• សម្តីពិតចេញពីបេះដួងរបស់លោក Felix ៖ ខ្ញុំពិតជាមានមោទនភាព ដែលបានធ្វើជាគ្រូបង្វឹកក្រុមកម្ពុជា
    បាល់ទាត់ក្នុងស្រុក 11 months ago 41 Views

    គ្រូបង្វឹកជនជាតិអាហង្សទីន លោក Felix Dalmas បានពោលពាក្យចេញពីបេះដូង ដើម្បីបង្ហាញពីសណ្តានចិត្តពិតប្រាកដរបស់លោក ទៅលើក្រុមជម្រើសជាតិកម្ពុជា ដោយលោកបាននិយាយដោយសម្តីថ្នមៗ ទៅកាន់កីឡាករកម្ពុជាទាំងអស់ថា៖«និយាយដោយស្មោះ ខ្ញុំពិតជាមានមោទភាព ដែលបានធ្វើជាគ្រូបង្វឹករបស់អ្នកទាំងអស់គ្នា»។

    វាចាចេញពីបេះដូងពិតរបស់លោក Felix Dalmas ត្រូវបានលោកស្រដីឡើង នៅចំពោះមុខក្រុមជម្រើសជាតិកម្ពុជា និងក្រុមការងារទាំងអស់ នៅក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ បន្ទាប់ពីក្រុមកម្ពុជា បានជួបនៅរឿងសង្វេគក្នុងចិត្ត ខណៈពួកគេ បានចាញ់ក្រុមមីយ៉ាន់ម៉ា ដោយការទាត់បាល់ប៉េណាល់ទី ៥-៤ បន្ថែមទៅលើការស្មើគ្នា ២-២ ក្នុងការប្រកួតដណ្តើមយកលេខ៣ ឬមេដាយសំរឹទ្ធ ក្នុងស៊ីហ្គេម នៅប្រទេសហ្វីលីពីននោះ។

    លោក Felix បាននិយាយថា៖«និយាយដោយស្មោះ ខ្ញុំពិតជាមានមោទនភាពខ្លាំងមែនទែន ដែលបានធ្វើជាគ្រូបង្វឹករបស់អ្នកទាំងអស់គ្នា ព្រោះតាមរយៈការប្រកួតស៊ីហ្គេមនេះ គេបានដឹងពីរបៀប និងអ្វីដែលយើងចង់លេង ហើយគេបានសួរខ្ញុំថា នៅឆ្នាំក្រោយ តើអ្នកជឿថា កម្ពុជា នឹងអាចប្រកួតប្រជែងជាមួយក្រុមធំ ទាំងនេះបានទៀតអត់? សំនួរនេះវាអាស្រ័យទៅលើពួកយើង បើយើងខំប្រឹងធ្វើការងារខ្លាំង គឺប្រាកដណាស់ថា យើងនឹងធ្វើបានល្អជាងនេះ និងមានការប្រកួតប្រជែងខ្លាំងជាងនេះទៅទៀត»។

    ជាមួយគ្នានេះ លោក Felix Dalmas បានប្រាប់ឲ្យកូនក្រុមទាំងអស់ កុំឲ្យបាក់ទឹកចិត្តទៅនឹងការចាញ់នេះ ប៉ុន្តែត្រូវចងចាំភាពឈឺចាប់នេះ កុំឲ្យភ្លេចឲ្យសោះ និងត្រូវប្រើការឈឺចាប់នោះ ទៅជាកម្លាំងនៃការអភិវឌ្ឍសមត្ថភាពខ្លួន ឲ្យបានកាន់តែប្រសើរ ព្រោះជឿជាក់ថា ក្រុមកម្ពុជា នឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងនេះ នៅថ្ងៃអនាគត។

    លោក Felix បានបញ្ជាក់ថា៖ «យើងមិនសោកស្តាយចំពោះការចាញ់នេះទេ ប៉ុន្តែយើងត្រូវដុតកំហឹងនៃភាពឈឺចាប់របស់យើងនេះ ដើម្បីឲ្យខ្លួនយើងកាន់តែមានការខំប្រឹងប្រែងទៅមុខថែមទៀត។ បើសិនជាយើង អាចផ្លាស់ប្តូរទម្លាប់ និងគំនិតរបស់យើង ដោយប្រកាន់នូវគោលជំហរ ខំប្រឹងធ្វើការឲ្យបានខ្លាំងជាងហ្នឹងទៀត គឺវាប្រសើរជាងការឈ្នះបានមេដាយទៅទៀត ព្រោះយើងនឹងមានឱកាសនាំយកនូវភាពជោគជ័យច្រើនជាងនេះទៅទៀត»។

    សម្រាប់ការបង្ហាញខ្លួន ក្នុងការប្រកួតស៊ីហ្គេម លើកនេះ ក្រុមជម្រើសជាតិកម្ពុជា ដែលឈរនៅពូលA គឺបានស្មើក្រុមម្ចាស់ផ្ទះហ្វីលីពីន ១-១ ឈ្នះក្រុមទីម័រខាងកើត ៥-០ ចាញ់ក្រុមមីយ៉ាន់ម៉ា ២-១ និងឈ្នះក្រុមម៉ាឡេស៊ី ៣-១ ហើយលទ្ធផលនេះបានជួយឲ្យកម្ពុជា បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាប្រវត្តិសាស្រ្ត ក្រោយរង់ចាំអស់រយៈពេល៥៨ឆ្នាំ ប៉ុន្តែកម្ពុជា បានចាញ់ក្រុមវៀតណាម ៤-០ នៅវគ្គ១/២ផ្តាច់ព្រ័ត្រ និងបានចាញ់ក្រុមមីយ៉ាន់ម៉ា ដោយការទាត់បាល់ប៉េណាល់ទី ៥-៤ ក្នុងការប្រកួតដណ្តើមយកមេដាយសំរឹទ្ធ៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts