• អត្តពលិកប៉េតង់ជាង ៣០០នាក់ កំពុងប្រកួតប្រជែងគ្នា ដើម្បីរកអ្នកខ្លាំង ប្រចាំពានរង្វាន់សម្តេច ស ខេង
    កីឡាផ្សេងៗ 1 year ago 45 Views

    កីឡាករ កីឡាការិនីជាង៣០០នាក់ មកពីទូទាំងរាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងប្រកួតគ្នា នៅទីលានប៊ូល និងប៉េតង់ នៃពហុកីឡដ្ឋានជាតិ ដើម្បីប្រជែងគ្នា ក្លាយជាម្ចាស់ជយលាភី ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១៩ ប្រចាំឆ្នាំ២០១៩។

    ការប្រកួតកីឡាប៉េតង់ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១៩ ប្រចាំឆ្នាំ២០១៩នេះ បានបើកការប្រកួត កាលពីថ្ងៃចន្ទ នឹងគ្រោងបញ្ចប់ នៅល្ងាចថ្ងៃពុធ ស្អែកនេះ ហើយតាមរបាយការណ៍របស់គណៈកម្មការប្រកួត បានឲ្យដឹងថា ការប្រកួតនេះ មានកីឡាករ កីឡាការិនី និងគ្រូបង្វឹក ចំនួន៣៩៥នាក់ បានចូលរួម ហើយពួកគេលេងតំណាងឲ្យក្លិប-សមាគមចំនួន៤២ មកពីទូទាំងប្រទេសកម្ពុជា។

    អត្តពលិកទាំងនេះ បានប្រកួតប្រជែងគ្នា នៅលើវិញ្ញាសាចំនួន៦ រួមមានការប្រកួត៣នាក់ទល់៣នាក់ ទាំងផ្នែកបុរស នារី យុវជន និងផ្នែកវ័យចាស់ ការប្រកួត២នាក់ទល់២នាក់ផ្នែកយុវនារី និងការប្រកួតពានសមាគម(៣នាក់ទល់៣នាក់) ហើយតាមរយៈការប្រកួតជិត២ថ្ងៃនេះ ពួកគេបានប្រឹងប្រែងប្រកួតគ្នា យ៉ាងស្វិតស្វាញ។

    លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានថ្លែង នៅក្នុងពិធីបើក ការប្រកួត កាលពីថ្ងៃចន្ទនោះថា៖«ខ្ញុំសូមអំពាវនាវដល់កីឡាករ កីឡាការិនី តាមបណ្តាក្លិប-សមាគម ទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ សូមយកចិត្តទុកដាក់ប្រកួតគ្នាឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ គឺត្រូវគោរពបទបញ្ជាបច្ចេកទេស និងវិន័យ ក្រោមស្មារតី និងយោគយល់ ជាមហាគ្រួសារកីឡាប៊ូល និងប៉េតង់កម្ពុជា»។

    ចំណែកលោក សុខ សប្បាយណា ជាអគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានថ្លែង ក្នុងឱកាសនោះដែរថា៖«ការប្រកួតនេះ ជាឱកាស ដែលសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា សម្លឹងមើលកីឡាករ កីឡាករ និងថ្នាល ដែលប្រកបដោយសក្តានុពល និងឆន្ទៈ ដើម្បីចូលរួមក្នុងការប្រមូលផ្តុំហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ នាពេលខាងមុខ»៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts