• ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ច្រើនជាងគេ ពីការប្រកួតវាយកូនឃ្លីលើតុជើងឯកថ្នាក់ជាតិ
    កីឡាផ្សេងៗ 6 months ago V-Dr

    ក្លិបកីឡាវាយកូនឃ្លីលើតុរបស់ក្រសួងមហាផ្ទៃ បានប្រើត្រឹមកីឡាករ៥នាក់ ដើម្បីប្រមាញ់យកមេដាយមាសទាំងអស់ ពីការប្រកួតក្របខ័ណ្ឌក១ នៃព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៩ ខណៈក្លិប All Star បានបង្ហាញភាពលេចធ្លោរ ក្នុងការប្រកួតក្របខ័ណ្ឌក២។

    តាមរយៈការប្រកួតចំនួន៦ថ្ងៃ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ ដែលបានបញ្ចប់កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញ ក្រុមអត្តពលិកទាំង៥នាក់របស់ក្រសួងមហាផ្ទៃ បានឈ្នះមេដាយមាសទាំងការប្រកួតជាក្រុម វាយគូ និងឯកត្តជន នៃក្របខ័ណ្ឌក១ ហើយពួកគេ ក៏ដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធចំនួន២ ទៀតផងដែរ។

    ការឈ្នះបានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ២នេះ បានជួយឲ្យក្រុមក្រសួងមហាផ្ទៃ ឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ ដែលបានធ្វើឆ្លងចូលឆ្នាំ២០២០មួយនេះ ខណៈក្រុមអត្តពលិក All Star បានឈរនៅចំណាត់ថ្នាក់លេខ២ ដោយដណ្តើមបានមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ៣។

    ក្រុម All Star ដណ្តើមបានមេដាយទាំងនេះ ពីការប្រកួតទាំង៣វិញ្ញាសា លើក្របខ័ណ្ឌក២ ក្នុងនោះមានការប្រកួតឯកត្តជនយុវជន ឯកត្តជនយុវនារី និងការប្រកួតគូយុវជន។ រីឯក្រុមខេត្តកំពត ឈរនៅលេខ៣ ដោយដណ្តើមបានមេដាយមាស១ ប្រាក់១ ហើយក្លិបសាន់នីព្រីងធីងសឺវីស ដណ្តើមបានមេដាយប្រាក់១ ដើម្បីឈរនៅលេខរៀងទី៤។

    ចំណែកក្លិបអន្តរជាតិអាមេរិកកាំង ឈរនៅលេខ៥ ដោយដណ្តើមបានមេដាយសំរឹទ្ធ២ ហើយក្លិបក្រុមហ៊ុនទេសចរណ៍កម្ពុជា ក្លិបរដ្ឋសភាសែនជ័យ ក្លិបដើមមៀន ក្លិបក្រុមហ៊ុនអេលីហ្សាមហាលាភ និងក្លិបសន្ធរមុខថ្មី ដណ្តើមបានមេដាយសំរឹទ្ធ១ដូចគ្នា ប៉ុន្តែក្លិបខេត្តព្រះសីហនុ ក្លិប City Sport ក្លិបក្រុមហ៊ុនអិនធិស្ពែត និងក្លិបមិត្តសំឡាញ់ មិនដណ្តើមបានមេដាយទេ។

    តាមរយៈលទ្ធផលនៃការប្រកួតនេះ គណៈកម្មការរៀបចំការប្រកួត បានវាយតម្លៃជារួមថា ការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០១៩នេះ ទទួលបានជោគជ័យ ហើយពិធីបិទការប្រកួត កាលពីល្ងាចថ្ងៃអង្គារនោះ គឺត្រូវបានធ្វើឡើង ក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធាន សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts