ៉ាងលំបាកបំផុត។

    ការឈ្នះបានខ្សែក្រវាត់ទី២ ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម គឺបន្ថែមទៅលើការឈ្នះខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាម នៅលើសង្វៀនបាយ័ននោះ បានធ្វើឲ្យ ចាន់តាក់ មានការសប្បាយរីករាយយ៉ាងខ្លាំង។ កូនសិស្សរបស់លោក ធន់ សុភា រូបនេះបាននិយាយថា៖«ខ្ញុំពិតជារំភើប ចំពោះការទទួលបានជ័យជម្នះ និងឈ្នះបានខ្សែក្រវាត់នេះ ចំណែកក្រុមគ្រួសាររបស់ខ្ញុំ ក៏មានការសប្បាយចិត្តខ្លាំងដូចគ្នា»។

    ទោះបីជាយ៉ាងណា ការសម្រេចឲ្យ ធន់ ចាន់តាក់ ឈ្នះជាមួយលទ្ធផលមិនឯកច្ឆន្ទនេះ បានធ្វើឲ្យអ្នកលេងទម្ងន់ជើង Rith Aiyara ដែលទទួលបានប្រាក់រង្វាន់៣០០០ដុល្លារ ចំពោះការទទួលបានត្រឹមលេខ២នោះ មិនសប្បាយចិត្តនោះទេ។ កីឡាករថៃរូបនេះ បាននិយាយក្រោយការប្រកួតថា៖«ខ្ញុំពិតជាមានការខកចិត្ត ចំពោះលទ្ធផលចាញ់នៅថ្ងៃនេះ ប៉ុន្តែការចាញ់ឈ្នះ វាជារឿងកីឡា»។

    ដោយឡែកសម្រាប់ការប្រកួតមិត្តអន្តរជាតិវិញ ជើងខ្លាំង ឡៅ ចន្ទ្រា, មឿន សុខហ៊ុច, ឡុង សុភី, ឈុត សេរីវ៉ាន់ថង, ពុទ្ធ សំបូរ និង ផាន រះ សុទ្ធតែបានយកឈ្នះ និងផ្តួលគូប្រកួតជាកីឡាករបរទេសឲ្យសន្លប់ សម្រាប់ការបង្ហាញខ្លួន នៅលើសង្វៀន CNC កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញ។

    តាមរយៈការប្រកួតនោះ ឡៅ ចន្ទ្រា បានយកឈ្នះលើខ្សែក្រវាត់៤ស្ថាប័ន Miang Karm Dam ដែលគេស្គាល់ថា ជា Ao Vatan ដោយពិន្ទុជាឯកច្ឆន្ទតែម្តង ហើយជ័យជម្នះនេះ បានធ្វើឲ្យជើងខ្លាំងចាស់វស្សារបស់ថៃម្នាក់នេះ ស្គាល់ការចាញ់ជាលើកដំបូង នៅកម្ពុជា ខណៈការបង្ហាញខ្លួនកន្លងមកនេះ Ao Vatan ធ្លាប់បានយកឈ្នះ រឿង សោភ័ណ្ឌ ១លើក និងឈ្នះ ធឿន ធារ៉ា ២លើក។

    ចំណែកជើងខ្លាំង មឿន សុខហ៊ុច បានលោតទាត់ផ្កាប់ចានបណ្តាលឲ្យអ្នកប្រយុទ្ធរបស់ថៃ Phat Udorn សន្លប់ធំ នៅចុងទឹកទី៣ ហើយជ័យជម្នះនេះជួយឲ្យ សុខហ៊ុច ជាប់ឈ្មោះជាកីឡាករ ដែលបានប្រើក្បាច់ពិសេសេផ្តួលគូប្រកួតឲ្យសន្លប់ ដោយទទួលបានប្រាក់រង្វាន់២លានរៀល បន្ថែមទៅលើតម្លៃខ្លួនទៀតផង។

    ជាមួយគ្នានេះអ្នកលេងស្នៀតជង្គង់ ឡុង សុភី បានយកឈ្នះអ្នកប្រដាល់មកពីអ៊ីរ៉ង់ Siasarakojouri ដោយពិន្ទុ ដើម្បីក្លាយជាម្ចាស់ប្រាក់លានចំនួន១លានរៀល ប៉ុន្តែកីឡាករ សេក គឹមសាន្ត ដែលបានបង្ហាញការវ៉ៃប្តូរយ៉ាងល្អជាមួយថៃ Moeung Thorng នោះ បានភ្លាត់ចូល១ជង្គង់របស់ថៃ បណ្តាលឲ្យសន្លប់ នៅទឹកទី២។

    ទន្ទឹងនឹងនេះ ពុទ្ធ ឆាយរិទ្ធី បានប្រកួតគ្នាជាមួយថៃ Phit Sayfa យ៉ាងស្វិតស្វាញបំផុត តែបានត្រឹមលទ្ធផលស្មើពិន្ទុគ្នា ប៉ុន្តែ កីឡាករ ផាន រះ បានទាត់ខ្លាំងៗ បណ្តាលឲ្យអ្នកប្រដាល់អ៊ីរ៉ង់ Haghi Barkkadehi មានរបួសជើង និងសុំចុះចាញ់នៅត្រឹមចុងទឹកទី១។

    ដោយឡែក សម្រាប់ការប្រកួត កាលពីថ្ងៃអាទិត្យ ម្សិលមិញ ជើងខ្លាំងវ័យក្មេង ឈុត សេរីវ៉ាន់ថង បានយកឈ្នះដោយពិន្ទុលើកីឡាករថៃ Phit Saychhum ក្រោយការប្រកួតយ៉ាងស្វិតស្វាញ ដែលមានត្រឹម៣ទឹក ប៉ុន្តែ វ៉ាន់ វឿន បានបន្តចាញ់ក្រោមកណ្តាប់ដៃអ្នកប្រយុទ្ធរបស់ថៃ Saengsoriya ដោយពិន្ទុ ទាំងមិនអស់ចិត្ត៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts