• អត្តពលិកប៉េតង់ជិត ៤០០នាក់ កំពុងប្រកួតប្រជែងគ្នា រកជើងខ្លាំង ក្នុងពានរង្វាន់សម្តេច សុខ អាន
    កីឡាផ្សេងៗ 1 year ago 168 Views

    កីឡាករ កីឡាការិនី និងប្រតិភូកីឡាសរុបចំនួន៣៦៧នាក់ តំណាងឲ្យក្លិប-សមាគមចំនួន៣៧ នៅទៅទាំងប្រទេសកម្ពុជា បាននឹងកំពុងប្រកួតប្រជែងគ្នា នៅទីលានកីឡាប៉េតង់ពហុកីឡដ្ឋានជាតិ ដើម្បីស្វែងរកជើងខ្លាំង ឬម្ចាស់ជយលាភី នៅក្នុងការប្រកួតកីឡាប៉េតង់ពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន លើកទី៧ ឆ្នាំ២០១៩។

    អត្តពលិក និងប្រតិភូកីឡាទាំង៣៦៧នេះ បានចាប់ផ្តើមប្រកួតប្រជែងគ្នា កាលពីព្រឹកថ្ងៃសុក្រនេះ នឹងគ្រោងបញ្ចប់នៅល្ងាចថ្ងៃអាទិត្យ ខាងមុខនេះ ហើយពួកគេ ត្រូវប្រកួតគ្នា នៅលើវិញ្ញាសា ៣នាក់ ទល់៣នាក់ ទាំងបុរស-នារី ប្រកួត ២នាក់ ទល់ ២នាក់ ផ្នែកនារីអាយុក្រោម ១៨ ឆ្នាំ ប្រកួត ៣នាក់ ទល់ ៣នាក់ ផ្នែកបុរសអាយុក្រោម ១៨ឆ្នាំ ការប្រកួតពានវ័យចាស់ ៣ នាក់ទល់ ៣ នាក់ អាយុ៥៥ ឆ្នាំឡើងទៅ ព្រមទាំងការប្រកួតពានសមាគម សម្រាប់ក្រុមដែលពុំបានជាប់ចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ៨ លើវិញ្ញាសា ៣ នាក់ទល់ ៣ នាក់ផ្នែកបុរស។

    នៅក្នុងពិធីបើកការប្រកួត កាលពីព្រឹកថ្ងៃសុក្រនេះ លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបង្ហាញភាពសប្បាយរីករាយ នៅពេលឃើញការប្រកួតនេះ មានចំនួនអ្នកចូលរួម កាន់តែកើនឡើង។ លោកបានថ្លែងថា៖««យើងគិតថា ចំនួនអ្នកចូលរួមប៉ុណ្ណឹង វាសមរម្យ ដែលយើងអាចទទួលយកបានហើយ ប៉ុន្តែខ្ញុំគិតថា ទៅមុខទៀត នឹងមានការផុសផុលនៅតាមខេត្ត កាន់តែច្រើន»។

    ជាមួយគ្នានេះ លោក ស សុខា ដែលជារដ្ឋាលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្ហើបពីផែនការណ័យុទ្ធសាស្រ្តរបស់សហព័ន្ធ ក្នុងការបណ្តុះបណ្តាលថ្នាក់ថ្នាល នៅតាមខេត្តផងដែរ ហើយលោកបានចាត់ទុកការប្រកួតនេះ ថាជាពេលដែលសហព័ន្ធ ត្រូវជ្រើសរើសអត្តពលិក មានទេពកោសល្យ និងសមត្ថភាព យកទៅបង្វឹកបន្ថែម ដើម្បីត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។

    លោក ស សុខា បានបញ្ជាក់ថា៖«តាមរយៈការប្រជុំផ្ទៃក្នុងរបស់សហព័ន្ធ កាលពីម្សិលមិញ គឺយើងអាចជ្រើសរើសចន្លោះពី ៤ ទៅ ៥ ខេត្តសិន ដើម្បីបង្កើតការបណ្តុះបណ្តាលជាថ្នាល នៅតាមបណ្តាខេត្ត ដោយយើងនឹងប្រគល់ទាំងថវិកា និងសម្ភារមួយចំនួន ធ្វើម៉េចបណ្តុះបណ្តាលឲ្យកីឡាប៊ូល និងប៉េតង់របស់យើង មានភាភរីកចម្រើន គឺយើងត្រូវជ្រើសរើសអ្នកមានសមត្ថភាព និងគុណភាពល្អ ដើម្បីសម្រួចខ្លួនយើងឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ ព្រោះបើយើងមិនសម្រួចពីឥឡូវនេះទេ គឺធានា ១០០ ភាគរយថា យើងនឹងដើរក្រោយគេហើយ»៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts