• ខេត្តត្បូងឃ្មុំ និងស្ទឹងត្រែង ឈ្នះមេដាយមាសច្រើនជាងគេ លើប្រភេទកីឡាតេក្វាន់ដូ ITF
    កីឡាផ្សេងៗ 2 years ago 45 Views

    ក្រុមអត្តពលិកកីឡាតេក្វាន់ដូ ITF តំណាងឲ្យខេត្តត្បូងឃ្មុំ និងខេត្តស្ទឹងត្រែង បានឈ្នះមេដាយមាស ច្រើនជាងគេ ពីការប្រកួតកីឡាតេក្វាន់ដូ ITF ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ចំណែកស្ថាប័នកីឡា និងខេត្ត សរុបចំនួន ៧ទៀត ក៏ឈ្នះបានមេដាយមាស លើប្រភេទកីឡាមួយនេះផងដែរ។

    តាមរយៈការប្រកួត ៥ថ្ងៃ ដែលបានបញ្ចប់ និងបំពាក់មេដាយ កាលពីម៉ោង១២ ថ្ងៃអង្គារនេះ អត្តពលិក ដែលប្រកួតតំណាងឲ្យខេត្តត្បូងឃ្មុំ បានឈ្នះមេដាយមាស៤ ប្រាក់២ សំរឹទ្ធ២ ហើយខេត្តស្ទឹងត្រែង ក៏ឈ្នះបានមេដាយមាស៤ដែរ រួមទាំងមេដាយសំរឹទ្ធ២ទៀត។

    ចំណែកខេត្តតាកែវ មន្ទីរអប់រំរាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ចាម និងខេត្តបាត់ដំបង ក៏ឈ្នះបានមេដាយមាសរៀងៗខ្លួនពីការប្រកួតកីឡាតេក្វាន់ដូ ITF នេះផងដែរ គឺមានតែខេត្តកណ្តាល និងខេត្តបន្ទាយមានជ័យ តែប៉ុណ្ណោះ ដែលឈ្នះបានត្រឹមមេដាយប្រាក់ និងសំរឹទ្ធ។

    នៅក្នុងពិធីបិទ និងបំពាក់មេដាយ កាលពីព្រឹកមិញនេះ គឺមានការចូលរួមដោយផ្ទាល់ពីសំណាក់លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាអាយធីអែហ្វកម្ពុជា រួមជាមួយមន្ទីរកីឡាជាច្រើននាក់ទៀត ហើយអ្នកចូលរួមទាំងនោះ មានការពេញចិត្តខ្លាំងទៅលើការប្រកួតផ្តាច់ព្រ័ត្រ កាលពីព្រឹកថ្ងៃអង្គារនេះ ព្រោះអត្តពលិកម្នាក់ៗ បានប្រឹងប្រែងប្រកួតយ៉ាងខ្លាំង និងប្រាកដដោយឆន្ទៈ ប៉ុន្តែកីឡាករ សៀង អេងហុយ ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈរូបគេភ្លាត់ជង្គង់ឆ្វេង ពេលប្រកួតក្នុងទម្ងន់៨០គីឡូក្រាមជាមួយ ង៉ែត រ៉ាវី នោះ។

    លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ក្វាន់ដូអាយធីអែហ្វកម្ពុជា បាននិយាយក្រោយការប្រកួតថា៖ «នេះជាលើកទី១ហើយ ដែលប្រភេទកីឡាតេក្វាន់ដូ ITF បានចូលរួមក្នុងការប្រកួតកីឡាជាតិ ហើយតាមរយៈការប្រកួតនេះ ឃើញថា អត្តពលិករបស់យើង មានកម្រិតបច្ចេកទេសកើនឡើង ដោយពួកគេបានប្រឹងប្រែងប្រកួតគ្នាយ៉ាងខ្លាំង ដែលធ្វើឲ្យការប្រកួតនេះ បានបញ្ចប់យ៉ាងរលូន និងជោគជ័យ»៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts