• ខេត្តស្ទឹងត្រែង ដណ្តើមបានមេដាយច្រើនជាងគេ លើប្រភេទកីឡាតេក្វាន់ដូ ITF
    កីឡាផ្សេងៗ 1 year ago 6 Views

    អត្តពលិកតំណាងឲ្យមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង បានឈ្នះមេដាយមាសច្រើនជាងគេ នៅក្នុងការប្រកួតប្រភេទកីឡាតេក្វាន់ដូអាយធីអែហ្វ បន្ទាប់ពីប្រភេទកីឡាមួយនេះ បានបញ្ចប់ការប្រកួតមុនគេ នៅក្នុងការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ ឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

    តាមរយៈការប្រកួត៣ថ្ងៃ ទៅលើវិញ្ញាសាចំនួន១២ និងមានអត្តពលិកចូលរួមប្រកួតប្រជែងចំនួន៨១នាក់ (ស្រី៤០នាក់) នោះ ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង បានឈ្នះមេដាយមាសចំនួន៤ ប្រាក់៤ និងសំរឹទ្ធ១ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ១ ហើយតាមពីក្រោយដោយក្រុមមន្ទីរអយក ខេត្តកំពង់ស្ពឺ ដែលដណ្តើមបានមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៣។

    ចំណែកក្រុមមន្ទីរអយកខេត្តប៉ៃលិន បានឈរនៅលេខ៣ ដោយឈ្នះបានមេដាយមាស៣ ប្រាក់១ សំរឹទ្ធ១ ឯក្រុមមន្ទីរអយកខេត្តបន្ទាយមានជ័យ ឈរនៅលេខ៤ ដោយឈ្នះបានមេដាយមាស១ ប្រាក់១ សំរឹទ្ធ៣ តាមពីក្រោយដោយក្រុមអត្តពលិកមកពីមន្ទីរអយកខេត្តតាកែវ ដែលឈ្នះបានមេដាយមាស១ និងសំរឹទ្ធ៤។

    ជាមួយគ្នានេះ ក្រុមអត្តពលិករបស់មន្ទីរអយក ខេត្តត្បូងឃ្មុំ បានឈ្នះមេដាយប្រាក់១ សំរឹទ្ធ៤ ច្រើនជាងក្រុមមន្ទីរអយករាជធានីភ្នំពេញ ដែលឈ្នះបានមេដាយប្រាក់១ សំរឹទ្ធ១ និងក្រុមមន្ទីរអយកខេត្តកណ្តាល ដែលឈ្នះបានមេដាយសំរឹទ្ធ៣។

    យោងតាមលទ្ធផលនៃការប្រកួតនេះ បានបង្ហាញឲ្យឃើញថា ក្រុមកីឡាករ កីឡាការិនីតំណាងឲ្យមន្ទីរអយកខេត្ត-រាជធានី ទាំង៨ សុទ្ធតែដណ្តើមបានមេដាយ ពីការប្រកួតកីឡាតេក្វាន់ដូអាយធីអែហ្វ ដូចគ្នា ហើយលទ្ធផលនេះបានធ្វើឲ្យលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយធីអែហ្វ ដែលបានចូលរួមជាអធិបតីភាព ក្នុងពិធីបិទការប្រកួតនេះ បានសម្តែងការសប្បាយរីករាយខ្លាំង។

    លោក កែវ រ៉េមី បានថ្លែងថា៖ «ខ្ញុំសូមជម្រាបជូនថា កីឡារបស់យើង មានការវិវឌ្ឍខ្លាំង ហើយខ្ញុំសូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្រ្តី និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំឲ្យមានកម្មវិធីប្រកួតប្លែកៗ ដូចជាការប្រកួតកីឡាសិស្សថ្នាក់ជាតិ នេះឡើង ព្រោះកីឡាបើយើង មិនយកចិត្តទុកដាក់ថ្នាល ដល់កូនតូចៗ ដែលជាអ្នកបន្តវេនទេ យើងមិនអាចទៅយកជើងឯកនៅលើពិភពលោក ឬប្រកួតនៅខាងក្រៅ ដើម្បីដណ្តើមយកមុខមាត់ជូនជាតិ បាននោះទេ»៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts