• Banner Banner Banner Banner Banner Banner
  • អាជ្ញាកណ្តាលចៅក្រមកម្ពុជា អាចមានវត្តមានកាត់ក្តី ក្នុងការប្រកួតជើងឯកពិភពលោក
    កីឡាផ្សេងៗ 3 years ago 308 Views

    ក្រុមអាជ្ញាកណ្តាល និងចៅក្រមរបស់កម្ពុជា ដែលទើបបានបញ្ចប់វគ្គអាជ្ញាកណ្តាលចៅក្រមកីឡាប៊ូល និងប៉េតង់ កាលពីពេលថ្មីៗនេះ អាចនឹងត្រូវបានដាក់ឲ្យចូលរួមកាត់សេចក្តី នៅក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ជាលើកដំបូង។ នេះបានតាមការបង្ហើបឲ្យដឹងរបស់ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក។

    លោក Claude Azema ដែលជាប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក បានថ្លែងនៅចំពោះមុខក្រុមសិក្ខាកាមជាអាជ្ញាកណ្តាលចៅក្រមរបស់កម្ពុជាថា៖

    «នៅក្នុងចំណោមពួកយើងទាំងអស់គ្នា គឺអាចមានអ្នកខ្លះ ត្រូវបានជ្រើសរើសឲ្យធ្វើជាអាជ្ញាកណ្តាល ក្នុងការត្រួតពិនិត្យទៅលើការប្រកួតវាយយកពិន្ទុ ក្នុងការប្រកួតជើងឯកពិភពលោកខាងមុខនេះ ហើយខ្ញុំក៏អាចនឹងមកមុនការប្រកួត ដើម្បីធ្វើការពន្យល់បន្ថែម ដល់ពួកយើងផងដែរ»។

    ការលើកឡើងរបស់លោក Claude Azema ត្រូវបានធ្វើឡើង នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកីឡាប៊ូល និងប៉េតង់ នៅពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃសៅរ៍ ហើយលោកជាគ្រូឧទ្ទេសដ៏សំខាន់ ដែលបានចែករំលែកបទពិសោធ និងចំណេះដឹងទៅដល់សិក្ខាកាមទាំង៣០នាក់នេះ។

    នៅក្នុងការបណ្តុះបណ្តាលទាំងលើទ្រឹស្តី និងការអនុវត្តិជាក់ស្តែង នៅលើទីលាននេះ លោក Claude Azema បានចាប់អារម្មណ៍ទៅលើការយល់ដឹងរបស់ក្រុមសិក្ខាកាម បើទោះបីជាអ្នកទាំងនេះ ភាគច្រើនជាកីឡាករ កីឡាការិនីនៃក្រុមកីឡាប៉េតង់កម្ពុជា ក៏ដោយ ប៉ុន្តែលោកបានក្រើនរំឭកឲ្យសិក្ខាកាមទាំងនេះ សិក្សារៀនសូត្របន្ថែមទៅលើភាសាអង់គ្លេស និងភាសាបារាំង។

    លោក Claude Azema បានថ្លែងបន្ថែមថា៖

    «ខ្ញុំបានចែករំលែកបទពិសោធដល់សិក្ខាកាមកម្ពុជា ២លើកទាំងលើកនេះហើយ ហើយខ្ញុំសង្កេតឃើញថា សិក្ខាកាមកម្ពុជា មានការរីកចម្រើន ក្នុងចំណេះដឹងជាអាជ្ញាកណ្តាលចៅក្រមនេះ ប៉ុន្តែយើងគួរតែរៀនភាសាអង់គ្លេស និងភាសាបារាំងបន្ថែម ដើម្បីមានចំណេះវិជ្ជា អាចបង្កើនសមត្ថភាពខ្លួនឯងឲ្យទៅជាអាជ្ញាកណ្តាលចៅក្រមកម្រិតអន្តរជាតិ និងកម្រិតពិភពលោក»។

    បន្ថែមទៅលើការបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកីឡាប៊ូល និងប៉េតង់នេះ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក៏បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាប៊ូល និងប៉េតង់ ក្នុងពេលជាមួយគ្នានោះផងដែរ ដោយមានសិក្ខាកាមចូលរួមចំនួន៣២នាក់ ហើយគ្រូឧទ្ទេសក្នុងវគ្គនេះ គឺលោក Victor Nataf នាយកបច្ចេកទេសនៃប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិ៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts