• ធន់ ចាន់តាក់ នៅមានចំណុចគូឲ្យបារម្ភ ពេលឡើងប្រកួតផ្តាច់ព្រ័ត្រជាមួយជើងខ្លាំង Rith Aiyara
    ប្រដាល់ក្នុងស្រុក 7 months ago 32 Views

    កីឡាករវាយសម្រុកមិនសូវខ្វល់ពីការបែក ធន់ ចាន់តាក់ បានបង្កើនការហ្វឹកហាត់ខ្លាំងបំផុត ដើម្បីប្រកួតផ្តាច់ព្រ័ត្រដណ្តើមយកខ្សែក្រវាត់ទម្ងន់៦៣,៥គីឡូក្រាម ក្នុងព្រឹត្តិការណ៍ «កម្ពុជាសង្វៀនគុនខ្មែរ» ជាមួយជើងខ្លាំងរបស់ថៃ Rith Aiyara នៅសង្វៀន CNC នាព្រឹកថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។

    ការព្យាយាមហ្វឹកហាត់ខ្លាំង ក្នុងថគោលបំណងឈ្នះបានខ្សែក្រវាត់របស់ ធន់ ចាន់តាក់ ក៏បានធ្វើឲ្យគ្រូបង្វឹកលោក ធន់ សុភា មានការសើរផងដែរ ប៉ុន្តែគ្រូបង្វឹកវ័យក្មេងរូបនេះ នៅតែមិនទាន់មានភាពប្រាកដ ក្នុងការជួយបង្វឹក ធន់ ចាន់តាក់ ឲ្យឈ្នះខ្សែក្រវាត់ ដើម្បីយកប្រាក់រង្វាន់៦០០០ដុល្លារ លើកនេះ។

    អតីតកីឡាករជើងខ្លាំង ធន់ សុភា បានប្រាប់ថា៖«ធន់ ចាន់តាក់ បានត្រៀមល្អហើយ ប៉ុន្តែនៅតែមានបញ្ហាសុខភាពផងដែរ គឺខ្លាំងក្រែងជិតដល់ពេលប្រកួត បែរជាគេ កើតជំងឺផ្តាសសាយ ឬក្តៅខ្លួន ដែលបញ្ហា គ្មានអ្នកណាមើលឃើញនោះទេ»។

    បន្ថែមទៅលើការបារម្ភផ្នែកសុខភាពនេះ ធន់ សុភា ក៏មើលឃើញថា ធន់ ចាន់តាក់ មានបច្ចេកទេសវ៉ៃ ចាញ់ប្រៀប Rith Aiyara ផងដែរ។ លោកបានធ្វើការប្រៀបធៀបថា៖«ធន់ ចាន់តាក់ នឹងត្រូវប្រឈមការលំបាកច្រើន ព្រោះយើងមានជំនាញវាយកៀក ស្របពេលថៃ គេខ្លាំងខាងទាត់ អ៊ីចឹងក្បាច់វាយចេញរបស់យើង វាហាក់ចាញ់ប្រៀបគេ ដោយសារគេមានផ្លែវែងជាង»។
    ជាមួយនឹងការចាញ់ប្រៀបស្នៀតទាត់របស់ Rith Aiyara នេះ លោក ធន់ សុភា បានបន្ថែមថា៖«ខ្ញុំបានបង្ហាត់បច្ចេកទេសថ្មីៗ ដើម្បីឲ្យ ចាន់តាក់ ការពារក្បាច់ទាត់នេះហើយ ប៉ុន្តែអ្វីដែលខ្ញុំនៅតែបារម្ភនោះ គឺខ្លាចកីឡាករផ្ទាល់ មិនអាចធ្វើបានល្អ ទៅតាមអ្វីដែលខ្ញុំបានបង្ហាត់ និងប្រាប់ដល់គេ»។

    យ៉ាងណាក៏ដោយ លោក ធន់ សុភា នៅតែមានការសង្ឃឹមខ្ពស់ទៅលើ ធន់ ចាន់តាក់។ លោកបានបញ្ជាក់ថា៖«៣សប្តាហ៍កន្លងមកនេះ ធន់ ចាន់តាក់ មានហ្វឹកហាត់ពេញ១០០ភាគរយតែម្តង គឺហាត់ខ្លាំងជាងការប្រកួតកន្លងមក ហើយជាមួយការខិតខំរបស់ ចាន់តាក់ និងការព្យាយាមបង្វឹករបស់យើង ដោយផ្តោតឲ្យគេខំហ្វឹកហាត់តែមួយមុខគាត់នោះ គឺ ធន់ ចាន់តាក់ អាចមានសង្ឃឹមឈ្នះ៨០ភាគរយផងដែរ»។

    នៅមុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ធន់ ចាន់តាក់ និង Rith Aiyara សុទ្ធតែបានឈ្នះគ្រប់ការប្រកួត នៅក្នុងការប្រកួតជម្រុះតាមគ្រុបដូចគ្នា គឺ ចាន់តាក់ បានឈ្នះទាំង៣ប្រកួត ដើម្បីបានលេខ១ប្រចាំគ្រុបA ប៉ុន្តែ Rith Aiyara ដែលបានផ្តួល កូយ ឡាយ ឲ្យសន្លប់ត្រឹមទឹកទី២ មុនឈ្នះជនរួមជាតិថៃ Far Singthorng នៅវគ្គ១/២ផ្តាច់ព្រ័ត្រ គឺគេបានឈ្នះ សេក គឹមរួន ចំនួន២លើក។

    នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រប្រចាំគ្រុបB របស់ Rith Aiyara និង សេក គឹមរួន បានបញ្ចប់ដោយភាពចម្រូងចម្រាស់បំផុត ព្រោះការប្រកួតលើកទី១ Rith Aiyara បានទាត់ថែមខុសលក្ខខណ្ឌចំថ្គាមមួយទំហឹង បណ្តាលឲ្យ គឹមរួម សន្លប់ត្រឹមទឹកទី៥ ប៉ុន្តែគណៈកម្មការ ចែរជាសម្រេចចារការប្រកួតនោះចោល ដោយចោទថា គឹមរួម មានចេតនា ធ្វើពុតសន្លប់ ចង់ស៊ីឡាក់ ហើយការប្រកួតលើកទី២ Rith Aiyara បានឈ្នះពិន្ទុ សេក គឹមរួន។

    ដោយឡែក អមជាមួយការប្រកួតផ្តាច់ព្រ័ត្រនោះដែរ គណៈកម្មការ បានផ្គូផ្គងឲ្យជើងខ្លាំងកម្ពុជា ឡៅ ចិន្ទ្រា ប្រកួតមិត្តភាពអន្តរជាតិជាមួយម្ចាស់ខ្សែក្រវាត់៤ស្ថាប័នមកពីប្រទេសថៃ Ao Vatan ហើយការជួបគ្នាជាលើកដំបូងរបស់អ្នកទាំង២នេះ ពិតជាមានការចាប់អារម្មណ៍ខ្លាំង ព្រោះ Ao Vatan គឺជាអ្នកប្រយុទ្ធដ៏ពិតប្រាកដ ដែលធ្លាប់ឈ្នះ រឿង សោភ័ណ្ឌ ១លើក និងឈ្នះ ធឿន ធារ៉ា ចំនួន២លើក ហេតុនេះ ឡៅ ចិន្ទ្រា ពិតជាត្រូវធ្វើការងារធ្ងន់ហើយលើកនេះ៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts