• តើប្រភេទកីឡាណាខ្លះ បានបង្កើតប្រវត្តិសាស្រ្តថ្មី លើឆាកអន្តរជាតិ ក្នុងឆ្នាំ២០១៩?
    កីឡាផ្សេងៗ 10 months ago 46 Views

    សម្រាប់ការបំពេញបេសកកម្ម អស់រយៈពេល១ឆ្នាំពេញ កាលពីឆ្នាំ២០១៩ កន្លងមកនេះ ប្រភេទកីឡាជាច្រើនរបស់កម្ពុជា អាចដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ជូនប្រទេសជាតិ ជាហូរហែ ទាំងកម្រិតពិភពលោក អាស៊ី និងអាស៊ាន ពិសេសការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពូចុងឆ្នាំ២០១៩ ថ្មីៗនេះ។

    យ៉ាងណាក៏ដោយ នៅក្នុងចំណោមប្រភេទកីឡា គឺមានតែប្រភេទកីឡាចំនួន៥ប៉ុណ្ណោះ ដែលអាចបង្កើតបានប្រវត្តិសាស្រ្តថ្មី គឺការដណ្តើមបានមេដាយ នៅលើឆាកអន្តរជាតិ ជូនប្រទេសជាតិ ក្នុងនោះមានតេក្វាន់ដូ (ITF) ល្បុក្កតោ ជឺជិតស៊ូ សូហ្វតិន្នីស និង Kickboxing។

    ក្រុមអត្តពលិកល្បុក្កតោ ដែលត្រូវបានចូលរួមប្រកួតស៊ីហ្គេម ជាលើកដំបូង នៅហ្វីលីពីន កាលពីឆ្នាំ២០១៩នោះ គឺពួកគេបានបង្កើតប្រវត្តិសាស្រ្តថ្មី ដ៏គួរឲ្យភ្ញាក់ផ្អើល ជាមួយការឈ្នះបានមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ១៧ នៅក្នុងការប្រកួតលើប្រភេទកីឡា Arnis របស់ម្ចាស់ផ្ទះហ្វីលីពីន កីឡាករ យ៉ង់ ម៉េងលី ជាអ្នកឈ្នះបានមេដាយមាសឲ្យកម្ពុជា។

    ជាមួយគ្នានេះ វីរកីឡាការិនី ខាន់ ចេសា ដែលធ្លាប់បានឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាអាស៊ី នៅប្រទេសឥណ្ឌូនេស៊ីនោះ បានឈ្នះមេដាយមាស ឲ្យកម្ពុជា នៅក្នុងការប្រកួតកីឡាជឺជិតស៊ូ ហើយការឈ្នះបានមេដាយមាស១នេះ វាបានក្លាយជាកំណត់ត្រាប្រវត្តិសាស្រ្តថ្មីរបស់កីឡាជឺជិតស៊ូ សម្រាប់ការបង្ហាញវត្តមានជាលើកដំបូង ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០១៩នេះ។

    ចំណែកក្រុមតេក្វាន់ដូ ITF កម្ពុជា បានឈ្នះមេដាយមាស ពីការប្រកួតជើងឯកពិភពលោក ជាលើកដំបូង ក្រោយទន្ទឹងរង់ចាំអស់រយៈពេលជាង២៥ឆ្នាំ។ កីឡាករ ប៉ាល់ ជីវ័ន គឺជាអ្នកឈ្នះមេដាយមាស ជាប្រវត្តិសាស្រ្ត ពីការប្រកួត World Taekwon-do ITF Championship នៅប្រទេសប៊ុលហ្គារី កាលពីខែកញ្ញានោះ ហើយក្រុមតេក្វាន់ដូ ITF ក៏ដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ២ ទៀតផងដែរ។ ការឈ្នះមេដាយមាស ពិភពលោក ជាប្រវត្តិសាស្រ្តនេះ ធ្វើឲ្យការវិលវិញរបស់ប្រតិភូតេក្វាន់ដូ ITF ទទួលបានការដង្ហែក្បួន អមដោយម៉ូតូធំចំនួន១២គ្រឿង ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកទីស្នាក់ការក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយមោទនភាព។

    ចំណែកក្រុមកីឡាសូហ្វតិន្នីស និងប្រដាល់ Kickboxing បើទោះបីជាពួកគេ មិនអាចដណ្តើមបានរហូតដល់មេដាយមាស និងប្រាក់ ពីការប្រកួតស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីន ប៉ុន្តែការឈ្នះបានត្រឹមមេដាយសំរឹទ្ធ ក៏បានក្លាយជាប្រវត្តិសាស្រ្តថ្មី ចំពោះប្រភេទកីឡាទាំង២នេះផងដែរ។

    ទាំងក្រុមសូហ្វតិន្នីសកម្ពុជា និងប្រដាល់ Kickboxing សុទ្ធតែត្រូវបានដាក់ឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាលើកដំបូង ក្នុងឆ្នាំ២០១៩ ហើយការបង្ហាញវត្តមានជាលើកទី១នេះ ក្រុមសូហ្វតិន្នីសកម្ពុជា ឈ្នះបានមេដាយសំរឹទ្ធចំនួន២ ហើយ Kickboxing ដែលយកកីឡាគុនខ្មែរ ទៅប្រកួតនោះ បានឈ្នះមេដាយសំរឹទ្ធ៣។

    ដោយឡែកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទោះបីមិនអាចដណ្តើមបានមេដាយ ជូនប្រទេសជាតិ ប៉ុន្តែការប្រជែងបានឱកាស ឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅស៊ីហ្គេម ឆ្នាំ២០១៩ វាបានជួយឲ្យពួកគេ អាចបំបែកកំណត់ត្រាប្រវត្តិសាស្រ្ត បន្ទាប់ពីក្រុមដ៏កម្សត់មួយនេះ បានទន្ទឹងរង់ចាំអស់រយៈពេល៦០ឆ្នាំ៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts