• កែវ សុខផេង យំបោកខ្លួន ក្រោយធ្វើឲ្យកម្ពុជា ចាញ់ក្រុមមីយ៉ាន់ម៉ា ដោយបាល់ប៉េណាល់ទី
    បាល់ទាត់ក្នុងស្រុក 8 months ago 5 Views

    ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិកម្ពុជា កែវ សុខផេង បានយំបោកខ្លួនទៅនឹងទីលានប្រកួត ខណៈរូបគេ បានបរាជ័យក្នុងការស៊ុតបាល់ប៉េណាល់ទី កាត់សេចក្តី បណ្តាលឲ្យកម្ពុជា ចាញ់ក្រុមមីយ៉ាន់ម៉ា ក្នុងការប្រកួតដណ្តើមយកលេខ៣ ឬមេដាយសំរឹទ្ធ ក្នុងការប្រកួតស៊ីហ្គេម នៅប្រទេសហ្វីលីពីននោះ។

    សម្រាប់ការប្រកួតដ៏គួរឲ្យទាក់ទាញ នៅពហុកីឡដ្ឋាន Riza Memorial កាលពីថ្ងៃអង្គារម្សិលមិញនោះ ខ្សែប្រយុទ្ធរបស់ក្លិបវិសាខា កែវ សុខផេង បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឲ្យខ្សែប្រយុទ្ធវ័យក្មេងរបស់កម្ពុជា សៀង ចន្ធា ជាប់ឈ្មោះជាកីឡាករ ដែលរកបានគ្រាប់បាល់លឿនបំផុត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម តាមរយៈការបញ្ជូនបាល់យ៉ាងល្អ ដើម្បីឲ្យ សៀន ចន្ធា ស៊ុតទម្លុះសំណាញ់ទីក្រុមមីយ៉ាន់ម៉ា នៅត្រឹម២០វិនាទី ក្នុងនាទីទី១។

    បន្ថែមទៅលើនេះ កែវ សុខផេង ក៏ជាអ្នកស៊ុតបាល់ហ្រ្វីឃីកបានសម្រេច នៅនាទីទី៧១ ដើម្បីជួយឲ្យក្រុមកម្ពុជា តាមស្មើក្រុមយ៉ាន់ម៉ា ២-២ ផងដែរ បន្ទាប់ពីកម្ពុជារបូត២គ្រាប់វិញ តាមការតែងបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Aung Kaung Mann នៃក្រុមមីយ៉ាន់ម៉ា នៅនាទីទី៩ និងការស៊ុតហ្រ្វីឃីកបញ្ចូលទីយ៉ាងល្អ របស់កីឡាករ Myat Kaung Khant នៅនាទីទី៣៥នោះ។

    ទោះបីជាយ៉ាងណា នៅក្នុងការទាត់បាល់ប៉េណាល់ទី កាត់សេចក្តីរកក្រុមឈ្នះ នៅក្រោយការស្មើគ្នា ២-២នេះ កែវ សុខផេង ដែលជាអ្នកស៊ុតគ្រាប់បាល់ទី៥ចុងក្រោយនោះ គឺបានស៊ុតទៅប៉ះបង្គោលទី ធ្វើឲ្យក្រុមមីយ៉ាន់ម៉ា បានយកឈ្នះលើកម្ពុជា ៥-៤ ដើម្បីទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០នេះ។

    ជាមួយការធ្វើមិនបានសម្រេចនេះ ធ្វើឲ្យ កែវ សុខផេង បោកខ្លួនទៅលើទីលាន និងយំដូចកូនក្មេង ដើម្បីសម្តែងការសោកស្តាយចំពោះគ្រាប់បាល់បរាជ័យរបស់គេ។ ទាំងសមាជិកក្រុមមីយ៉ាន់ម៉ា និងកម្ពុជា សុទ្ធបាននិយាយលើកទឹកចិត្តដល់ កែវ សុខផេង ហើយលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ជាអ្នកចូលទៅកៀស្មានាំ កែវ សុខផេង ចេញពីទីលាន ជាមួយទឹកភ្នែករហាម។

    ការយំយេករបស់ កែវ សុខផេង បានធ្វើឲ្យអ្នកគាំទ្រស្ម័គ្ររបស់ក្រុមគោព្រៃកម្ពុជា ព្រមទាំងគ្រូបង្វឹកនៅលីកកំពូលកម្ពុជា បាននាំគ្នាបង្ហោះរូបភាព កែវ សុផេង នៅលើផេចហ្វេសប៊ុករបស់ខ្លួន ដើម្បីលើកទឹកចិត្តដល់ខ្សែប្រយុទ្ធរូបនេះ កុំឲ្យបាក់ទឹកចិត្ត និងបន្ទោសខ្លួនឯង ចំពោះការស៊ុតបាល់បញ្ចូល នាំឲ្យកម្ពុជា ចាញ់ក្រុមមីយ៉ាន់ម៉ានេះ។

    បន្ថែមលើនេះ លោក Felix Dalmas បាននិយាយ ក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖« ខ្ញុំដឹងថា ក្រុមកម្ពុជា ពិតជាចង់បំបែកនូវកំណត់ត្រា និងឈ្នះបានមេដាយត្រឡប់ទៅវិញ គ្មានអ្នកណាចង់ចាញ់នោះទេ ហើយខ្ញុំមើលឃើញថា កូនក្រុមរបស់ខ្ញុំ ប្រឹងប្រឹងលេងយ៉ាងខ្លាំង ដោយបានបង្កើតឱកាសផងដែរ គ្រាន់តែយើងធ្វើមិនបានសម្រេច ប៉ុន្តែបាល់ទាត់ វាតែងតែកើតមានរឿងបែបនេះ»។

    គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ បានបន្ថែមថា៖«ក្រៅពីលទ្ធផល គឺក្រោយបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ខ្ញុំឃើញពីការរីកចម្រើនរបស់ក្រុមកម្ពុជា ហើយបើយើងនៅតែរក្សាភាពវិជ្ជមាននេះ គឺមិនយូរមិនឆាប់ យើងនឹងអាចប្រកួតប្រជែង ជាមួយប្រទេសផ្សេងៗ នៅក្នុងតំបន់បាន»៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts